ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យពង្រឹងគុណភាពវិស័យទេសចរណ៍ដើម្បីផ្តល់ផលប្រយោជន៍ទៅដល់សហគមន៍មូលដ្ឋាន

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 67

នៅក្នុងពិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានផលិតផលដែលមានសក្តានុពលនៅតាមសហគមន៍ដែលយើងអាចភ្ជាប់គ្នាជាផលិតផលប្រទាក់ក្រឡាដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ហើយទេសចរណ៍ បើយើងនិយាយពីបរិមាណ គឺចំនួននៃអ្នកទេសចរ ប៉ុន្តែយើងក៏ត្រូវគិតអំពីគុណភាពផងដែរ ពោលរយៈពេលដែលទេសចរម្នាក់ៗចំណាយនៅកម្ពុជាត្រូវតែវែងជាងមុន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការពង្រឹងវិស័យទេសចរណ៍ មិនត្រឹមតែទាក់ទងនឹងផលិតផលបេតិកភណ្ឌរបស់យើងទេ ប៉ុន្តែវាត្រូវផ្សារភ្ជាប់ជាមួយផលិតផលផ្សេងៗទៀតដែលមានភាពសម្បូរបែប ហើយជាពិសេសគឺភ្ជាប់ជាមួយនឹងលក្ខណៈអំណោយផលរបស់សហគមន៍យើងតែម្តង មិនថានៅតាមទន្លេសាប ឬមួយក៏នៅខេត្តជិតផ្សេងៗដែលមានសក្តានុពលដែលយើងតភ្ជាប់គ្នា ដើម្បីធ្វើយ៉ាងណាទាញផលឱ្យបាន ស្របពេលដែលទេសចរក៏មានពេលច្រើនដើម្បីដើរកម្សាន្តជាជាងមកតែកន្លះថ្ងៃឬមួយថ្ងៃឬមួយយប់ គឺគាត់អាចនៅ២-៣យប់បាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋរបស់យើង ក៏មិនចាំបាច់ធ្វើដំណើរមកលក់ផលិតផលនៅតំបន់នេះ ប៉ុន្តែយើងទាញទេសចរទៅផ្ទាល់ដល់សហគមន៍របស់យើងនៅតាមមូលដ្ឋាន ដែលនេះគឺជាការអភិវឌ្ឍដ៏ល្អដែលយើងបានធ្វើ ហើយក៏កំពុងតែធ្វើតទៅទៀត៕

អត្ថបទទាក់ទង