ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ប្រកាសលាពីរដ្ឋសភា ក្រោយបំពេញការងារអស់ពេលជាច្រើនឆ្នាំ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 50

សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានប្រកាសលាពីរដ្ឋសភា ក្រោយបំពេញកិច្ចការងារនេះអស់ពេលជាងពាក់កណ្ដាលជីវិត។

នៅក្នុងអំឡុងពេលបើកសម័យប្រជុំលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចុះហត្ថលេខាលើបញ្ជីវត្ដមានតំណាងរាស្រ្ត ដោយអមមកជាមួយនឹងសំណេរលាពីរដ្ឋសភាយ៉ាងដូច្នេះថា៖ «លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយ និងធ្វើការជាងពាក់កណ្តាលជីវិត ដំណាក់កាលទី១ ខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤ មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២មេសា ឆ្នាំ២០២៤»។

សូមជម្រាបជូនថា ការប្រកាសលាចេញពីរដ្ឋសភារបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងមុនកិច្ចប្រជុំលើកដំបូងព្រឹទ្ធសភា នីតិកាលទី៥ ដែលចសម្តេចនឹងធ្វើជាប្រធានព្រឹទ្ធសភាវិញម្តង នៅក្នុងខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋសភាបានបើកសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧ ដោយមានរបៀបវារៈចំនួន២ ដែលពិធីសម័យប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
របៀបវារៈទាំង២នោះរួមមាន៖
ទី១៖ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧។
ទី២៖ របាយការណ៍លទ្ធផលការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១១ មីនា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង