ខ្មែរប៉ុស្ដិ៍ Close

មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន រំលឹកឡើងថា បើគ្មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេកម្ពុជាក៏គ្មានសន្តិភាពដែរ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 39
មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន រំលឹកឡើងថា បើគ្មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេកម្ពុជាក៏គ្មានសន្តិភាពដែរ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន រំលឹកឡើងថា បើគ្មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេកម្ពុជាក៏គ្មានសន្តិភាពដែរ

តាមការឲ្យដឹងពីលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នាយឧត្តមសេនីយ៍ យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ (Yoshida Yoshihide) បានលើកឡើងថា បើសិនគ្មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ គឺគ្មានទេសន្តិភាពឡើយ។នាយឧត្តមសេនីយ៍ យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ស្របពេលនឹងការប្រារព្ធខួបអនុស្សារីយ៍លើកទី៧០ នៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន នៅក្នុងឆ្នាំ២០២៣ ។ លោក យ៉ូស៊ីដា បានសម្ដែងនូវការគោរពជូន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកសាងទ័ព ដឹកនាំទ័ព និងដឹកនាំកិច្ចចរចានាំមកជូនកម្ពុជា នូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ហើយលោក នឹងជំរុញពង្រីក ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពកម្ពុជា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយស្មើភាព មិនមានអ្នកដើរពីមុខ ឬអ្នកដើរពីក្រោយ គឺដៃគូស្មើភាពគ្នា ដើម្បីបម្រើឱ្យការងារមនុស្សធម៌ផង និងរក្សាសុខសន្តិភាពផង។

ក្នុងន័យនេះ លោក យ៉ូស៊ីដា បានគោរពស្នើសុំការគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការវាយតម្លៃរបស់ លោក យ៉ូស៊ីដា ហើយបានជម្រាបជូនពីដំណើរការស្វែងរកសន្តិភាពរបស់កម្ពុជា ដែលជាប្រទេសបានរងការបែកបាក់គ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា នៅពេលនោះ ពិតជាពិបាកណាស់ កម្ពុជាបានរងនូវការបាត់បង់ស្ទើរទាំងអស់។មួយចំណែកទៀត កម្ពុជារងនូវការកាប់សម្លាប់អស់ជាង ៣លាននាក់។ ក្នុងនាមជាយុវជនមួយរូប លោក គ្មានជម្រើសផ្សេងទេ មានតែការកសាងទ័ព តស៊ូ ចចារ និងយកជីវិតទៅប្ដូរ ដើម្បីសន្តិភាព។ មានសន្តិភាព ទើបមានអ្វីៗទាំងអស់ គ្មានសន្តិភាពទេ គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ គ្មានទេសិទ្ធិមនុស្ស ព្រោះប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មិនជ្រកក្រោមសង្គ្រាមទេ ជាក់ស្ដែងដូចជា ស្ថានភាពនៅអ៊ុយក្រែន ជាឧទាហរណ៍ស្រាប់ ។

ជាចុងក្រោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានជួយដល់កម្ពុជា ក្នុងដំណើរការចរចា និងប្រតិបត្តិការស្វែងរកសន្តិភាព និងតែងតែជួយដល់កម្ពុជាក្នុងការអភិវឌ្ឍ ។ លោកនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យកងទ័ពទាំងពីរ សហការគ្នាក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើឱ្យសេចក្ដីសុខសន្តិភាព របស់ប្រជាជនទាំងពីរផង ទាំងក្នុងតំបន់ និងក្នុងពិភពលោកផងដែរ ៕

អត្ថបទទាក់ទង