ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងអប់រំ ប្រកាសរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ សម្រាប់ឆ្នាំ២០២៤

    ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 42

    ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង អំពីការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ចាប់ពីថ្ងៃទី១៨-២៧ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ដោយបានកំណត់កីឡាចំនួន ១៣ប្រភេទ សម្រាប់ធ្វើការប្រកួតប្រជែង រួមមាន៖ កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាអត្តពលកម្ម កីឡាប៉េតង់ កីឡាហែលទឹក កីឡាវាយកូនឃ្លីលើតុ កីឡាវាយសី កីឡាតេក្វាន់ដូ ITF កីឡាតេក្វាន់ដូ WT កីឡាការ៉ាតេ កីឡាសីដក់ និងកីឡាគុនដាវ។

    ការប្រកួតប្រជែងនេះ រៀបចំឡើង ដើម្បីលើកកម្ពស់វិស័យកីឡា ស្របតាមគោលនយោបាយជាតិ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងកំណែទម្រង់ស៊ីជម្រៅការងារអប់រំកាយ និងកីឡា។

    គូសបញ្ជាក់ថា សម្រាប់ការចូលរួមព្រឹត្តិការណ៍ថ្នាក់ជាតិខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា គឺជាអ្នកទទួលបន្ទុកលើការហូបចុក ស្នាក់នៅ និងដឹកជញ្ជូនក្នុងអំឡុងពេលប្រកួត សម្រាប់គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី និងមន្ដ្រីដែលមានក្នុងនិយាមបច្ចេកទេស ដែលបានកំណត់ក្នុងបទបញ្ញត្តិទូទៅ។ ចំណែកការហូបចុកស្នាក់នៅរបស់ប្រតិភូដឹកនាំ ការធ្វើដំណើរ ការហូបចុកពេលមកចូលរួមប្រកួត និងត្រឡប់ទៅរាជធានី-ខេត្តវិញ ជាបន្ទុកចំណាយរបស់អង្គភាពសាម៉ី៕