ខ្មែរប៉ុស្ដិ៍ Close

    ប្រមុខដឹកនាំកម្ពុជា៖ ដើម្បីសេដ្ឋកិច្ចជាតិរឹងមាំ និងរីកលូតលាស់ត្រូវខិតខំពង្រឹងចំណេះជំនាញប្រកបដោយប្រសិទ្ធភាព

    ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 63

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយឯកជនភាវូបនីយកម្មតាំងពីចុងទសវត្សទី៨០ ដើម្បីផ្តល់សិទ្ធិសេរីភាពឱ្យប្រជាពលរដ្ឋ ដោយប្រកាន់នូវរបបទីផ្សារសេរី គឺបើកសិទ្ធិឱ្យប្រជាពលរដ្ឋ ដើម្បីមានឱកាសកសាងសមត្ថភាព ជ្រើសរើសយកអាជីពកសាងជីវភាពរស់នៅរបស់ខ្លួន។ នេះជាធាតុផ្សំមួយដ៏សំខាន់ណាស់។

    សម្តេចធិបតី បានថ្លែងបន្តថា រដ្ឋមិនអាចចិញ្ចឹមប្រជាពលរដ្ឋទាំងអស់បាននោះទេ។ជាក់ស្តែងនៅក្រោយជំនាន់សម័យ ប៉ុល ពត ដែលទើបរំដោះប្រទេសចេញពីសង្គ្រាម គឺស្ថិតក្នុងស្ថានភាពមិនអាចធ្វើសេដ្ឋកិច្ចផែនការបានទេ ពីព្រោះអ្វីៗទាំងអស់ត្រូវចូលរដ្ឋជាមុនសិន ហើយរដ្ឋចែកទៅប្រជាពលរដ្ឋវិញ។

    ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ប្រទេសមានសន្តិភាព គឺរដ្ឋបានផ្តល់សិទ្ធិជូនប្រជាពលរដ្ឋ ដោយអ្នកខ្លាំងជួយអ្នកខ្សោយ បានន័យថា ប្រជាពលរដ្ឋដែលមានលទ្ធភាពត្រូវពង្រឹងខ្លួនឯង ពង្រឹងតាមវិស័យឯកជនក្តី តាមបុគ្គលស្វ័យនិយ័តក្តី តាមលក្ខណៈសម្បត្តិរៀងៗខ្លួន ដើម្បីយកជំនាញផ្សេងៗជួយដល់សេដ្ឋកិច្ចជាតិ។ បើសេដ្ឋកិច្ចជាតិរីកចម្រើន រដ្ឋមានថវិការយកទៅជួយអ្នកក្រោយៗផ្សេងទៀត ពីព្រោះប្រជាពលរដ្ឋកម្ពុជាសរុបប្រមាណ១៧ លាននាក់ មិនអាចមានអ្នកមានទាំងអស់នោះទេ ហើយក៏មិនមែនជាអ្នកក្រទាំងអស់នោះដែរ និងមិនអាចជោគជ័យ ព្រមទាំងមានកាយសម្បទាល្អទាំងអស់នោះទេ ពីព្រោះសង្គ្រាមបានបន្សល់ជនពិការ ស្ត្រីមេម៉ាយ ចាស់ជរា ជាច្រើន។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សាជាង៥ពាន់នាក់ អបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤។

    អត្ថបទទាក់ទង