ខ្មែរប៉ុស្ដិ៍ Close

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កងយោធពលខេមរភូមិន្ទត្រូវអនុវត្ត និង ប្រកាន់ខ្ជាប់នូវអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»

    ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 58

    ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាន នៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងការបំពេញភារកិច្ចយោធិនគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទត្រូវអនុវត្ត និងប្រកាន់ខ្ជាប់នូវអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ហើយមេបញ្ជាការគ្រប់ថ្នាក់ ត្រូវមានវិធានការចាត់តាំងផ្សព្វផ្សាយ គ្រប់គ្រង ក្តាប់ឱ្យជាប់នូវសតិអារម្មណ៍យោធិន ដើម្បីធ្វើការកែតម្រូវទាន់ពេលវេលា។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការកែទម្រង់រចនាសម្ព័ន្ធចាត់តាំងស្ថាប័នកងឯកភាព ត្រូវអនុវត្តតាមគោលការណ៍វិសមិតមុខងារតួនាទីភារកិច្ច របស់ស្ថាប័នកងឯកភាពដើម្បីលុបបំបាត់ភាពត្រួតគ្នាឲ្យបានសម្រេចតាមដំណាក់កាលនីមួយៗ យ៉ាងម៉ឺងម៉ាត់និងម៉តចត់។ រីឯចំនួនទ័ពនៃស្ថាប័នបញ្ជាការដ្ឋាន និងនៅតាមកងឯកភាពនានា ត្រូវស្ថិតក្នុងកម្រិតសមស្រប។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា សមាមាត្រនៃបរិមាណរវាងនាយទាហាន និង ពលទាហាន ត្រូវឲ្យមានភាពសមស្រប ហើយជាពិសេសខិតខំលុបបំបាត់ឲ្យបានជាជំហានៗនូវស្ថានភាពចំនួន «ទ័ពលើសតែខ្វះ» និង «ខ្វះតែលើស»។ ការជ្រើសរើសតែងតាំងដំឡើងឋានន្តរស័ក្តិត្រូវអនុវត្តត្រឹមត្រូវតាមគោលការណ៍ គុណាធិបតេយ្យ ដោយផ្អែកតាមមុខតំណែង និងច្បាប់លក្ខន្តិកៈទូទៅ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ៕