ខ្មែរប៉ុស្ដិ៍ Close

ទូររថភ្លើងប្រភេទ KiHa ១៨៣ ដែលទើបបានទិញពីប្រទេសជប៉ុន គ្រោងដាក់ឱ្យដំណើរការនាពេលឆាប់ៗនេះ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 82

ទូររថភ្លើងប្រភេទ KiHa ១៨៣ ដែលក្រុមហ៊ុន Royal Railway Cambodia បាននាំចូលពីប្រទេសជប៉ុន នឹងដាក់ឱ្យដំណើរការរត់សាកល្បងនៅអំឡុងខែមិថុនា នាពេលខាងមុខ នេះបើយោងតាមការអះអាងរបស់ក្រុមការងាររបស់ក្រុមហ៊ុន Royal Railway Cambodia ។

ស្របពេលដែលគម្រោងនឹងដាក់ឱ្យដំណើរការ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងធ្វើបច្ចុប្បន្នភាពលើកកម្រិតគុណភាពដែលពាក់ព័ន្ធនឹងរបាំងរបស់ផ្លូវរថភ្លើងពីភ្នំពេញ-ព្រះសីហនុ និងពីភ្នំពេញ-ប៉ោយប៉ែត។

ក្រុមការងាររបស់ក្រុមហ៊ុន Royal Railway Cambodia បានបញ្ជាក់ថា បច្ចុប្បន្នទូររថភ្លើងប្រភេទ KiHa ១៨៣ កំពុងត្រូវបានកែសម្រួលផ្នែកកង់ និងប្រព័ន្ធហ្រ្វាំង និងលើកកម្ពស់សោភណភាព ដើម្បីឱ្យស្របជាមួយស្ថានភាពផ្លូវដែករបស់កម្ពុជា។ ការកែសម្រួលនេះ ក៏ដោយសារតែកង់រថភ្លើង ដែលទើបនាំចូលនេះ ពុំស្របជាមួយស្ថានភាពផ្លូវដែករបស់កម្ពុជា។ សម្រាប់គម្រោងដាក់ឱ្យដំណើរការសាកសល្បងទូររថភ្លើងនេះ ត្រូវបានក្រុមការងាររបស់ក្រុមហ៊ុននេះអះអាងថា ប្រសិនបើមិនមានការប្រែប្រួលទេអាចនឹងចាប់ផ្ដើមនៅអំឡុងខែមិថុនា នាពេលខាងមុខ។

ជុំវិញស្ថានភាពផ្លូវដែកនៅកម្ពុជាវិញត្រូវបានឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន គូសបញ្ជាក់ឱ្យដឹងថា ក្រុមការងារបច្ចេកទេស កំពុងចុះធ្វើបច្ចុប្បន្នភាពជាក់ស្តែងលើការលើកកម្រិតគុណភាពផ្លូវរថភ្លើងភាគខាងត្បូង(ភ្នំពេញ-ព្រះសីហនុ) និងភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ពាក់ព័ន្ធនឹងរបាសុវត្ថិភាពសម្រាប់អ្នកដំណើរឆ្លងកាត់ និងគុណភាពផ្លូវរត់។

សូមបញ្ជាក់ថា ក្រុមហ៊ុន Royal Railway Cambodia បាននាំចូលទូររថភ្លើង KiHa ១៨៣ ដែលអាចរត់ក្នុងល្បឿនប្រមាណ១១០គីឡូម៉េត្រក្នុង១ម៉ោង ពីប្រទេសជប៉ុនចំនួន១១គ្រឿង និងបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ តាមរយៈវត្តមានទូររថភ្លើងថ្មីនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនអះអាងថា វានឹងធ្វើឱ្យការដឹកជញ្ជូនទំនិញចេញចូលកម្ពុជាមានសន្ទុះកាន់តែខ្លាំង ដោយសារការដឹកជញ្ជូនតាមរថភ្លើងមានតម្លៃសមរម្យ កាត់បន្ថយថ្លៃដើម ហើយអាចដឹកទំនិញបានច្រើន៕

អត្ថបទទាក់ទង