សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សារព័ត៌មានឌឹខេមបូឌាដេលី ជ្រកក្រោមស្លាកសារព័ត៌មាន តែធ្វើសកម្មភាពថោកទាប
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដែលសម្តេចចេញប្រតិកម្មលើការផ្សាយបំភ្លៃរបស់ឌឹខេមបូឌាដេលី លើគ ម្រោងព្រែកជីកហ្វូណន-តេជោ គឺជាការការពារភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងមន្ត្រី ហើយសម្តេច បានទម្លាយថា សារព័ត៌មានឌឹខេមបូឌាដេលី (The Cambodia Daily Khmer) ជ្រកក្រោមស្លាកសារព័ត៌មាន តែធ្វើសកម្មភាពថោកទាបដោយផ្សាយព័ត៌មានខុសការពិត គ្មានវិជ្ជាជីវៈសារព័ត៌មាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានគោរពក្រមសីលធម៌វិជ្ជាជីវៈ ផ្សាយព័ត៌មានពិតគ្រប់ជ្រុងជ្រោយ បើខុសត្រូវហ៊ានកែតម្រូវ។ សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលមិនខ្លាចព័ត៌មានអវិជ្ជមាននោះឡើយ។ ព័ត៌មានអវិជ្ជមាននេះហើយ ជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលដោះស្រាយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ មិនបានខ្ចីលុយបំណុលចិនមកសាងសង់នោះទេ គឺសង់ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ក្នុងទម្រង់ BOT។ សម្តេចធិបតី បានថ្លែងបន្តថា សម្តេចមិនជឿថាមន្ត្រីក្រសួងសេដ្ឋកិច្ចល្ងង់ដូចផ្សាយបំភ្លៃរបស់ព័ត៌មានប្រតិក្រិយានោះឡើយ។ រាជរដ្ឋាភិបាលប្រឹងប្រែងសង់ព្រែកជីកហ្វូណន-តេជោ ដើម្បីពង្រីកការដឹកជញ្ជូនតាមផ្លូវទឹក ដែលមានផលចំណេញច្រើនសម្រាប់សេដ្ឋកិច្ច៕