ខ្មែរប៉ុស្ដិ៍ Close

    ខេត្តកំពង់ចាមរៀបចំការបោះជំរុំយុវជនក្រោមប្រធានបទ «យុវជនសតវត្សរ៍ទី២១ ជួយសង្គមជាតិ»

    ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 53

    អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញបើកកម្មវិធីបោះជំរុំយុវជនខេត្តកំពង់ចាមក្រោមប្រធានបទ «យុវជនសតវត្សរ៍ទី២១ ជួយសង្គមជាតិ» នៅក្នុងបរិវេណវិទ្យាល័យកោះសូទិន ក្នុងស្រុកកោះសូទិន។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំការបោះជំរំយុវជន ខេត្តកំពង់ចាមក្រោមប្រធានបទ «យុវជនសតវត្សរ៍ទី២១ ជួយសង្គមជាតិ» ដែលជាប្រធានបទដ៏ល្អមួយសម្រាប់ក្មួយៗប្រើប្រាស់ពេលវេលាដ៏មានតម្លៃនេះ ដើម្បីពង្រឹង និងអភិវឌ្ឍន៍សមត្ថភាព យល់ពីសារៈប្រយោជន៍នៃការចូលរួមរបស់យុវជន ក្នុងសហគមន៍ ការគ្រប់គ្រងដំណើរការក្រុមប្រឹក្សាយុវជនកម្ពុជា និងរៀបចំផែនការសកម្មភាពក្លឹបសិក្សា របស់ខ្លួនឲ្យបានកាន់តែរឹងមាំ រីកចម្រើនថែមទៀត។

    ឯកឧត្តមអភិបាលខេត្តបានថ្លែងបន្តថា ការបោះជំរុំយុវជន ជាកិច្ចការហ្វឹកហាត់ដ៏សំខាន់ក្នុងការងារអប់រំ ពីព្រោះការងារ បោះជំរុំនេះធ្វើឲ្យយុវជន អភិវឌ្ឍន៍ជំនាញទន់របស់ខ្លួន ដោយឲ្យក្មួយៗចេះសង្កេត ចេះពិចារណា ចេះបង្កើនស្មារតី ធ្វើការងារជាបុគ្គល ជាក្រុម ចេះធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព និងជាបុគ្គល ចេះទទួលខុសត្រូវក្នុងស្មារតីមិត្តភាព។ ម្យ៉ាងទៀតការបោះជំរំយុវជន ជាការងារបង្កលក្ខណៈ ឲ្យយុវជនស្គាល់ភូមិសាស្រ្ត តម្លៃពិតនៃធម្មជាតិ ចេះស្រឡាញ់ ការពារបរិស្ថាន និងទទួលបានចំណេះដឹង បំណិននានាបន្ថែម ទៅតាមគោលដៅ និងគោលបំណងដែល គណៈកម្មការរៀបចំកម្មវិធី ជំរំបានគ្រោងទុក។ ការបោះជំរុំ គឺជាការបង្ហាត់បង្ហាញពីការងារគ្រប់គ្រង តាមបែបប្រព័ន្ធគ្រប់គ្រងស្វ័យគ្រប់គ្រង ដែលគណៈកម្មការបានរៀបចំបែងចែកជាក្រុម ជាសាខា និងប្រគល់កិច្ចការទទួល ខុសត្រូវតាមឋានានុក្រម ដូចជាប្រធាន អនុប្រធានក្រុម និងប្រធាន អនុប្រធានសាខា ឲ្យដឹកនាំអនុវត្ត។ ទាំងអស់នេះហើយដែល គេហៅថា ការរៀនដោយការអនុវត្ត ហើយនៅពេលដែល ក្មួយៗឆ្លងកាត់ការរៀនដោយការអនុវត្តនេះ ក្មួយៗនឹងមានស្មារតីម្ចាស់ការលើការងារ គ្រប់គ្រង ក្មួយៗ នឹងទទួលបានបទពិសោធន៍ ទៅតាមកម្មវិធីដែលគណៈកម្មការ បានកំណត់ និងណែនាំ។

    ឯកឧត្តមបន្តថា ទន្ទឹមនឹងនោះក្មួយៗយុវជនបានហាត់ បានរៀនតាមការអនុវត្តដោយផ្ទាល់ ដើម្បីអភិវឌ្ឍន៍បំណិនជីវិតរបស់ក្មួយៗ ក្នុងរយៈពេលនៃដំណើរការបោះជំរុំនេះ។ ដូចនេះការបោះជំរុំ គឺជាសកម្មភាពជំរុញ និងលើកទឹកចិត្តយុវជន ឲ្យទទួលបាននូវការអប់រំ និងការបណ្តុះបណ្តាលអភិវឌ្ឍន៍បុគ្គលិកលក្ខណៈ របស់យុវជនឲ្យមានភាពពេញលេញលើផ្នែករាងកាយ បញ្ញាស្មារតី សីលធម៌ និងបំណិន ដើម្បីឲ្យយុវជនក្លាយជាពលរដ្ឋល្អ ក្នុងសង្គមជាតិ៕