ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត បច្ចេកវិទ្យាឌីជីថលជាកត្តាលីករគន្លឹះមួយជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 62

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដោយស្របតាមនិន្នាការតំបន់និងសកលលោក រាជរដ្ឋាភិបាលបានកំណត់យកបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ជាកត្តាលីករគន្លឹះមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

សម្តេចធិបតី បានថ្លែងបន្តថា ជាក់ស្ដែង រាជរដ្ឋាភិបាលបានដាក់ចេញនូវ «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥» និង «គោលនយោបាយឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥» ជាមួយនឹងចក្ខុវិស័យកសាងសេដ្ឋកិច្ចសង្គមនិងរដ្ឋាភិបាលឌីជីថលឱ្យរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះសម្រាប់ចាប់យក និងការធ្វើបរិវត្តកម្មឌីជីថល នៅគ្រប់ស្ថាប័នរដ្ឋនិងឯកជន។

នាឱកាសនោះដែរ សម្តេចធិបតី បានសង្កត់ធ្ងន់ថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានបន្ថែមបច្ចេកវិទ្យាជាអាទិភាពថ្មីមួយ សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់ ក្នុងការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅរាជធានីភ្នំពេញ៕

អត្ថបទទាក់ទង