តើរាជរដ្ឋាភិបាលកម្ពុជាដាក់បណ្តឹងទៅ ICJ ដើម្បីបង្កើតសង្រ្គាមឬយ៉ាងណា?
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាដាក់បណ្តឹងទៅតុលការយុត្តិធម៌អន្តរជាតិ( ICJ) មិនមែនដើម្បីបង្កើតសង្រ្គាមនោះទេ គឺចង់ដោះស្រាយបញ្ចប់បញ្ហាជាមួយមិត្តជិតខាងដោយស្មារតីសន្តិភាព សហប្រតិបត្តិការ គោរពគ្នា ឯកភាពគ្នា ផ្អែកទៅលើមូលដ្ឋានផែនទីជំនាន់បារំាងដែលភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពគ្នាកាលពីឆ្នាំ២០០០ ដើម្បីបញ្ចៀសសង្រ្គាម។
ក្នុងឱកាសសម្ពោធ «អគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ព្រមទាំងសមិទ្ធផលនានានៅក្នុងខេត្តរតនគិរី» នៅព្រឹកថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អំឡុងពេលដាក់បណ្តឹងទៅ ICJ យើងក៏ត្រៀមលក្ខណៈការពារទឹកដីរប់សយើងគ្រប់មធ្យោបាយរួមទាំងកងទ័ព ប៉ុន្តែជំហររបស់យើងទោះជាយ៉ាងណាក៏ដោយក៏យើងមិនបោះបង់ការដោះស្រាយបញ្ហាបច្ចេកទេសទេ្វរភាគីនៅតាមកន្លែងដែលមិនពាក់ព័ន្ធនេះបន្តទៅទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីក្តីសង្ឃឹមថា ក្នុងកិច្ចប្រជុំថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ រាជរដ្ឋាភិបាលថៃ និងកម្ពុជានឹងរកចំណុចរួមមួយដើម្បីបន្តដំណើរនៅក្នុងការចរចាបញ្ហាព្រំដែនដែលនៅសេសសល់ច្រើនរយគីឡូម៉ែត្រតទៅទៀត ទោះបី ៤ចំណុចនេះ កម្ពុជាបានយកទៅ ICJ ក៏ដោយ ប៉ុន្តែនៅមានច្រើនចំណុចទៀតដែលយើងត្រូវបន្តខណ្ឌសីមាបោះបង្គោលព្រំដែនតាមរយៈយន្តការទ្វេរភាគីផ្អែកទៅលើ MOU ឆ្នាំ២០០០។
ឆ្លៀតឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមផ្ដល់ជាសម្ភារៈស្បៀងអាហារដល់កងទ័ពនៅជួរមុខ ដើម្បីការពារបូរណភាពទឹកដី នេះជាការលើកទឹកចិត្តមួយយ៉ាងសំខាន់ដល់កងទ័ពរបស់យើង៕