ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជា ក្លាយជាគោលដៅលំដាប់ទី១ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅឆ្នាំ២០២៤ នេះ

    ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 49

    យោងតាមការព្យាកររបស់ទស្សនាវដ្តី fDi Intelligence បានឱ្យដឹងថា ប្រទេសកម្ពុជានឹងក្លាយជាគោលដៅលំដាប់ទី១ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងឆ្នាំ២០២៤ នេះ ដោយនាំមុខក្រុមប្រទេសដែលជាទីផ្សារកំពុងរីកលូតលាស់ ៩ ផ្សេងទៀត ដូចជា ហ៊្វីលីពីន កេនយ៉ា អ៊ីរ៉ាក់ ណាមីបៀ កាហ្សាក់ស្ថាន អាហ្សឺបៃហ្សង់ ម៉ារ៉ុក ស៊ែប និងឥណ្ឌា។

    ជាមួយគ្នានេះដែរ IMF បានព្យាករទស្សនវិស័យសេដ្ឋកិច្ចដ៏រស់រវើករបស់កម្ពុជាថានឹងមានកំណើន ៦,១% នៅឆ្នាំ២០២៤ ធៀបនឹងចំនួន ៥,៦% កាលពីឆ្នាំមុន ខណៈកិច្ចខិតខំប្រឹងប្រែងថ្មីៗ ក្នុងការលើកកម្ពស់ភាពជាដៃគូពាណិជ្ជកម្មជាមួយចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប បានបន្តពង្រឹងនិទស្សន៍សេដ្ឋកិច្ចកម្ពុជា។

    គួរកត់សម្គាល់ផងដែរថា ការដកចេញការរឹតត្បិតការធ្វើដំណើរពីសំណាក់ប្រទេសចិន បានជំរុញឱ្យមានការងើបឡើងវិញយ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍នៅកម្ពុជា។ ការព្យាករដដែលបានបង្ហាញពីការងើបឡើងគួរឱ្យកត់សម្គាល់ លើការវិនិយោគផ្ទាល់ពីបរទេស លើវិស័យអចលនទ្រព្យ ដែលមានជាមធ្យម (CAPEX) ចំនួន ៣៩៣% ធៀបនឹងឆ្នាំមុន គួបផ្សំនឹងកំណើន ១១០% នៃគម្រោង FDI នៅឆ្នាំ២០២៤។

    ប្រទេសហ៊្វីលីពីនជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់ពីកម្ពុជា ដោយកំណើន ផ.ស.ស. របស់ប្រទេសនេះត្រូវបានព្យាករក្នុងទំហំ ៥,៩% ក្នុងឆ្នាំ២០២៤ ធៀបនឹងទំហំ ៥,៣% ក្នុងឆ្នាំ២០២៣។ ប្រទេសនេះរំពឹងលើការកើនឡើងចំនួន ៣១២% នៃ CAPEX និងការកើនឡើងនៃគម្រោង FDI ចំនួន ៥១% ធៀបនឹងឆ្នាំមុន៕