សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែង ស្រឡាញ់រាប់អានគ្នា និងគោរពគ្នាទៅវិញទៅមក
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រមាណជាង ២ពាន់នាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែង ស្រឡាញ់រាប់អានគ្នា និងគោរពគ្នាទៅវិញទៅមក ដោយមិនត្រូវយកជាតិសាសន៍ណាមួយធ្វើជាសត្រូវឡើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការស្រឡាញ់រាប់អាន និងគោរពគ្នាទៅវិញទៅមក គឺជាកត្តាដ៏សំខាន់ដែលយើងត្រូវធ្វើដើម្បីបង្កើនមិត្តភាពនៅគ្រប់ទិសទី សំដៅបង្កើនផលប្រយោជន៍ជាតិរបស់ជាតិយើង។
ទន្ទឹមនោះដែរ សម្តេចធិបតី ក៏បានណែនាំដល់យុវជន កម្មសិក្សាការី និងពលករខ្មែរនៅប្រទេសជប៉ុនទាំងអស់ ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងបំពេញការងារដើម្បីទទួលបានចំណេះដឹងនិងជំនាញវិជ្ជាជីវៈ ដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិយើងនាពេលអនាគត៕