ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ តើក្រុមជ្រុលនិយមជាអ្នកស្នេហាជាតិ ឬជាអ្នកបំផ្លាញជាតិ?

ដោយ៖ Sreyleak ​​ | ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 406
ទស្សនៈមិត្តអ្នកអាន៖ តើក្រុមជ្រុលនិយមជាអ្នកស្នេហាជាតិ ឬជាអ្នកបំផ្លាញជាតិ? ទស្សនៈមិត្តអ្នកអាន៖ តើក្រុមជ្រុលនិយមជាអ្នកស្នេហាជាតិ ឬជាអ្នកបំផ្លាញជាតិ?

ក្រោយបរាជ័យយ៉ាងអាម៉ាស់ក្នុងការបំផុសឲ្យមហាជន ធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ តាមរយៈការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាច្រើនស្តីពីរឿង CLV-DTA និងពីតំបន់ព្រំដែនកម្ពុជា-វៀតណាម នៅពេលនេះ ក្រុមប្រឆាំងជ្រុលនិយម បានបំផុស និងញុះញង់ មហាជនពីតំបន់ព្រំដែនកម្ពុជា-ថៃ វិញម្តង ក្នុងការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌សារជាថ្មីនៅកម្ពុជា។ ជារៀងរាល់ថ្ងៃនៅក្នុងបណ្តាញសង្គមរបស់ក្រុមប្រឆាំងជ្រុលនិយមរត់ចោលគុក និងប្រព័ន្ធផ្សព្វផ្សាយប្រឆាំងមានមូលដ្ឋាននៅក្រៅប្រទេស តែងរុកគួន ឆ្កឹះឆ្កៀល ញុះញង់ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាច្រើនពីតំបន់ដែនទឹកត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ដោយពួកគេបានចោទទាំងបំពានថា រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់កោះគុត ទៅឲ្យប្រទេសថៃ ដើម្បីបំផុសកំហឹងមហាជនឲ្យខឹងស្អប់រាជរដ្ឋាភិបាល បើទោះជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានធ្វើការពន្យល់បកស្រាយច្បាស់លាស់ពីតំបន់ត្រួតស៊ីគ្នា(OCA) នៅដែនសមុទ្រជាប់ព្រំដែនកម្ពុជា-ថៃ ហើយក្តី ពោលគឺតំបន់ត្រួតស៊ីគ្នា(OCA) កំពុងស្ថិតក្នុងការចរចានៅឡើយ មិនទាន់បានដោះស្រាយឲ្យបានជាក់លាក់នោះទេ។

តំបន់ត្រួតស៊ីគ្នា(OCA) នៅដែនសមុទ្រជាប់ព្រំដែនកម្ពុជា-ថៃ មានទំហំ ២៦,០០០គីឡូម៉ែត្រការ៉េ ដែលប៉ាន់ប្រមាណអាចស្តុកទុកប្រេង និងឧស្ម័នរហូតដល់ ៥០០លានបារ៉ែល នៅក្រោមបាតសមុទ្រ និងដោយត្រូវការពេលយ៉ាងហោចណាស់ ៨ឆ្នាំ ក្នុងការទាញយកធនធានធម្មជាតិចេញពីឈូងសមុទ្រ។ សិទ្ធិអភិវឌ្ឍន៍លើតំបន់ទាមទារត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ ជាចំណុចនៃជម្លោះរវាងថៃ-កម្ពុជា បានទាមទារតាំងពីដើមទសវត្សរ៍ ១៩៧០មក។ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ កិច្ចចរចាអភិវឌ្ឍប្រេង និងឧស្ម័ននៅតំបន់នោះ តាំងពីខែមិថុនា ឆ្នាំ២០០១ ក៏ប៉ុន្តែត្រូវបានផ្អាកនៅក្នុងអន្តរកាលប្តូរនាយករដ្ឋមន្ត្រីថៃកាលពីឆ្នាំ២០០៩។ ដោយសារតំបន់ត្រួតស៊ីគ្នា(OCA) សម្បូរទៅដោយធនធានរ៉ែធម្មជាតិ ដូចជាប្រេង និងឧស្ម័ន បែបនេះហើយទើបរដ្ឋាភិបាលកម្ពុជាត្រូវធ្វើការចរចាទ្វេភាគីជាមួយប្រទេសថៃ ដើម្បីយកធនធានទាំងអស់នោះមកប្រើប្រាស់ឲ្យមានប្រយោជន៍សម្រាប់ជាតិ និងប្រជាជនប្រទេសទាំងពីរ។ នេះគឺជាគិតគូរទាញផលរួមនៅតំបន់ត្រួតស៊ីគ្នា នៃឧស្ម័ន និងប្រេងរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រយោជន៍សេដ្ឋកិច្ចជាតិ ដែលនឹងធ្វើឲ្យកម្ពុជា មានភាពម្ចាស់ការលើវិស័យថាមពលដោយខ្លួនឯង។ រឿងសន្តិសុខថាមពល គឺជាយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា និងថៃដូចគ្នា។ តំបន់ត្រួតស៊ីគ្នា(OCA) សម្បូរទៅដោយធនធានរ៉ែធម្មជាតិ ដែលរដ្ឋាភិបាលកម្ពុជា-ថៃ ខិតខំចរចាស្វែងរកប្រយោជន៍រួម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេស និងប្រជាជនប្រទេសទាំងពីរ ហេតុអ្វីក្រុមប្រឆាំងជ្រុលនិយមព្យាយាមដុតកម្ទេចប្រយោជន៍នេះទៅវិញ តើក្រុមប្រឆាំងមានដឹងពីរឿងប្រយោជន៍ទាំងអស់នេះឬទេ? ឬតាំងខ្លួនជាអ្នកស្នេហាជាតិ តាមពិតមានចេតនាបំផ្លាញជាតិ បំផ្លាញប្រយោជន៍ប្រជាជនកម្ពុជា? ជាការពិតក្រុមប្រឆាំងមិនដែលសាទរជាមួយនឹងសមិទ្ធផលជាតិធំៗសំខាន់ៗ ដែលរាជរដ្ឋាភិបាលខិតខំកសាង និងអភិវឌ្ឍន៍រាប់មិនអស់នោះឡើយ ពួកគេតែងចេញមុខប្រឆាំងជានិច្ចក្រោមលេសនេះលេសនោះ ទាំងមិនទំនងនិងមិនឆ្លុះបញ្ចាំងពីការពិត សូម្បីតែព្រែកជីហ្វូណនតេជោ ជាសមិទ្ធផលប្រវត្តិសាស្ត្រ ដែលប្រជាជនខ្មែរគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេសសារទរនិងគាំទ្រ ក៏ក្រុមឧទ្ទាមជ្រុលនិយមប្រឆាំងដែរ។

បច្ចុប្បន្ននេះក្រុមប្រឆាំងជ្រុលនិយម ដឹកនាំដោយជនក្បត់ជាតិ៣ជំនាន់ កំពុងតែព្យាយាមរុញសភាពការណ៍តំបន់ត្រួតស៊ីគ្នា(OCA)កម្ពុជា-ថៃ ឲ្យក្តៅ បង្កឲ្យមានចលនាជាតិនិយម ដែលអាចឈានទៅមានជម្លោះរវាងកម្ពុជានិងថៃ ដូចពីអតីតកាល ដែលកម្ពុជាធ្លាប់បានសងការខូចខាតជាច្រើនលានដុល្លារទៅប្រទេសថៃ អំឡុងឆ្នាំ២០០៣ ពេលដែលប្រជាជនកម្ពុជាធ្វើបាតុកម្មប្រឆាំងថៃ ដោយដុតស្ថានទូតថៃ និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជនរបស់ក្រុមហ៊ុនថៃដែលកំពុងរកស៊ីនៅកម្ពុជា ដោយសារតែពាក្យចចាមអារាមរឿងតារាស្រីថៃម្នាក់។ ប្រជាពលរដ្ឋខ្មែរ ពិតជាមិនអាចទទួលយកបាននូវទង្វើក្បត់ជាតិរបស់ក្រុមប្រឆាំងជ្រុលនិយមរត់ចោលគុកដឹ កនាំដោយជនក្បត់ជាតិ ៣ជំនាន់ ឡើយ ដែលធ្វើសកម្មភាពនយោបាយដើម្បីតែបម្រើបរទេស សុខចិត្តបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ វាជារឿងអកុលណាស់សម្រាប់ប្រទេសកម្ពុជា ដែលមានអ្នកនយោបាយបំផ្លាញប្រយោជន៍ជាតិ ពីព្រោះវាធ្វើឲ្យខ្មែរយើងខាតបង់ពេលវេលាយ៉ាងច្រើន ដោយសារតែការបង្កព្យុះភ្លៀងរបស់អ្នកនយោបាយដែលជាឆ្កែបម្រើបរទេស។ ដូច្នេះ ដើម្បីមានពេលកសាងជាតិ កសាងសេដ្ឋកិច្ច និងបង្កើនជីវភាពគ្រួសារឲ្យបានរុងរឿង ដល់ពេលហើយដែលខ្មែរត្រូវនាំគ្នាកម្ចាត់ក្រុមជនចង្រៃទាំងនេះ កុំឲ្យមានឱកាសធ្វើព្យុះភ្លៀងតទៅទៀត។ យើងជាពលរដ្ឋខ្មែរត្រូវឈរយ៉ាងរឹងមាំជាមួយរដ្ឋាភិបាល ដើម្បីថែរក្សាកាពារសុខសន្តិភាព និងភាពថ្គុំថ្កើងរុងរឿងរបស់ជាតិនិងប្រជាជនយើងតរៀងទៅ៕

ដោយ៖ សុខ សុវណ្ណ