ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជាដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 56

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិតក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។

នៅក្នុងសារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀតដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិសម្រាប់ប្រជាជនខ្មែរគ្រប់រូប ក្នុងគោលបំណងធានាឱ្យបាននូវការអភិរក្សនិងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

នៅក្នុងខ្លឹមសារនៃសារាចរដដែលនេះដែរ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់រៀបចំប្រារព្ធេ «ទិវាវប្បធម៌ជាតិ» នៃព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តតាមស្មារតីអនុក្រឹត្យលេខ០៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្តីពីការបង្កើតទិវាវប្បធម៌ជាតិ និងស្របតាមទិសស្លោក «កម្ពុជាៈ ព្រះរាជាណាចក្រនៃវប្បធម៌»៕

អត្ថបទទាក់ទង