ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្ដពោធិ៍សាត់ ច្រានចោលការចោទប្រកាន់របស់គណនីហ្វេសបុកផេក ផែនដីថ្មី PDT-news ដែលបានផ្សាយមួលបង្កាច់កេងយកចំណេញប្រយោជន៍អ្វីមួយក្នុងវិជ្ជាជីវៈរបស់ខ្លួន

ដោយ៖សុវណ្ណ បុត្រា | ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 355

រដ្ឋបាលខេត្ដពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីបំភ្លឺព័ត៌មាន ច្រានចោលការចោទប្រកាន់របស់គណនីហ្វេសប៊ុកផេក ផែនដីថ្មី PDT-news ដែលចុះផ្សាយមានលក្ខណៈញុះញង់ បំបែកបំបាក់ផ្ទៃក្នុងអង្គភាព ផ្សាយបំភ្លើសពីការពិត មួលបង្កាច់ និងធ្វើការវាយតម្លៃថ្នាក់ដឹកនាំដោយគ្មានមូលដ្ឋានត្រឹមត្រូវ ដើម្បីកេងយកចំណេញប្រយោជន៍អ្វីមួយក្នុងវិជ្ជាជីវៈរបស់ខ្លួនប្រាសចាកពីក្រមសីលធម៌ជាអ្នកសារព័ត៌មាន។

យោងតាមសេចក្ដីបំភ្លឺព័ត៌មាន រដ្ឋបាលខេត្ដពោធិ៍សាត់ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ មានការចុះផ្សព្វ ផ្សាយតាមបណ្តាញព័ត៌មានសង្គមរបស់គណនីហ្វេសប៊ុកផេក ផែនដីថ្មី PDT-news ដែលមានខ្លឹមសារថា បែកធ្លាយរឿងប្រធានឧទ្យានជាតិភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងឈ្មួញឈើតាហយ បំផ្លាញព្រៃឈើដ៏ធំធេង រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងពាក់ព័ន្ធ ចាត់វិធានការផង។

ពាក់ព័ន្ធនឹងការផ្សាយមិនពិតនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនថា៖

១. កាលពីប៉ុន្មានថ្ងៃមុននេះ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមការដឹកនាំ ណែនាំរបស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក្នុងឋានៈជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត និងដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះពិនិត្យ ឆែកឆេរទីតាំង៣ កន្លែងនៅឃុំឈើតុ ស្រុកក្រគរ ដោយរកឃើញឈើចម្រុះប្រភេទ និងមធ្យោបាយ ប្រព្រឹត្តបទល្មើសមួយចំនួន នៅទីតាំងរបស់ឈ្មោះ កោះ សំភី (ហៅតាហយ) ដែលបានរត់គេចខ្លួនបាត់ ហើយបច្ចុប្បន្ន ជំនាញមានសមត្ថកិច្ចកំពុងបន្តនីតិវិធីយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីស្វែងរក ចាប់ខ្លួនឈ្មោះ កោះ សំភី (ហៅតាហយ) និងបក្សពួក ព្រមទាំងអ្នកពាក់ព័ន្ធឱ្យខាងតែបាន។

២. តាមការស្រាវជ្រាវ ស៊ើបអង្កេតរបស់ស្ថាប័នជំនាញ លោក រី ភារម្យ ប្រធានការិយាល័យឧទ្យានជាតិ និងជានាយកឧទ្យានជាតិជួរភ្នំក្រវាញ ពុំមានឈ្មោះជាប់ពាក់ព័ន្ធដូចការចុះផ្សាយនោះឡើយ។

៣. មកទល់ពេលនេះ លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្ត បាននិងកំពុងបំពេញតួនាទី ភារកិច្ច របស់ខ្លួនយ៉ាងសកម្ម ពុំមានការដកតួនាទី ភារកិច្ចពីប្រធានមន្ទីរដើម្បីដាក់លោក រឺ ភារម្យ ជាបេក្ខភាព ជំនួសដូចការចោទប្រកានរបស់គណនីហ្វេសបុកផេក ផែនដីថ្មី PDT-news ចុះផ្សាយឡើយ។

៤. តាំងពីការចូលកាន់តំណែងជាអភិបាលខេត្ត ឯកឧត្តម ខូយ រីដា បានចាត់ទុកការបម្រើប្រជាពលរដ្ឋ និងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសជាកិច្ចការអាទិភាពបំផុត និងបានចាត់វិធានការផ្លូវច្បាប់ចំពោះ ជនល្មើសជាបន្តបន្ទាប់។

រដ្ឋបាលខេត្តពោធិ៍សាត់ បានធ្វើការបដិសេធចំពោះការចុះផ្សាយរបស់គណនី ហ្វេសបុកផេក ផែនដីថ្មី PDT-news ដែលជាការចុះផ្សាយមានលក្ខណៈញុះញង់ បំបែកបំបាក់ផ្ទៃក្នុងអង្គភាព ផ្សាយ បំភ្លើសពីការពិត មូលបង្កាច់ និងធ្វើការវាយតម្លៃថ្នាក់ដឹកនាំដោយគ្មានមូលដ្ឋានត្រឹមត្រូវ ដើម្បីកេងយកចំណេញ ប្រយោជន៍អ្វីមួយក្នុងវិជ្ជាជីវៈរបស់ខ្លួនប្រាស់ចាកពីក្រមសីលធម៌ជាអ្នកសារព័ត៌មាន។

ទន្ទឹមនឹងនោះ រដ្ឋបាលខេត្ត ក៏បានស្នើឱ្យគណនីហ្វេសប៊ុកផេក ផែនដីថ្មី PDT-news ធ្វើការកែតម្រូវអំពីការចុះផ្សាយបំភ្លើស ការពិតរបស់ខ្លួនឡើងវិញជាបន្ទាន់៕

អត្ថបទទាក់ទង