ទស្សនៈមិត្តអ្នកអាន៖ ការពន្យល់បកស្រាយបានធ្វើហើយ នៅឡើយតែការប្រើវិធានការច្បាប់!
នៅក្នុងរយៈពេលចុងក្រោយនេះ ក្រុមប្រឆាំងជ្រុលនិយមជ្រកក្រោមស្លាកជាអ្នកស្នេហាជាតិ បានប្រកូកប្រកាសកៀរគរមនុស្សឲ្យមកចូលរួមធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល ក្រោមលេសទាមទារឲ្យរាជរដ្ឋាភិបាល ដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម DTA ដោយអះអាងថា ការអភិវឌ្ឍន៍តំបន់ត្រីកោណនេះ នឹងធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីរហូតដល់ទៅ ៤ខេត្តនៅភូមិភាគឦសានរួមមាន៖ ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ទៅឲ្យប្រទេសវៀតណាម ហើយដែលទីបំផុតទៅការធ្វើបាតុកម្មតវ៉ានេះនឹងក្លាយជាកុបកម្ម ឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត ដោយពួកគេចង់យកគំរូតាមប្រទេសបង់ក្លាដែស។ ជាការពិត កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម DTA មិនមែនជាការកាត់ទឹកដីខ្មែរទៅឲ្យប្រទេសណាមួយឡើយ ហើយក៏មិនមែនជាការយកខេត្តចំនួន៤ របស់កម្ពុជា ទៅដាក់បញ្ចូលគ្នាជាមួយវៀតណាម និងឡាវ ឬក៏ទៅបង្កើតទៅជាសហគមន៍ថ្មីនោះក៏មិនមែនដែរ តែកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ DTA នេះ គឺជាការរួមចំណែកមួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយបើឈរលើមូលដ្ឋានច្បាប់ គឺពុំអាចទៅរួចឡើយដែលថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នេះធ្វើឲ្យបាត់បង់ទឹកដីខ្មែរ។
កម្ពុជា ក៏ដូចជាប្រទេសភូមិផងរបងជាមួយគ្នារួមមាន ឡាវ វៀតណាម និងថៃ បានឯកភាពគ្នាកំណត់ព្រំដែនខណ្ឌសីមាស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិរួចរាល់ហើយ សម្រាប់កម្ពុជារដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ក៏បានចែងយ៉ាងច្បាស់លាស់ហើយអំពីបញ្ហាទឹកដីរបស់កម្ពុជា ថែមទាំងបានតម្កល់ទុកជាឯកសារផែនទី នៅអង្គការសហប្រជាជាតិស្របតាមច្បាប់ និងវិធានអន្តរជាតិថែមទៀតផង។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺកងទ័ពកម្ពុជាបានឈរជើងការពារព្រំដែនទឹក-ដីយ៉ាងរឹងមាំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ដូចគ្នានេះទឹកដីកម្ពុជា៤ខេត្ត ដែលស្ថិតក្នុងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ គឺស្ថិតក្នុងដែនអធិបតេយ្យភាពជាតិកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញដែលចែងថា ផ្ទៃដីកម្ពុជាមានទំហំ ១៨១ ០៣៥ គីឡូម៉ែត្រក្រឡា ពោលគឺមិនមែនស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសណាមួយឡើយ។
ថ្នាក់ដឹកនាំប្រទេស រួមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើការពន្យល់បកស្រាយលម្អិតរួចហើយអំពីថា តើអ្វីទៅជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ DTA? តើកម្ពុជាបានចំណេញអ្វីខ្លះពីកិច្ចព្រមព្រៀងនេះ? តើខេត្តទាំង៤ ស្ថិតក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណនេះទទួលបានសមិទ្ធផលអ្វីខ្លះ? និងតើប្រជាជនស្ថិតក្នុងខេត្តទាំង៤ ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
ទោះមានការពន្យល់បកស្រាយច្រើនលើកច្រើនសារ និងពិស្តារយ៉ាងនេះក្តី ក៏ក្រុមប្រឆាំងជ្រុលនិយមនៅតែចិញ្ចឹមចិត្តបំផ្លាញកម្ពុជា ធ្វើមិនដឹងមិនលឺ និងធ្វើជាមិនយល់អ្វីទាំងអស់ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអភិវឌ្ឍន៍ប្រទេសជាតិ។ មិនត្រឹមតែប៉ុណ្ណេះ ពួកគេថែមទាំងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ប្រឌិតជាច្រើនជុំវិញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម DTA ថា បានធ្វើឲ្យប្រទេសកម្ពុជាបាត់ខេត្ត៤ នៅភូមិភាគឦសាន ឬថារាជរដ្ឋាភិបាលកម្ពុជាប្រគល់ខេត្តទាំង៤ ទៅឲ្យវៀតណាមជាដើម ដើម្បីញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ ញុះញង់ឲ្យប្រជាពលរដ្ឋមានការខឹងស្អប់មកលើរាជរដ្ឋាភិបាល ហើយឈានទៅធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈកម្លាំងមហាជន។
គេនៅចាំបានថា ក្រោយការបោះឆ្នោតឆ្នាំ២០១៣ អតីតមេដឹកនាំគណបក្សប្រឆាំង បានប្រកូកប្រកាសឲ្យប្រជាពលរដ្ឋប្រមូលផ្តុំធ្វើបាតុកម្មតវ៉ា ទាមទារឲ្យមានការបោះឆ្នោតឡើងវិញក្រោយបក្សប្រឆាំងចាញ់ឆ្នោត។ ការធ្វើបាតុកម្មនាគ្រានោះមានរយៈពេលរាប់ខែ ហើយវាបានក្លាយជាទៅកុបកម្មហិង្សាវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋនិងឯកជន បណ្តាលឲ្យបាត់បង់អាយុជីវិតមនុស្ស និងបានធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងវិបត្តិសន្តិសុខ អស្ថិរភាពសង្គម។ ការធ្វើកុបកម្មបានអូសបន្លាយពីមួយថ្ងៃទៅមួយថ្ងៃគ្មានហេតុផលច្បាស់លាស់ ម្តងទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ម្តងទាមទារឲ្យបោះឆ្នោតឡើងវិញ និងរហូតទាមទារឲ្យប្រមុខដឹកនាំរាជរដ្ឋាភិបាលចុះចេញពីតំណែងជាដើម បានក្លាយជាការធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលចាំបាច់ត្រូវចាត់វិធានការណ៍ច្បាប់ដ៏ម៉ឹងម៉ាត់បំផុតបំបែកការប្រមូលផ្តុំ និងឈានទៅឃាត់ខ្លួនមេក្លោងដឹកនាំធ្វើកុបកម្មថែមទៀតផង។
ដូចគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា នឹងមិនបណ្តែតបណ្តោយឲ្យក្រុមប្រឆាំងជ្រុលនិយមបំផ្លាញប្រទេសកម្ពុជា បំផ្លាញសេចក្តីសុខរបស់ប្រជាជនទាំង ១៧លាននាក់បានជាដាច់ខាត។ រាជរដ្ឋាភិបាលនឹងចាត់វិធានការដ៏ម៉ឺតម៉ាត់បំផុតដើម្បីរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ប្រសិនបើក្រុមប្រឆាំងជ្រុលនិយមដើរហួសបន្ទាត់ក្រហម។ ទាំងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មិនស្វាគមន៍ឡើយក្រុមប្រឆាំងជ្រុលនិយម ព្រោះឆ្អែតឆ្អន់ហើយនឹងភាពចលាចលវឹកវរក្នុងសង្គម និងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ តាំងពីក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ឆ្នាំ១៩៧០-១៩៧៥ និងអំពើប្រល័យពូជសាសន៍ក្នុងរបបខ្មែរក្រហមឆ្នាំ១៩៧៥-១៩៧៩ ទម្រាំប្រទេសត្រូវបានរំដោះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ដូច្នេះការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីឆន្ទៈប្រជាពលរដ្ឋទូទាំងប្រទេស គឺជាអំពើក្បត់ជាតិ ដែលត្រូវតែចាត់វិធានការច្បាប់ដ៏ម៉ឺងម៉ាត់បំផុតមិនអាចអត់ឱនឲ្យបានជាដាច់ខាត។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌ ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្តើមអំណាចតាមមធ្យោបាយក្រៅពីការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា គឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលត្រូវផ្តន្ទាទោសក្រោម “បទល្មើសឧបឃាត” តាមបញ្ញត្តិមាត្រា ៤៥១ និងមាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌដោយដាក់ពន្ធនាគារលើទី ១៥ឆ្នាំ-៣០ឆ្នាំ ហើយប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈទោសសម្រាប់ ”បទល្មើសឧប ឃាត” នេះត្រូវដាក់ពន្ធនាគារអស់មួយជីវិត។ ចំពោះបុគ្គលទាំងឡាយណាដែលចូលរួមនៅក្នុងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវជាប់ទោសពី “បទល្មើសរួមគំនិតក្បត់” ដែលជាបទឧក្រិដ្ឋមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌដោយដាក់ពន្ធនាគារពី ៥-១០ឆ្នាំ ហើយទោសនេះ ត្រូវបន្ថែមស្ថានទម្ងន់ទោសដាក់ពន្ធនាគារពី ១០-២០ឆ្នាំ ប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈ៕
ដោយ៖ សុខ សុវណ្ណ