ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចូលរួមព្រះរាជពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ដើម្បីឧទ្ទិសព្រះរាជមហាកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងព្រះរាជពិធីបុណ្យទក្ខិណានុប្បទាន គម្រប់៧ថ្ងៃ ដើម្បីឧទ្ទិសព្រះរាជមហាកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម ឈិន កេតនា, ឯកឧត្ដម ចាយ បូរិន, ឯកឧត្ដម នេត ភក្ត្រា, ឯកឧត្ដម យូ ស៊ុនឡុង, និងឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំជាច្រើនរូបទៀត ព្រមទាំងក្រុមគ្រួសារនៃព្រះសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងពុទ្ធបរិស័ទជាច្រើនរូបទៀត។
ក្នុងឱកាសនេះផងដែរ ឯកឧត្ដម វង្សី វិស្សុត ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញថ្វាយគ្រឿងសក្ការបូជា និងធ្វើកិច្ចនមស្ការ សមាទានសីល វេរភត្តាហារថ្វាយប្រគេនសម្ដេចព្រះរាជាគណៈចំនួន១២ព្រះអង្គ។ បន្ទាប់មក ឯកឧត្ដម វង្សី វិស្សុត ព្រមទាំងឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ បានអញ្ជើញរាប់បាត្រថ្វាយ ប្រគេនសម្ដេចព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃចំនួន៤០០អង្គ និមន្តគោចរបិណ្ឌបាត្រ ដើម្បីថ្វាយព្រះរាជកុសលចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។
សូមឧទ្ទិសថ្វាយនូវព្រះមហាកុសលដែលកើតចេញពីទឹកសទ្ធាជ្រះថ្លារបស់សម្ដេចព្រះរាជាគណៈគ្រប់ព្រះអង្គ និងរបស់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាពុទ្ធបរិស័ទទាំងអស់ ថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សូមយាងសោយសុខក្នុងឋានព្រះបរមសុខជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
សូមរលឹកផងដែរថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧:៤០នាទី នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ក្នុងព្រះជន្ម៩៣ព្រះវស្សា ដោយព្រះជរាពាធ។