ខ្មែរប៉ុស្ដិ៍ Close

ពិភពលោកកំពុងស្ថិតនៅលើចំណុចរបត់មួយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 90
ពិភពលោកកំពុងស្ថិតនៅលើចំណុចរបត់មួយ ប្រាក់ដុល្លារនៅតែរក្សាភាពសំខាន់របស់ខ្លួនជារូបិយបណ្ណបម្រុងសកលដដែល។ ប៉ុន្តែតើវាអាចស្ថិតនៅបានយូរប៉ុណ្ណា? រូបថត៖ AFP / Xie Zhengyi / Imaginechina

ហេតុអ្វីបានជាសហរដ្ឋអាមេរិកបង្ហាញការព្រួយបារម្ភនៅពេលដែលប្រទេសអាល្លឺម៉ង់ទិញថាមពលខ្លួនពីប្រទេសរុស្ស៊ី ខណៈដែលអាមេរិកមិនបានធ្វើការជំទាស់នោះទេ នៅពេលដែលប្រទេសអាល្លឺម៉ង់ទិញកុំព្យូទ័រពីចិន ទិញទោចក្រយានយន្តពីប្រទេសជប៉ុន និងទិញឈីសពីប្រទេសហូឡង់នោះ។

ប្រធានាធិបតីអាមេរិកទាំង ៤ រូបចុងក្រោយ គឺ George W. Bush, Obama, Trump និង Biden មិនមានចំណុចដូចគ្នានោះទេ ប៉ុន្តែពួកគេបានរក្សាសាមគ្គីយ៉ាងមុតមាំចំពោះការបិទខ្ទប់បំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលជាបំពង់ឧស្ម័នត្រូវបានសាងសង់ឡើងនៅក្នុងសមុទ្រ Baltic ដើម្បីនាំយកឧស្ម័នរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់។

កាលពីខែមុន ការបំផ្ទុះជាច្រើនលើកបានធ្វើឱ្យបំពង់ឧស្ម័ន Nord Stream 2 លែងដំណើរការកើត។ វាគឺជាសកម្មភាពនៃការវាយប្រហារភេរវកម្មក្នុងកម្រិតរដ្ឋ ដែលហាក់មិន មែនបង្កឡើងដោយពួកអឺរ៉ុបនោះទេ។

មេដឹកនាំនយោបាយរបស់សហភាពអឺរ៉ុបបានរក្សាភាពស្ងៀមស្ងាត់មិនធ្វើការឆ្លើយតបនោះឡើយ ខណៈពួកគេបានយល់យ៉ាងច្បាស់ថា ពិភពលោកបានឈានចូលដល់សករាជថ្មីមួយហើយ។

ឥន្ធនៈហ្វូស៊ីល គឺជាមុខទំនិញដ៏សំខាន់មួយរបស់ពិភពលោក។ ការធ្វើពាណិជ្ជកម្មលើថាមពល តំណាងឱ្យ ៨% នៃការធ្វើពាណិជ្ជកម្មសកល ហើយវាគឺជាធាតុដ៏សំខាន់ដែលមិនអាចខ្វះបានសម្រាប់ទិន្នផលសេដ្ឋកិច្ចសកលចំនួន ៩០%។

ប្រេងឥន្ធនៈត្រូវបានគេកំណត់តម្លៃ និងធ្វើពាណិជ្ជកម្មគិតជាប្រាក់ដុល្លារអាមេរិក។ ប្រសិនបើក្រុមហ៊ុនរបស់ប្រទេសអេស្បាញមួយចង់ទិញប្រេងពីប្រទេស Saudi Arabia ការទូទាត់ជាប្រាក់ដុល្លារត្រូវឆ្លងកាត់ធនាគារមួយនៅក្នុងទីក្រុងញ៉ូវយ៉ក។

កិច្ចការដូចគ្នានោះ ក៏ត្រូវបានអនុវត្តចំពោះមុខទំនិញផ្សេងៗជាច្រើនទៀតដែរ។ ប្រសិនបើប្រទេសជប៉ុនចង់ទិញស្រូវសាលីពីប្រទេសអូស្ត្រាលី បណ្តាធនាគារនៅញ៉ូវយ៉ក គឺជាអ្នកសម្រួលដល់ការធ្វើប្រតិបត្តិការទូទាត់ជាប្រាក់ដុល្លារ។

ប្រាក់ដុល្លារបានក្លាយជារូបិយបណ្ណបម្រុងដោយប្រយោលរបស់ពិភពលោកនៅក្នុងឆ្នាំ ១៩៤៤។ កិច្ចព្រមព្រៀងកសាងអឺរ៉ុបឡើងវិញ (Bretton Woods Agreement) បានធ្វើឱ្យប្រាក់ដុល្លារដែលទទួលបានការគាំទ្រដោយមាស ក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ប្រព័ន្ធរូបិយវត្ថុសកល។

ប្រាក់ដុល្លារអាចត្រូវបានគេយកទៅប្តូរជាមាសទៅតាមតម្រូវការ ដោយគេបានកំណត់តម្លៃថេរចំនួន ៣៥ ដុល្លារក្នុងមាសមួយអោន (ounce) ។

ប្រព័ន្ធ Bretton Woods នោះបានធ្វើឱ្យសហរដ្ឋអាមេរិកអាចគ្រប់គ្រងពីចម្ងាយទៅលើ «លំហូរនៃប្រព័ន្ធហិរញ្ញវត្ថុសកល»។ ប្រាក់ដុល្លារបានក្លាយជារង្វាស់នៃមុខទំនិញនិ ងសេវាកម្មទាំងអស់ ដែលត្រូវធ្វើពាណិជ្ជកម្មឆ្លងព្រំដែន ហើយវាបានជំរុញសន្ទុះសេដ្ឋកិច្ចឱ្យងើបឡើងវិញនៅក្រោយសង្គ្រាម។

ទោះជាបែបនោះក្តី កិច្ចព្រមព្រៀង Bretton Woods ត្រូវបានស្ថិតនៅក្រោមសម្ពាធនៅចុងទសវត្សរ៍ឆ្នាំ ១៩៦០ ហើយសហរដ្ឋអាមេរិកបានចាប់ផ្តើមចំណាយច្រើនជាងចំណូលដែលខ្លួនរកបាន។

កម្មវិធី Great Society ដែលជាការផ្តួចផ្តើមនិងជាកម្មវិធីនយោបាយក្នុងស្រុករបស់សហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយកម្រិតនៃភាពក្រីក្រ កាត់បន្ថយអយុត្តិធម៌លើបញ្ហាពូជសាសន៍ កាត់បន្ថយបទល្មើស និងការធ្វើឱ្យប្រសើរឡើងដល់បរិស្ថានរបស់ប្រធានាធិបតី Lyndon Johnson និងការធ្វើសង្គ្រាមនៅប្រទេសវៀតណាម បានធ្វើឱ្យកម្រិតនៃឱនភាពរីកកាន់តែធំ និងបានបង្កជាមន្ទិលសង្ស័យដល់ការបម្រុងទុកមាសរបស់សហរដ្ឋអាមេរិក។

រដ្ឋាភិបាលបារាំង គឺជាអ្នកដំបូងគេដែលមានការព្រួយបារម្ភ។ រួមជាមួយប្រទេសអឺរ៉ុបផ្សេងៗទៀត ប្រទេសបារាំងបានយកមាសរបស់ខ្លួនទៅទុកនៅអាមេរិកនៅក្នុងសម័យសង្គ្រាមត្រជាក់ដោយពួកគេភ័យខ្លាចថាសហភាពសូវៀតនឹងមកកំទេចទីក្រុងបារីស និងទីក្រុងឡុងដ៍ដើម្បីប្រមូលយកមាសរបស់ពួកគេអស់។

នៅដើមខែសីហា ឆ្នាំ ១៩៧១ បារាំងបានបញ្ជូននាវាចម្បាំងទៅទីក្រុងញ៉ូវយ៉កដើម្បីដឹកជញ្ជូនមាសរបស់ខ្លួនមកវិញ។ ប៉ុន្មានថ្ងៃក្រោយមក គឺនៅថ្ងៃទី ១៥ ខែសីហា ប្រធានាធិបតី Richard Nixon បានប្រកាសនៅតាមកញ្ចក់ទូរទស្សរ៍ជាតិរបស់អាមេរិកថា សហរដ្ឋអាមេរិកនឹងលែងដោះដូរប្រាក់ដុល្លារជាមួយមាសទៀតហើយ ហើយអ្វីដែលគេហៅថា «ជាកម្មវិធីច្រកទ្វារមាស ឬ gold window» ក៏ត្រូវបានបិទបញ្ចប់។

លោក Nixon បាននិយាយថា វិធានការនេះនឹងមានលក្ខណៈជាបណ្តោះអាសន្នតែប៉ុណ្ណោះ ប៉ុន្តែកម្មវិធីច្រកទ្វារមាសនោះនឹងមិនត្រូវបានគេបើកឡើងវិញនោះទេ។

តាមរយៈការបំបែកប្រាក់ដុល្លារចេញពីមាស និងលុបចោលកិច្ចព្រមព្រៀង Bretton Woods នោះ សហរដ្ឋអាមេរិកនឹងបោះពុម្ភប្រាក់ដុល្លារតាមរយៈប្រាក់ Fiat ។ ពិភពលោកនឹងត្រូវតែផ្តល់ទំនុកចិត្តដល់សហរដ្ឋអាមេរិកក្នុងការក្លាយជាអ្នកថែរក្សារូបិយបណ្ណបម្រុងរបស់ពិភពលោកដ៏ល្អ។

ដើម្បីឱ្យប្រាកដថា ប្រាក់ដុល្លារនឹងរក្សាតួនាទីសកលរបស់ខ្លួន លោក Nixon បានបញ្ជូនរដ្ឋមន្ត្រីការបរទេសគាត់ គឺលោក Henry Kissinger ទៅកាន់ប្រទេស Saudi Arabia ដើម្បីបញ្ចុះបញ្ចូលរាជាណាចក្រនោះឱ្យលក់ប្រេងរបស់ខ្លួនដោយគិតជាប្រាក់ដុល្លារ។ ជាការតបស្នង សហរដ្ឋអាមេរិកនឹងធ្វើជាអ្នកការពាររាជាណាចក្រនោះ ហើយកិច្ចព្រមព្រៀងនេះបានធ្វើឱ្យគេដាក់ឈ្មោះហៅក្រៅរបស់ប្រាក់ដុល្លាថា ជាប្រាក់ដុល្លារប្រេង (petrodollar)។

ក្រោយលោក Nixon បានផ្តាច់ចំណងប្រាក់ដុល្លារជាមួយមាសមក ស្ថាប័នរដ្ឋរបស់អាមេរិកបានបាត់បង់វិន័យហិរញ្ញវត្ថុរបស់ខ្លួន។ សហរដ្ឋអាមេរិកនឹងមិនអាចមានតុល្យការថវិកាជាថ្មីទៀតនោះទេ ក្រោយពួកគេបានបិទកម្មវិធីច្រកទ្វារមាសនោះមក ហើយបំណុលជាតិក៏បានរីកធំជាលំដាប់ ហើយឱនភាពពាណិជ្ជកម្មខ្លួនក៏រីកធំដូចគ្នាផងដែរ។

អ្នកនយោបាយដែលបានឡើងឈរឈ្មោះដឹកនាំប្រទេសបានសន្យាថា នឹងធ្វើការចំណាយប្រាក់បន្ថែមទៀតទៅលើលំនៅដ្ឋាន និងវិស័យការពារជាតិដោយពុំខ្វល់នឹងភាពរាំងស្ទះខាងថវិកានោះទេ។ ក្របខណ្ឌ Modern Monetary Theory បានផ្តល់ការគាំទ្រដល់សញ្ញាណនេះ ហើយប្រទេសដែលបានបោះពុម្ភរូបិយបណ្ណផ្ទាល់ខ្លួន មិនអាចជួបប្រទះនឹងការក្ស័យធនបានទេ។

ជាលទ្ធផល ឱនភាពថវិកាបានស្ថិតនៅក្នុងស្ថានភាពរ៉ាំរ៉ៃ ហើយបំណុលជាតិបានកើនឡើងជាលំដាប់។ រដ្ឋាភិបាលអាចបង្កើតប្រាក់បំណុល ដោយពុំចាំបាច់ត្រូវព្រួយបារម្ភថានឹងមានប្រទេសណាចេញមកទាមទារមានតម្លៃស្មើមាសរបស់អាមេរិកនោះទេ។

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបង្កើតបំណុលដល់កម្រិតថ្មីមួយ នៅក្រោយវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ ហើយធនាគារដែលមានសារៈសំខាន់សម្រាប់រដ្ឋាភិបាលមួយចំនួនបានប្រឈមមុខនឹងភាពក្ស័យធន។ រដ្ឋាភិបាលអាមេរិក បានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីបញ្ចៀសគ្រោះមហន្តរាយហិរញ្ញវត្ថុ ហើយទំហំពិតប្រាកដនៃថវិកាសម្រាប់សង្គ្រោះដល់ទីផ្សារហិរញ្ញវត្ថុត្រូវបានគេបំភ្លៃយ៉ាងក្រាស់ក្រែល។

រយៈពេល ១០ ឆ្នាំក្រោយមក រដ្ឋាភិបាលអាមេរិកបានបន្ថែមប្រាក់រាប់ទ្រីលានបន្ថែមទៀតទៅក្នុងបំណុលជាតិ ដើម្បីដោះស្រាយបញ្ហាដែលបង្កឡើងដោយកូវីដ-១៩។ នៅចន្លោះឆ្នាំ ២០០៨ និង ២០២០ បំណុលជាតិរបស់អាមេរិកបានកើនពី ៩ ទ្រីលានដុល្លារ ដល់ចំនួនជិត ៣០ ទ្រីលានដុល្លារ។

ដោយសារប្រាក់ដុល្លារត្រូវបានគេផ្តាច់ចេញពីមាស បំណុលជាប្រាក់ដុល្លារបានចាប់ផ្តើមជួបប្រទះនឹងរឿងរ៉ាវស្រដៀងគ្នាទៅនឹងគ្រោងការណ៍ Ponzi scheme ។

ខណៈដែលប្រាក់បំណុលបានរីកធំ ការបង់ការប្រាក់សម្រាប់បំណុលជាតិបានក្លាយជាបញ្ហាថវិកា ដែលរីកធំធាត់គ្មានទីបញ្ចប់ ហើយមានតែថវិកាដែលត្រូវចំណាយលើវិស័យការពារជាតិប៉ុណ្ណោះ ដែលមានចំនួនច្រើនជាងថវិកានេះ។ ដោយសារឱនភាពថវិកាដ៏រ៉ាំរ៉ៃរដ្ឋាភិបាលអាមេរិកអាចធ្វើការសងបំណុលរបស់ខ្លួនបានតាមរយៈការបង្កើនបំណុលបន្ថែមទៀតតែប៉ុណ្ណោះ។

វាដល់វេនរបស់ប្រទេសចិនដែលត្រូវជួយប្រទះនឹងការព្រួយបារម្ភនេះម្តង។ ប្រទេសចិនបានក្លាយទៅជាអ្នកទទួលផលប្រយោជន៍ដ៏ធំមួយពីគោលនយោបាយសកលភាវូបនីយកម្ម ដែលដឹកនាំដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៧០ មក ប្រទេសចិនបានជម្រុញឱ្យពលរដ្ឋខ្លួនភាគច្រើនអោយបានចាកចេញពីភាពក្រីក្រនៅក្នុងរយៈពេលត្រឹមតែប៉ុន្មានទសវត្សរ៍ប៉ុណ្ណោះ។

ការនាំចេញទំនិញដែលមានតម្លៃទាបរបស់ចិនទៅសហរដ្ឋអាមេរិក បានធ្វើឱ្យសម្ពាធអតិផរណាកាន់តែអាក្រក់ ដែលនេះគឺជាបច្ច័យធម្មតានៃការបង្កើតលុយច្រើនជាងការពង្រីកទំហំសេដ្ឋកិច្ច។ ត្រឹមឆ្នាំ ២០២០ សហរដ្ឋអាមេរិកបានបញ្ជូនប្រាក់ជិត ១ ពាន់លានដុល្លារក្នុងមួយថ្ងៃទៅប្រទេសចិន ដើម្បីរ៉ាប់រងលើឱនភាពពាណិជ្ជកម្មរបស់ខ្លួន។

បំណុលជាតិរបស់សហរដ្ឋអាមេរិកកើនឡើងមួយលានដុល្លាររៀងរាល់ 40 វិនាទី។

ដើម្បីបង្វែរប្រាក់ដុល្លារទាំងនេះមកវិញ ប្រទេសចិនបានវិនិយោគប្រាក់ជាង ១ ទ្រីលានដុល្លារនៅក្នុងរតនាគារសហរដ្ឋអាមេរិកដែលការវិនិយោគនេះត្រូវបានគេមើលឃើញជាយូរមកថា ជាការវិនិយោគដ៏មានសុវត្ថិភាព និងមានតម្លៃជាទ្រព្យបញ្ចាំ។

នៅឆ្នាំ ២០០៨ ប្រទេសចិនកាន់តែមានកង្វល់អំពីទំហំនៃកញ្ចប់សង្គ្រោះទីផ្សារហិញ្ញវត្ថុ និងការបន្តកើនឡើងនូវប្រាក់បំណុលរបស់អាមេរិកជាលំដាប់នោះ។ ដើម្បីទប់ទល់នឹងបញ្ហានេះ ប្រទេសចិនបានចាប់ផ្តើមទិញមាស ស្បៀងអាហារ និងមុខទំនិញផ្សេងៗទៀតដែលមានតម្លៃជាក់ ច្បាស់ និងដែលអាចប៉ាន់ស្មានបាន។

ប្រទេសចិនមានភាពតានតឹងក្នុងការកាន់កាប់មាសរបស់ខ្លួន ប៉ុន្តែក្រុមអ្នកសង្កេតការនៅក្នុងសហគមន៍ជួញដូរមាសជឿជាក់ថា ពេលនេះប្រទេសចិនមានមាសច្រើនជាងអាមេរិក។ ហើយប្រសិនបើអញ្ចឹងមែននោះ វានឹងធ្វើឱ្យប្រទេសចិនមានមាសបម្រុងច្រើនជាងគេបង្អស់នៅក្នុងពិភពលោក។

ប្រទេសផ្សេងៗទៀតកំពុងតែមានការព្រួយបារម្ភអំពីប្រាក់ដុល្លារ និងប្រព័ន្ធហិរញ្ញវត្ថុសកលដែលយកប្រាក់ដុល្លារជាមូលដ្ឋាន និងបានបន្តទិញមាសយ៉ាងច្រើនសន្ធឹកសណ្ធាប់។ បណ្តាធនាគារកណ្តាលនៅទូទាំងពិភពលោកបានប្រមូលយកមាសរបស់គេមកវិញ ក្រោមពាក្យស្លោកថា «ប្រសិនបើអ្នកមិនកាន់កាប់វាទេ អ្នកមិនមែនជាម្ចាស់របស់វានោះទេ»។

ក្នុងរយៈពេល ៥០០ ឆ្នាំកន្លងមកនេះ ប្រទេសលោកខាងលិចមានរូបិយបណ្ណបម្រុងចំនួន ៦ គឺរូបិយបណ្ណបម្រុងរបស់ប្រទេសព័រទុយហ្កាល់ (១៤៥០-១៥៣០), អេស្ប៉ាញ (១៥៣០-១៦៤០), ហូឡង់ (១៦៤០-១៧២០), បារាំង (១៧២០-១៨១៥), ចក្រភពអង់គ្លេស (១៨១៥-១៩២០) និងសហរដ្ឋអាមេរិក (១៩៤៤ រហូតមកដល់បច្ចុប្បន្ន)។ ប្រវត្តិសាស្ត្របានបង្ហាញថា ប្រាក់ដុល្លារនៅចាំតែថ្ងៃផុតរលត់តែប៉ុណ្ណោះ។

ប្រទេសចិន, ថៃ និងប្រទេសផ្សេងៗជាច្រើនទៀត កំពុងធ្វើតេស្តប្រព័ន្ធទូទាត់ប្រាក់ឆ្លងកាត់ព្រំដែនថ្មីមួយដែលពឹងផ្អែកលើបច្ចេកវិទ្យា ហើយត្រូវបានអភិវឌ្ឍឡើងសម្រាប់ប្រាក់យ័នឌីជីថល។ ប្រទេសរុស្ស៊ីនិងចិនបានយល់ស្របគ្នាក្នុងការប្រើប្រាស់ប្រាក់យ័ននិង ប្រាក់រូប្ល៍ (ruble) សម្រាប់ការធ្វើពាណិជ្ជកម្មផ្នែកថាមពលរបស់រុស្ស៊ី និងបច្ចេកវិទ្យារបស់ចិន។

អ្វីដែលធ្វើឱ្យសហរដ្ឋអាមេរិកព្រួយបារម្ភបំផុតនោះ គឺប្រទេស Saudi Arabia ដែលជាសមាជិកដ៏មានឥទ្ធិពលបំផុតនៅក្នុងអង្គការ OPEC។  មេដឹកនាំ Saudi កំពុងតែធ្វើការចរចាជាមួយប្រទេសចិន អំពីការលក់ប្រេងជាប្រាក់យ័ន ខណៈប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ចម្បងរបស់ប្រទេស Saudi Arabia។

ការរីកធំឡើងនៃចលនា «បដិ-ដុល្លារភាវូបនីយកម្ម» នៅអាស៊ីគឺជាហេតុផលសម្រាប់ពន្យល់ថា: ហេតុអ្វីបានជាវាក្លាយជារឿងចាំបាច់សម្រាប់សហរដ្ឋអាមេរិកក្នុងការរក្សាឱ្យទ្វីបអឺរ៉ុបស្ថិតនៅក្នុងក្រុមអ្នកគាំទ្រប្រាក់ដុល្លារ។ វាគឺជារឿងចាំបាច់ក្នុងការរារាំងទំនាក់ទំនងសេដ្ឋកិច្ចដែលកំពុងតែរីកធំឡើងរវាងទ្វីបអឺរ៉ុបនិងទ្វីបអាស៊ី ហើយនេះក៏ជាមូលហេតុដែលប្រធានាធិបតីអាមេរិកទាំង ៤ រូប ចុងក្រោយតែងតែចង់កម្ទេចបំពង់បង្ហូរឧស្ម័ន Nord Stream 2 នោះ។

ប្រទេសរុស្ស៊ី មិនត្រឹមតែមានធនធានថាមពលដ៏ធំសម្បើមប៉ុណ្ណោះទេ ប៉ុន្តែភូមិសាស្ត្រដ៏ទាក់ទាញរបស់ពួកគេអាចជួយតភ្ជាប់រវាងប្រទេសចិន ឥណ្ឌា និងទ្វីបអឺរ៉ុបបាន។ តំបន់សេដ្ឋកិច្ចអឺរ៉ាស៊ី នៃប្រទេសចំនួន ៩៣ និងពលរដ្ឋចំនួន ៥,៣ ពាន់លាននាក់ នឹងមិនចាំបាច់ត្រូវការពឹងផ្អែកទៅលើប្រាក់ដុល្លារនោះទេ។

សង្គ្រាមនៅអ៊ុយក្រែន នៅទីបំផុតនឹងត្រូវបានបញ្ចប់ ប៉ុន្តែសហរដ្ឋអាមេរិកបានធ្វើតាមអ្វីដែលខ្លួនចង់បានសម្រាប់ពេលនេះ។ ទ្វីបអឺរ៉ុបមួយភាគធំ ត្រូវបានកាត់ផ្តាច់ចេញពីប្រភពថាមពលរបស់រុស្ស៊ី ហើយការកម្ទេចចោលបំពង់បង្ហូរឧស្ម័ន Nord Stream 2 បានផាត់ចោលនូវដំណោះស្រាយដ៏សំខាន់មួយសម្រាប់សម្រុះសម្រួលបញ្ចប់នូវជម្លោះនេះ៕

Asia Times

អត្ថបទទាក់ទង