ខ្មែរប៉ុស្ដិ៍ Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការកសាងមូលធនមនុស្ស គឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 77

ក្នុងពិធីសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រមាណជាង៥ពាន់អង្គ/នាក់ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងមូលធនមនុស្ស គឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ពីព្រោះថា បើសិនយើងចង់អភិវឌ្ឍខ្លួនទៅជាសេដ្ឋកិច្ចឌីជីថល ឬឧស្សាហកម្ម៤.០ លុះត្រាតែយើងមានធនធានមនុស្ស និងមានមូលដ្ឋានសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ រឹងមាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ មូលដ្ឋានធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធដែលកសាងនៅក្នុងវិស័យអប់រំនេះ នឹងជួយប្រទេសរបស់យើងឈានទៅធ្វើទំនើបកម្មមួយជំហ៊ានទៅមុខទៀតដែលអាចធានាភាពប្រកួតប្រជែងរបស់យើងដោយចីរភាពរយៈពេលវែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល មានការគិតគូរយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងមូលធនមនុស្សដើម្បីបម្រើការងារនៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ហើយការវិនិយោគទៅលើមូលធនមនុស្ស គឺជាកិច្ចការសំខាន់ដែលរាជរដ្ឋាភិបាលបានធ្វើកន្លងមក។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នេះ គឺដាក់ចេញគោលនយោបាយយុទ្ធសាស្រ្ត កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានអាទិភាពគន្លឹះទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយមនុស្សនៅតែជាអាទិភាពទី១៕

អត្ថបទទាក់ទង