តើកត្តាអ្វីខ្លះ ដែលជំរុញឱ្យរាជរដ្ឋាភិបាលខិតខំធ្វើទំនើបកម្មនៅកំពង់ផែសមុទ្ររាម?
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា កន្លងមកមានក្រុមអគតិមួយចំនួនតូច តែងតែមានការសង្ស័យ និងបានចោទប្រកាន់ជាប្រចាំទៅលើរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍនៅកំពង់ផែសមុទ្ររាម ដោយប្រឌិតព័ត៌មានថា ធ្វើឱ្យបាត់អធិបតេយ្យភាពរបស់កម្ពុជា។ សម្តេចថា ការចោទប្រកាន់នេះ មិនមែនជាការពិតទាល់តែសោះ វាការរារាំងមិនឱ្យមានការអភិវឌ្ឍនៅកំពង់ផែសមុទ្ររាមតែម្តង។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម» នៅខេត្តព្រះសីហនុ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងជំនួបជាមួយបណ្តាថ្នាក់ដឹកនាំអន្តរជាតិដែលជាភាគីមិត្តមួយចំនួន បានលើកឡើងពីបញ្ហាសន្តិសុខតំបន់ និងពិភពលោក ពាក់ព័ន្ធជាមួយកងទ័ព និងកងទ័ព ព្រមទាំងសង្គ្រាមឧក្រិដ្ឋកម្មឆ្លងដែន គឺទាមទារឱ្យកងទ័ពកម្ពុជា ត្រូវតែមានមូលដ្ឋានច្បាស់លាស់ ជាពិសេសមូលដ្ឋានកងទ័ពជើងទឹក ដើម្បីអាចឱ្យនាវា កប៉ាល់ធំៗ ចូលចតបាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កងទ័ពកម្ពុជា ត្រូវតែមានសមត្ថភាពការពារ និងប្រមូលព័ត៌មាននៅដែនសមុទ្រឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីទប់ស្កាត់ការជ្រៀតចូលឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ គ្រឿងញៀន ការជួញដូរអាវុធ ពីព្រោះពួកគេបានប្រើប្រាស់ឧបករណ៍ទំនើបៗពីដែនសមុទ្រអន្តរជាតិ ដូចនេះ កងទ័ពកម្ពុជា គឺត្រូវទាមទារឱ្យមានការពារតាមរយ:ចម្ងាយឆ្ងាយទៅ ដើម្បីការពារដែនសមុទ្រកម្ពុជា និងការពារបូរណភាពទឹកដីផងដែរ៕