មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ត្រូវបានប្រើប្រាស់ចំគោលដៅ និងសម្រេចបានលទ្ធផលយ៉ាងច្រើនគួរឱ្យកត់សម្គាល់
មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ត្រូវបានប្រើប្រាស់ចំគោលដៅ និងសម្រេចបានលទ្ធផលយ៉ាងច្រើនគួរឱ្យកត់សម្គាល់
នៅថ្ងៃទី១ និងទី២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន និងឯកឧត្ដមនាយឧត្ដមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ បានអញ្ជើញដឹកនាំក្រុមការងារមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ អនុប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគីរី និងខេត្តរតនគីរី។
នាឱកាសនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន បានថ្លែង កោតសរសើរចំពោះគ្រប់ការងារទាំងអស់ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពុះពារជម្នះរាល់គ្រប់ឧបសគ្គ-គ្រោះថ្នាក់គ្រប់បែបយ៉ាង ដើម្បីធ្វើការស្ថាបនាផ្លូវមួយខ្សែនេះ រហូតមកដល់ ទទួលបានការសម្រេចលទ្ធផលជាច្រើន។ សមិទ្ធផលនេះ គឺជាមរតកប្រវត្តិសាស្រ្ត មានតម្លៃជាយុទ្ធសាស្ត្រមិនអាចកាត់ថ្លៃបាន ហើយសម្រេចចេញជារូបរាងយ៉ាងល្អរឹងមាំ ក្នុងម្លប់សុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ បានបន្តអនុវត្តនយោបាយកសាងព្រំដែនដែល សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដាក់ចេញ « កសាងខ្សែព្រំដែនជាប់ជាមួយព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងកាអភិវឌ្ឍប្រកបដោយចីរភាព »។
សូមជម្រាបជូនថា ផ្លូវក្រវ៉ាតព្រំដែនកម្ពុជា-វៀតណាម ដែលកំពុងស្ថាបនានេះ បានកសាងឡើងដោយការប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ដែលមានការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ក្រុមការងារបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បានកំពុងមមាញឹកក្នុងការស្ថាបនាសម្រេចបានលទ្ធផលយ៉ាងច្រើនគួរឲ្យកត់សម្គាល់ រួមមាន៖ ការស្ថាបនាផ្លូវក្រាលគ្រួសថ្ម, ការងារបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ, ការឈូសផ្លូវទទឹង ៥ម៉ែត្របើកមុខសម្រាប់រកខ្សែផ្លូវដំបូង, ការឈូសផ្លូវទទឹង ២០ម៉ែត្រសម្រាប់រកអ័ក្សផ្លូវ និងការងារលុបជ្រលង ចិតជញ្ជាំងភ្នំ និងបន្ទាបចំណោទភ្នំ, ការងារសំណង់មុខទឹក រួមនឹងសំណង់សិល្បការ្យមួយចំនួនទៀត ដែលកងកម្លាំងវិស្វកម្ម ទាំង៦កងឯកភាពផងដែរ៕


