ខ្មែរប៉ុស្ដិ៍ Close

កម្មកររបួស និងស្លាប់ ក្នុងការបាក់ស្រុតអគារខុនដូមេគង្គវីយូ៦ នៅជ្រោយចង្វា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 5
កម្មកររបួស និងស្លាប់ ក្នុងការបាក់ស្រុតអគារខុនដូមេគង្គវីយូ៦ នៅជ្រោយចង្វា កម្មកររបួស និងស្លាប់ ក្នុងការបាក់ស្រុតអគារខុនដូមេគង្គវីយូ៦ នៅជ្រោយចង្វា

តួលេខ​ចុងក្រោយ​ ពី​អធិការ​នគរបាល​ខណ្ឌ​ជ្រោយ​ចង្វា​បាន​ឲ្យ​ដឹង​ថា មាន​កម្មករ​សំណង់​ចំនួន ២នាក់ បាន​ស្លាប់ និង៣ផ្សេងទៀត បាន​រង​របួស​ ក្នុង​ហេតុការណ៍​បាក់​ស្រុត​បេតុង​អគារ ខុនដូមេគង្គវីយូ៦ ជាន់​ទី​២៣ ស្ថិតនៅភូមិ២ សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌ​ជ្រោយ​ចង្វា​ រាជធានី​ភ្នំពេញ។

បេតុង (ប្លង់​សេ) ដែល​បាន​បាក់​ធ្លាក់​សង្កត់​លើ​កម្មករ​ មាន​ទំហំ ១២ម៉ែត្រ គុណ​នឹង ២៤ម៉ែត្រ កម្រាស់ ០,១៤ម៉ែត្រ ស្ថិតនៅជាន់ទី២៣ នៃ​អគារ​ខុនដូរ Mekong View Tower 6 ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា​។

លោក​វរសេនីយ៍​ឯក សៀម សុត្ថាវុធ អធិការ​នគរបាល​ខណ្ឌ​ជ្រោយ​ចង្វា​ បាន​ប្រាប់ Sabay តាម​ទូរសព្ទ​ថា មក​ទល់​ពេល​នេះ ក្រុម​ការងារ​ទាំងអស់ បាន​រក​ឃើញ​កម្មករ​ចំនួន​៥នាក់ ដែល២នាក់​បាន​ស្លាប់ និង៣នាក់រងរបួសស្រាល។ ចំណែក​កម្មករ​បាត់ខ្លួន​មិន​មាន​ទេ។

លោក​បាន​បញ្ជាក់​ថា តាម​ការ​ចុះ​ពិនិត្យ គឺ​ពិតជា​មាន​ការ​បាក់​ស្រុត​បេតុង​អគារ​ខាងលើ ដោយសារ​មាន​បញ្ហា​បច្ចេកទេស​។

ព័ត៌មាន​លម្អិត និង​ដំណោះស្រាយ​បញ្ហា​នេះ បច្ចុប្បន្ន លោក​វរសេនីយ៍​ឯក​ បាន​បន្ត​ថា សមត្ថកិច្ច​កំពុង​បង្កើត​គណៈកម្មការ​១ ដែល​មាន​សមាស​សភាព​ចូលរួម​ពី​ខាង​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​រៀបចំ​ដែនដី នគ​រូប​នីយកម្ម និង​សំណង់។

ក្រោយ​ហេតុការណ៍​នេះ​ភ្លាមៗ ក៏​មាន​វត្តមាន​ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ លោក ឃ្លាំង លោក​ ហួត អភិបាល ខណ្ឌ​ជ្រោយចង្វា បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ។

ទាក់ទង​នឹង​រឿង​នេះ Sabay មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​តាម​ទូរសព្ទ ពី​ខាង​មន្ត្រី​ នៃ​អគារ​ខុន​ដូរ​ មេគង្គវីយូ៦​ បានទេ។

សូម​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃទី០១ ខែ​កក្កដា ឆ្នាំ២០១៨ មាន​កម្មករ​សំណង់​២រូប បាន​ស្លាប់ ក្នុង​​ករណី​បាក់​ស្រុត​​អាគារ​ មេគង្គវីយូ៦​ ដែល​កំពុង​ចាក់​បេតុង​ ទី១​ឈ្មោះ បាន លាស់ ភេទ​ប្រុស អាយុ៤៨ឆ្នាំ រស់​នៅ​ខេត្ត​កំពង់ចាម និង​ទី២ ឈ្មោះ នាម ហ៊ីង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅ​ខេត្ត​សៀមរាប។

ប្រភព​ពី​លោក លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា បាន​បញ្ជាក់​ថា កម្មករ​ក្នុង​វិស័យ​សំណង់​ទូទាំង​ប្រទេស​កម្ពុជា​មាន​ចំនួន​ ប្រមាណ២០ម៉ឺននាក់ តួលេខ​នេះ​បើ​គិត​តែ​ក្នុង​នៅ​រា​ជ​ធានី​ភ្នំពេញ មាន​កម្មករ​ចំនួន​ប្រមាណ ៣ ទៅ៤ម៉ឺន​នាក់។

អត្ថបទ៖ សប្បាយ