អត្ថបទវិភាគរបស់លោកស្រី សាស្ត្រាចារ្យបណ្ឌិត Phuangthong Pawakraphan សាស្ត្រាចារ្យទំនាក់ទំនងអន្តរជាតិនៅមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យជូឡាឡុងកន

នៅខែសីហា ឆ្នាំ២០១១ កម្ពុជាបានសម្រេចចិត្តដាក់ញត្តិទៅតុលាការ ICJ ដើម្បីបកស្រាយសាលក្រមឆ្នាំ ១៩៦២ ដើម្បីកំណត់ពីវិសាលភាពនៃ “តំបន់ជុំវិញ” នៃប្រាសាទព្រះវិហារ ដែលថៃត្រូវដកទ័ពចេញ។ កម្ពុជាក៏បាន ស្នើទៅតុលាការយុត្តិធម៌អន្តរជាតិ ឱ្យចេញដីកាបណ្ដោះអាសន្ន សូមឲ្យថៃដកទ័ពចេញពីតំបន់ជម្លោះហើយបញ្ឈប់ រាល់សកម្មភាពដែលរំខានដល់សិទ្ធិរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រាសាទ ព្រះវិហារ ឬធ្វើឲ្យជម្លោះកាន់តែធ្ងន់ធ្ងរ។
រឿងនេះបានក្លាយជាបរាជ័យមួយទៀតសម្រាប់ប្រទេសថៃ នៅពេលដែលតុលាការយុត្តិធម៌អន្តរជាតិបានសម្រេចថា ភ្នំព្រះវិហារទាំងមូលជាតំបន់ជុំវិញប្រាសាទ ដែលថៃត្រូវដកទ័ពចេញ (ពីមុនថៃបានចាត់ទុកផ្នែកខាងលិចនៃច្រាំងថ្មចោទ ឬប្រាសាទជារបស់ខ្លួន)។
រឿងនេះបានបង្រៀនយើងថា អ្នកមិនមែជាមហាអំណាចដែលអាចធ្វើសកម្មភាពតាមអំពើចិត្តទេ បើទោះជាអ្នកចង់ដោះស្រាយបញ្ហាដោយសង្គ្រាមក៏ដោយ ក៏អ្នកមិនអាចដោះស្រាយបញ្ហាបានដែរ ព្រោះពិភពលោកមានច្បាប់អន្តរជាតិសម្រាប់ភាគីដែលប្រឆាំងថៃប្រើប្រាស់។ ជាការពិតណាស់ នៅពេលនេះ កម្ពុជាមិនអាចទាញថៃឱ្យត្រឡប់ទៅតុលាការ ICJ បានទេ ប៉ុន្តែថៃត្រូវតែគិតគូរពីស្ថានភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ… ប៉ុន្មានឆ្នាំចុងក្រោយនេះវិបត្តិនយោបាយនៅក្នុងប្រទេសថៃបានធ្វើឱ្យថៃក្លាយជា «កូនដែលមានបញ្ហា» ក្នុងក្រសែភ្នែករបស់ពិភពលោក ដោយសារតែសំណុំរឿងជនភៀសខ្លួនអ៊ុយហ្គួរ (Uighur) និងការគំរាមកំហែងប្រឆាំងនឹងលោកបណ្ឌិត Paul Chambers ដែលមានឥទ្ធិពលដែលមិនអាចកាត់ថ្លៃបានចំពោះផលប្រយោជន៍របស់ប្រជាជនថៃ។
បើទោះជាថៃចង់ដោះស្រាយបញ្ហាដោយការធ្វើសង្គ្រាមក៏ដោយ ក៏ថៃមិនគួរមានទំនុកចិត្តខ្លាំងពេកថានឹងយកឈ្នះកម្ពុជានោះទេ ព្រោះថាចាប់តាំងពីករណីប្រាសាទព្រះវិហារមក កម្ពុជាបានចាត់ទុកប្រទេសថៃជាសត្រូវធំបំផុតរបស់ខ្លួន ហើយខ្លួនបានបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសចិន។
ករណីប្រាសាទព្រះវិហារ តើថៃខាតបង់ប៉ុន្មាន? ទាំងជីវិតអ្នកភូមិ ទាំងជីវិតទាហាន សេដ្ឋកិច្ចទេសចរណ៍របស់ប្រជាជនខេត្តស៊ីសាកេត។ រហូតមកដល់ពេលនេះ ការបង់ថ្លៃលើសំណុំរឿងផ្សេង ថ្លៃជួលមេធាវីបរទេស… (ដែលគេជឿថាមិនតិចជាង ៣០០លានបាត) ។ល។
ជម្លោះជាមួយប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ បង្ហាញថាមនុស្សជាច្រើន រួមទាំងបញ្ញវន្តថៃផង មិនបានរៀនសូត្រពីអតីតកាលរបស់ខ្លួនទេ។ ពួកគេងាយនឹងលេងភ្លើងជាតិនិយម ព្រោះពេលភ្លើងឆាបឆេះ គឺឆាបឆេះដោយដៃអ្នកដទៃទេ ពួកគេនឹងមិនទទួលខុសត្រូវអ្វីទាំងអស់ ដូចជាអ្នកជាតិនិយម ឆ្នាំ ២០០៨-២០១១ ជាដើម៕