ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រកាសស្វាគមន៍ក្រុមហ៊ុន និងវិនិយោគិនកូរ៉េទាំងអស់ ចំពោះគម្រោងវិនិយោគលើការទាញយកថាមពលអគ្គិសនីតាមរយៈការកែច្នៃសំរាម

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 66

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING និងក្រុមហ៊ុន Defytime ដឹកនាំដោយលោកបណ្ឌិត កុល ផេង។

ក្នុងជំនួបពិភាក្សានាឱកាសនេះ ក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING បានធ្វើបទបង្ហាញ ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីព័ត៌មានបឋមនៃគម្រោងស្នើសុំវិនិយោគ របស់ក្រុមហ៊ុនលើការផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាម ព្រមទាំងបានស្នើសុំគោលការណ៍ណែនាំបន្ថែមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចំពោះគម្រោងវិនិយោគរបស់ខ្លួន។

តាមរយៈបទបង្ហាញក្នុងអង្គប្រជុំនេះ ក្រុមហ៊ុនបានបង្ហាញថា បច្ចេកវិទ្យាដែលខ្លួននឹងប្រើប្រាស់ក្នុងមួយថ្ងៃ អាចបង្កើតថាមពលអគ្គិសនី យ៉ាងតិចបំផុត២៤គីឡូវ៉ាត់ ដោយការដុតសំរាមប្រមាណ ១០០តោន។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញការស្វាគមន៍ ជូនដល់ក្រុមហ៊ុន និងវិនិយោគិនទាំងអស់ ចំពោះគម្រោងវិនិយោគ លើការទាញយកថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនេះ និងស្នើសុំឱ្យក្រុមហ៊ុនផ្ញើជូនព័ត៌មានលម្អិតទាំងស្រុង នៃគម្រោងមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចឱ្យស្ថាប័នរដ្ឋាភិបាល សម្របសម្រួលអនុវត្តនីតិវិធីបន្ត៕

អត្ថបទទាក់ទង