ខ្មែរប៉ុស្ដិ៍ Close

មកស្គាល់លោក ញ៉ុក ឡូ អ្នកជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គររយៈពេល ២៥ឆ្នាំ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ផ្ទះហ្វេសប៊ុក 109

លោក ញ៉ុក ឡូ អាយុ៤៣ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប បានចូលរួមបម្រើការងារជាអ្នកជួសជុលប្រាសាទបុរាណធ្វើពីថ្មភក់នៅក្នុងតំបន់អង្គរ ប្រមាណ២៥ឆ្នាំមកហើយ និងទទួលបានជំនាញ និងបទពិសោធន៍ជាច្រើនពីការបង្ហាត់បង្រៀនរបស់អ្នកជំនាញលើផ្នែកនេះ។

លោក ញ៉ុក ឡូ មានប្រសាសន៍ថា ការងារជួសជុលប្រាសាទបុរាណមិនមែនងាយស្រួលនោះឡើយ ពីព្រោះប្រាសាទខ្លះរលំបាក់ធ្វើឱ្យដុំថ្មធំៗនៅរាយប៉ាយពេញដី ដែលទាមទារឱ្យអ្នកជួសជុលប្រើកម្លាំងកាយ ការអត់ធ្មត់ខ្ពស់ ភាពប៉ិនប្រសប់ បទពិសោធន៍ ការសង្កេត និងទឹកចិត្តស្រឡាញ់ទើបអាចជួសជុល និងរៀបផ្គុំប្រាសាទឱ្យរឹងមាំឡើងវិញបាន។ លោក ញ៉ុក ឡូ ឱ្យដឹងទៀតថា ដោយសារមានការតាំងចិត្ត និងស្រឡាញ់មរតកដូនតា ចង់ឃើញប្រាសាទបុរាណបាននៅគង់វង្សយូរអង្វែងតទៅទៀត ទើបលោកសម្រេចចិត្តធ្វើការងារជាអ្នកជួសជុលប្រាសាទបុរាណតាំងពីឆ្នាំ១៩៩៨។

បន្ទាប់ពីធ្វើការជាអ្នកជួសជុលប្រាសាទបុរាណរយៈពេល២៥ឆ្នាំមក លោក ញ៉ុក ឡូ បានក្លាយជាធនធានមនុស្សមួយរូបដែលកម្រ ដោយលោកមានជំនាញស្គាល់ថ្ម ចេះមើលថ្ម មើលក្បាច់ចម្លាក់ថ្មដែលនៅរ៉ាយបាយលើដី សម្រង់ប្លង់ ព្រមទាំងអាចរើសយកថ្មទាំងនោះ មករៀបផ្គុំនៅតាមទីតាំងដើមឡើងវិញ ដើម្បីថែរក្សាបាននូវតម្លៃដើមរបស់ប្រាសាទបុរាណទៀតផង។

ថ្វីត្បិតតែលោក ញ៉ុក ឡូ ជាអ្នកជំនាញផ្អែកជួសជុលប្រាសាទបុរាណមានជំនាញស្គាល់ថ្ម ចេះមើលថ្ម មើលក្បាច់ថ្មដែលនៅរ៉ាយបាយលើដី ដែលអាចយកថ្មទាំងនោះ មករៀបផ្គុំនៅតាមទីតាំងដើមឡើងវិញ ក៏ប៉ុន្តែ ការងារជួសជុល អភិរក្សលើកតម្លៃប្រាសាទបុរាណឡើងវិញបានរឹងមាំ គឺដោយមានការចូលរួមពីអ្នកជំនាញជាច្រើនផ្នែកផ្សេងទៀត ដើម្បីឱ្យការងារទាំងនោះ អាចដំណើរការទៅបានដោយជោគជ័យ៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា និងលោក ញ៉ុក ឡូ

អត្ថបទទាក់ទង