ខ្មែរប៉ុស្ដិ៍ Close

    ដំណឹងល្អ! ចម្ការដូងចំនួន១៣ទីតាំង និងទីតាំងវេចខ្ចប់ដូងចំនួន៥ ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅចិន

    ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 71

    ចម្ការដូងចំនួន១៣ទីតាំង និងកន្លែងវេចខ្ចប់ដូងចំនួន៥ របស់កម្ពុជា ត្រូវបានអគ្គរដ្ឋបាលគយយចិនសម្រេចអនុម័តទទួលស្គាល់ជាផ្លូវការ ឱ្យធ្វើការនាំចេញទៅប្រទេសចិន។ នេះបើយោងតាមការបញ្ជាក់របស់លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

    លោកជំទាវ អ៊ឹម រចនា បានឱ្យដឹងថា បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ រួចមក អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន ឲ្យដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់សម្រាប់នាំចេញទៅកាន់ប្រទេសចិន។

    លោកជំទាវ អ៊ឹម រចនា បានបន្ដថា បន្ទាប់ពីទទួលបានពាក្យស្នើសុំពីសំណាក់ចម្ការនិងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ អគ្គនាយកដ្ឋានកសិកម្ម បានចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ ហើយបញ្ជូនបញ្ជីឈ្មោះចម្ការនិងរោងចក្រកែច្នៃវេចខ្ចប់ទាំងនោះ ទៅកាន់ភាគីចិនដើម្បីភាគីពិនិត្យ និងវាយតម្លៃ។ ក្រោយការពិនិត្យនិងវាយតម្លៃ ចម្ការដូងចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥របស់ប្រទេសកម្ពុជា គយចិន សម្រេចអនុម័តឱ្យធ្វើការនាំចេញទៅចិន។

    សូមជម្រាបជូនថា ចម្ការដូងទាំង១៣ និងទីតាំងវេចខ្ចប់ទាំង៥ នោះ មានមូលដ្ឋាននៅតាមបណ្ដារាជធានី-ខេត្តមួយចំនួន ដូចជា ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តត្បូងឃ្មុំ និងខេត្តបាត់ដំបង ជាដើម៕

     

    អត្ថបទទាក់ទង