ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរដល់បងប្អូនកម្មករ-និយោជិត ដែលទទួលបានប្រាក់ខែគោល ២០៤ដុល្លារ ក្នុងឆ្នាំ២០២៤នេះ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 78
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរដល់បងប្អូនកម្មករ-និយោជិត ដែលទទួលបានប្រាក់ខែគោល ២០៤ដុល្លារ ក្នុងឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរដល់បងប្អូនកម្មករ-និយោជិត ដែលទទួលបានប្រាក់ខែគោល ២០៤ដុល្លារ ក្នុងឆ្នាំ២០២៤នេះ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអបអរសាទរ ដល់បងប្អូនកម្មករ -និយោជិត ទាំងអស់ដែលនឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៤ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤នេះ ពោលគឺកើនឡើងលើសឆ្នាំ២០២៣ ចំនួន ៤ដុល្លារ។

តាមរយៈឆាណែលតេលេក្រាម នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែតបានលើកឡើងថា «អបអរសាទរ! ចាប់ពីខែមករា ឆ្នាំ២០២៤នេះតទៅ បងប្អូនកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ នឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៤ដុល្លារ ក្នុង១ខែ គឺកើនជាងខែធ្នូ ឆ្នាំ២០២៣ ចំនួន ៤ដុល្លារអាមេរិក»។

គួរបញ្ជាក់ថា ចាប់ពីខែមករា ឆ្នាំ២០២៤ នេះតទៅ កម្មករ-និយោជិត រោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប នឹងទទួលបានប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន ២០៤ដុល្លារ ក្នុងមួយខែ ខណៈប្រាក់ឈ្នួលកាលពីឆ្នាំ២០២៣កន្លងទៅ ទទួលបានត្រឹមតែ ២០០ដុល្លារ។

អ្វីដែលគួរឱ្យកត់សម្គាល់ ប្រាក់ឈ្នួលអប្បបរមាចំនួន ២០៤ ដុល្លារនេះ គឺជាប្រាក់ខែគោលប្រចាំខែរបស់កម្មករ និយោជិត ហើយក្រៅពីប្រាក់ខែគោល បងប្អូនកម្មករ-និយោជិត នឹងទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារក្នុងមួយខែ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារ ក្នុងមួយខែ ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២,០០០ រៀល ក្នុងមួយម៉ោង ឬ ការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារចាប់ពី ២ ទៅ ១១ដុល្លារ ក្នុងមួយខែ ដែលធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។ សរុបមក ជាមធ្យមក្នុងមួយខែ កម្មករ-និយោជិតម្នាក់ៗ នឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចន្លោះពី ២២០ ទៅ ២៣៦ដុល្លារអាមេរិក៕

 

អត្ថបទទាក់ទង