សម្តេចតេជោ ហ៊ុន សែន ទម្លាយឱ្យដឹងថា សម្តេចធ្លាប់ជួយដល់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន និងអតីតនាយករដ្ឋមន្ត្រី យ៉ីងឡាក់ ដែលជាឪពុកបង្កើត ម្តាយមីងបង្កើត របស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន

នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញនូវការចូលរួមអបអរសាទរជាមួយព្រះតេជគុណឪស៊ុច ដែលត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ទទួលយកមកគង់នៅកម្ពុជា ហើយសម្តេចតេជោ ក៏បានអរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានចិត្តសប្បុរសសម្រាប់លោកឪស៊ុច និងសង្ឃឹមថា នាយករដ្ឋមន្ត្រី និងទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុចផងដែរ ដើម្បីព្រះអង្គបំពេញកាងារក្នុងជាជនជាតិខ្មែរ។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា រឿងលោកឪស៊ុច មិនបង្កការរំខានដល់ទំនាក់ទំនងកម្ពុជា-ថៃ ឬថាជាការលូកដៃចូលកិច្ចផ្ទៃក្នុងរបស់ថៃនោះទេ ព្រោះកម្ពុជាក៏មិនអនុញ្ញាតឲ្យលោកឪស៊ុច កសាងកម្លាំងប្រឆាំងជាមួយថៃនោះដែរ។
ម្យ៉ាងទៀតក្រៅពីរឿងលោកឪស៊ុច សម្តេចតេជោ ហ៊ុន សែន ក៏បានទម្លាយឱ្យដឹងថា សម្តេច ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន និងអតីតនាយករដ្ឋមន្ត្រី យ៉ីងឡាក់ ដែលជាឪពុកបង្កើត ម្តាយមីងបង្កើត របស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា នៅពេលទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្រៅពីកម្មវិធីផ្លូវការ ក៏មានកម្មវិធីគ្រួសារដោយនាយករដ្ឋមន្ត្រីថៃ អ៊ុង អ៊ីន និងស្វាមីបានមកទទួលទានអាហារនៅផ្ទះរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ ហើយមុនពេលចាកចេញ នាយករដ្ឋមន្ត្រីថៃ បានសុំមើលបន្ទប់ដែលឪពុករបស់គាត់ និងម្តាយមីងរបស់គាត់សម្រាក ព្រោះផ្ទះរបស់សម្តេចបានរក្សាបន្ទប់ពីរជូនបងប្អូនទាំងពីរនាក់។ បន្ទប់មួយ សម្តេចដាក់ឈ្មោះថា បន្ទប់ ថាក់ស៊ីន និងបន្ទប់មួយទៀតមានឈ្មោះថា បន្ទប់ យ៉ីងឡាក់។ ស្វាមីនាយករដ្ឋមន្ត្រីថៃ បានថត និងថតជាវីដេអូនៅបន្ទប់ទាំងពីរនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារទាំងពីរ ត្រូវបានបំផ្លាញដោយការបែកធ្លាយនូវការសន្ទនាតាមទូរស័ព្ទដោយមន្ត្រីកម្ពុជាណាមួយដែលមានកំហឹងចំពោះការប្រមាថមកលើរូបសម្តេច និងនាយករដ្ឋមន្ត្រីកម្ពុជា ថាគ្មានវិជ្ជាជីវៈ៕