សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អង្គរវត្ត ធ្លាប់តែស្ងាត់ជ្រងំមានសំឡេងកាំភ្លើងយន្ត ឥឡូវបានក្លាយជាអ៊ូអរមានសំឡេងទេសចរនិងតូរ្យតន្រ្តី
នៅក្នុងពិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឯកឧត្តមនាយករដ្ឋមន្រ្តីអូស្រ្តាលី Anthony Albanese បាននិយាយថា គាត់ធ្លាប់មកលេងកម្ពុជា កាលពីឆ្នាំ១៩៨៧ ហើយគាត់បានលើកឡើងថា អង្គរវត្តនៅពេលនោះ គឺស្ងាត់និងកំដរទៅដោយសំឡេងកាំភ្លើងយន្តពីបាញ់គ្នា ប៉ុន្តែថ្ងៃនេះគឺយើងអបអរសាទរ សំឡេងទេសចរ សម្លេងតូរ្យតន្រ្តីនៅ Pub Streets ខុសពីកាំភ្លើងយន្តដែល ឯកឧត្តម Anthony Albanese ធ្លាប់បានមកអង្គរវត្ត ដែលចំណុចនេះហើយជាផលនៃសន្តិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា យោងតាមសម្តីរបស់ឯកឧត្តម Anthony Albanese ទីកន្លែងនេះ មិនធ្លាប់ដូច្នេះទេពីមុន គឺធ្លាប់ជាទីកន្លែងស្ងាត់ជ្រងំគ្មានសណ្ឋាគារផ្កាយ៥បើកបែបនេះទេ នៅអង្គរវត្តពុំមានទេសចរច្រើនទេ ហើយជាពិសេសគឺពោរពេញទៅដោយសំឡេងកាំភ្លើងយន្តដែលកំពុងតែប្រយុទ្ធគ្នាខ្មែរនិងខ្មែរសម្លាប់គ្នាជាង២០ឆ្នាំមុន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញមោទនភាពនិងភាពសប្បាយរីករាយដោយបានលើកឡើងថា បើយើងមើលពីទិដ្ឋភាពប្រវត្តិសាស្រ្ត យើងកាន់តែសប្បាយរីករាយ ចំពោះអ្វីដែលយើងមាននៅទីនេះ ហើយកាន់តែដឹងគុណនិងយល់ពីតម្លៃនៃសន្តិភាព ដែលអាចឱ្យយើងអង្គុយនៅទីនេះ មិនមានកាំភ្លើងយន្ត ហើយទេសចរអន្តរជាតិ អាចមកទីនេះបានដោយត្រង់តែម្តង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកផងដែរថា ឯកឧត្តម Anthony Albanese បានលើកឡើងថា ពេលនោះ គាត់មិនអាចមកកម្ពុជាដោយត្រង់បានទេ គាត់ត្រូវហោះចូលប្រទេសវៀតណាម ហើយត្រូវធ្វើដំណើរបន្តតាមផ្លូវគោក ហើយផ្លូវពីភ្នំពេញ មកសៀមរាបនេះ ក៏មិនល្អដូចសព្វថ្ងៃនេះដែរ៕