ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កងកម្លាំងយោធាបានចូលរួមចំណែកយ៉ាងច្រើននៅក្នុងការអភិវឌ្ឍហេរដ្ឋារចនាសម្ព័ន្ធ និងសកម្មភាពមនុស្សធម៌

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 30

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងយោពលខេមរភូមិន្ទបានចូលរួមអភិវឌ្ឍនៅតំបន់ព្រំដែន កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ តភ្ជាប់តំបន់ព្រំដែនមកតំបន់ខាងក្នុងប្រទេសកម្ពុជា សំដៅបម្រើឱ្យខឿនការពារជាតិនិងសេដ្ឋកិច្ចសង្គម ប្រកបដោយភាពម្ចាស់ការ និងបានសហការជាមួយមន្ត្រីអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ បានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ការងារមនុស្សធម៌ និងបង្ក្រាបបទល្មើសផ្សេងៗបានទាន់ពេលវេលា ដូចជាតាមរយៈប្រតិបត្តិការជួយសង្គ្រោះមហន្តរាយនានាជាដើម។

ទន្ទឹមនោះ សម្តេចធិបតី បានថ្លែងអំណរអរគុណជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំកងយោពលខេមរភូមិន្ទ ជាកម្លាំងស្នូលនៅក្នុងការអនុវត្តដោយជោគជ័យក្នុងភារកិច្ចថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ក៏ដូចជាចូលរួមដោះស្រាយបញ្ហាប្រឈមនានា រួមមាន បញ្ហាកូវីដ-១៩ គ្រោះមហន្តរាយ ព្រមទាំងសម្រេចបាននូវសមិទ្ធផលធំៗនៅក្នុងប្រទេសនិងនៅលើឆាកអន្តរជាតិនាពេលកន្លងទៅទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៩ មេសា ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធអគារសហសិក្សាអគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ៕

អត្ថបទទាក់ទង