សម្ដេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា កីឡាករកីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជា នឹងដណ្តើមបានមេដាយជាច្រើនបន្ថែមទៀតជូនជាតិមាតុភូមិ
ក្នុងពិធីសម្ពោធសមិទ្ធផល មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការខិតខំប្រឹងប្រែងដោយផ្ទាល់របស់កីឡាករកីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជា និងមានការគាំទ្រពីរាជរដ្ឋាភិបាល និងសប្បុរសជននានា និងការចូលរួមពីប្រជាពលរដ្ឋ សម្ដេចធិបតី ជឿជាក់ថា កីឡាករកីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជា នឹងដណ្តើមបានមេដាយជាច្រើនបន្ថែមទៀតជូនជាតិមាតុភូមិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងការប្រកួតកន្លងមក កីឡាប៉ារ៉ាឡាំពិកកម្ពុជាយើង បានទទួលមេដាយចំនួន២៦១គ្រឿងរួចមកហើយ ដែលលទ្ធផលនេះ យើងមិនធ្លាប់ទទួលបាននោះទេ តាំងពីដំណាក់កាលចាប់ផ្តើមដំបូងមក។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នឹងបន្តខិតខំជំរុញវិស័យកីឡានេះបន្ថែមទៀត ពីព្រោះថាកីឡាករទាំងអស់ មិនមែនធ្វើការហ្វឹកហាត់ដើម្បីខ្លួនឯងនោះទេ គឺប្រឹងប្រែងប្រកួតដើម្បីលើមុខមាត់ជាតិកម្ពុជារបស់យើង ទង់ជាតិកម្ពុជារបស់យើង នៅលើឆាកអន្តរជាតិ៕