ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «តុលាការបារាំងបករបាំងមុខទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី»

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 63
លិខិតមិត្តអ្នកអាន៖ «តុលាការបារាំងបករបាំងមុខទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី» លិខិតមិត្តអ្នកអាន៖ «តុលាការបារាំងបករបាំងមុខទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី»

តុលាការក្រុងប៉ារីស ប្រទេសបារាំងបានចេញសាលក្រមនៅថ្ងៃចន្ទទី ១០ តុលានេះ ដោយបានសម្រេចផ្តល់ភាពស្អាតស្អំដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា មិនមានជាប់ពាក់ព័ន្ធនឹងការ ស្លាប់របស់លោក ហុក ឡងឌី ដូចការចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី នោះទេ។ តុលាការបារាំងក៏បានចាត់ទុកការចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី មកលើលោកនាយករដ្ឋមន្ត្រីថា ជាបទបរិហារកេរយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែ តុលាការបានអនុគ្រោះទោសដល់ទណ្ឌិតរូបនេះក្នុងការសងជំងឺចិត្តជានិមិត្តរូប ១ អឺរ៉ូ។ ទណ្ឌិតត្រកូលក្បត់ជាតិ សម រង្ស៊ី ត្រូវបានលោកនាយករដ្ឋមន្ត្រី និងលោក ឌី វិជ្ជា ប្តឹងទៅតុលាការ ប្រទេសបារាំងពីបទបរិហារកេរ្តិ៍បន្ទាប់ពីបុគ្គលនេះបានចោទប្រកាន់ដោយគ្មានមូលដ្ឋានអ្វីទាំងអស់ថា លោកនាយករដ្ឋមន្ត្រីជាអ្នករៀបចំផែនការសម្លាប់លោក ហុក ឡងឌី តាមរយៈការបំផ្ទុះឧត្ថម្ភាគចក្រ។

ទីបំផុត តុលាការក្រុងប៉ារីសក៏បានផ្តល់យុត្តិធម៌ជូនលោកនាយករដ្ឋមន្ត្រីនិងបានផ្តល់ភាពស្អាតស្អំដល់លោកនាយករដ្ឋមន្ត្រីដែលរងការនិយាយមួលបង្កាច់ដោយគ្មានភស្តុតាងពីសំណាក់ទណ្ឌិត សម រង្ស៊ី។ 

តាមពិត ការទាមទារសំណងជំងឺចិត្តមួយអឺរ៉ូគឺជាការសបញ្ចាក់ថា ដើមបណ្តឹងមិនមែនចង់បានប្រាក់នោះទេ ប៉ុន្តែគឺចង់បានយុត្តិធម៌ដើម្បីលាងជម្រះការមួលបង្កាច់របស់បុគ្គលម្នាក់ដែលខ្វះការទទួលខុសត្រូវ និងតែងតែប្រើវិធីមួលបង្កាច់អ្នកដទៃជាមធ្យោបាយដើម្បីធ្វើនយោបាយតែប៉ុណ្ណោះ។ ដូច្នេះសាលក្រមរបស់តុលាការបារាំងនាពេលនេះមានអត្ថន័យធំធេង និងមិនត្រឹមតែសម្រាប់ដើមបណ្តឹងប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសផងដែរ។ 

អត្ថន័យទី១៖ សាលក្រមតុលាការបារាំងគឺជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញថា រាល់សេចក្តីសម្រេចរបស់តុលាការកម្ពុជាទាំងប៉ុន្មាននាពេលកន្លងទៅដែលបានផ្តន្ទាទោសទណ្ឌិត សម រង្ស៊ី គឺជាសេចក្តីសម្រេចដ៏ត្រឹមត្រូវពីព្រោះមិនថាតុលាការប្រទេសណាឡើយ ការវិនិច្ឆ័យគឺដូចគ្នាដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់។ ជាក់ស្តែង អ្នកនយោបាយរូបនេះ ដែលតែងតែនិយាយបរិហារមួលបង្កាច់អ្នកដទៃដោយគ្មានភស្តុតាង គឺត្រូវតែចាញ់ក្តីដោយចៀសមិនផុត។ កន្លងទៅ ជននេះតែងចោទតុលាការកម្ពុជាថាស្ថិតក្រោមសម្ពាធរបស់បក្សកាន់អំណាច! ចុះឥឡូវ ពេលតុលាការបារាំងសម្រេចបែបនេះ តើបុគ្គលនេះហ៊ានចោទតុលាការបារាំងថាស្ថិតក្រោមអំណាចលោក ហ៊ុន សែន ដែរឬទេ? 

អត្ថន័យទី២៖ សាលក្រមតុលាការបារាំងបានបករបាំងមុខជនប្រជាធិបតេយ្យក្លែងក្លាយឲ្យគេបានឃើញទូទាំងសាកលលោក។ កន្លងទៅនេះ ទណ្ឌិតសម្បូររឿងឡើងតុលាការមិនស្វាងរូបនេះ តែងអះអាង និងអួតក្អេងក្អាងថា ខ្លួនជាអ្នកប្រជាធិបតេយ្យ និងស្អប់ខ្ពើមអំពើអយុត្តិធម៌។ ប៉ុន្តែធាតុពិត បុគ្គលនេះហើយដែលបានបង្កភាពអនាធិបតេយ្យ និងបានសាងភាពអយុត្តិធម៌ដល់អ្នកដទៃច្រើនរាប់មិនអស់។ គិតមកទល់ពេលនេះ ទណ្ឌិត សម រង្ស៊ី ជាប់បណ្តឹងរាប់មិនអស់ និងមានទោសជាប់ខ្លួនរាប់រយឆ្នាំឯណោះ គឺទោសដោយសារមាត់ឥតគម្រប និយាយបរិហារចោទប្រកាន់គេដោយគ្មានភស្តុតាង និងអំពើល្មើសច្បាប់របស់ខ្លួន។ សាលក្រមតុលាការបារាំងនាពេលនេះអាចបញ្ជាក់ប្រាប់ពលរដ្ឋខ្មែរគ្រប់រូបឲ្យបានឃើញច្បាស់ថា ទណ្ឌិត សម រង្ស៊ី មិនមែនជាកូនចៀមគួរឲ្យអាណិតនោះទេ ប៉ុន្តែជាចចកពាក់ស្បែកចៀម។ 

អត្ថន័យទី៣៖ សាលក្រមតុលាការបារាំងពេលនេះសបញ្ជាក់ថា អ្នកសាងអំពើអាក្រក់ ទោះជារត់ទៅដល់ក្រហែងមេឃណា ក៏នៅតែមិនអាចគេចផុតពីសំណាញ់ច្បាប់បានដែរ រីឯមាសទឹកដប់ ទោះទៅដល់ទីណា ក៏នៅតែជាមាសទឹកដប់ដដែល ដោយមិនខ្លាចភ្លើងនោះឡើយ។ ជាក់ស្តែង ទណ្ឌិត សម រង្ស៊ី ដែលតែងតែអួតក្អេងក្អាងថា ខ្លួនរស់នៅលើទឹកដីបារាំងហើយអាចនិយាយអ្វីតាមអំពើចិត្ត ពីព្រោះតែអាជ្ញាធរកម្ពុជាមិនអាចធ្វើអ្វីខ្លួនបាននោះ ទីបំផុតត្រូវជាប់ក្នុងសំណាញ់ច្បាប់ប្រទេសបារាំងដោយចៀសមិនផុតឡើយ ដូចសុភាសិតមួយពោលថា «កុកអាចភ្លេចជុង តែជុងមិនដែលភ្លេចកុកឡើយ» 

អត្ថន័យទី៤៖ សាលក្រមតុលាការបារាំងពេលនេះបានបង្ហាញពីក្តីអាម៉ាស់យ៉ាងខ្លាំងចំពោះទណ្ឌិត សម រង្ស៊ី ដែលកន្លងទៅ ម៉ាត់ណាក៏និយាយរិះគន់បន្តុះបង្អាប់តុលាការកម្ពុជា ។ ប៉ុន្តែពេលនេះ តុលាការបារាំងក៏ចាត់ទុកសម្តីចោទប្រកាន់របស់ទណ្ឌិតរូបនេះថាជាបទបរិហារកេរ្តិ៍ធ្ងន់ធ្ងរដែរ។ ដូច្នេះ ទណ្ឌិតរត់ចោលស្រុកដោយសារសម្តីគ្មានការទទួលខុសត្រូវរូបនេះ ត្រូវតែទទួលយកការពិតទាំងក្តីអាម៉ាស់នេះដោយមិនអាចចៀសវាងបាន។ គឺជាក្តីអាម៉ាស់លើកទី២ ហើយរបស់ទណ្ឌិត សម រង្ស៊ី បន្ទាប់ពីលើកទី១ បានចាញ់ក្តីលោក ហោ ណាំហុង ក្នុងរឿងបរិហារកេរ្តិ៍ដោយគ្មានភស្តុតាងដូចគ្នានេះដែរ។ 

សរុបទៅ ទណ្ឌិត សម រង្ស៊ី បានក្លាយជាមនុស្សអស់លក្ខណ៍ អស់តម្លៃ និងអស់សេចក្តីថ្លៃថ្នូរជាអ្នកនយោបាយតាំងពីរយូរមកហើយ ដោយសារតែការបំពានច្បាប់ បំពានអ្នកដទៃ និងបំភ្លៃការពិត ភូតកុហកពលរដ្ឋខ្មែរជារៀងរហូតមក។ ប្រការដែល សម រង្ស៊ី ចាញ់ក្តីក្នុងបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតុលាការបារាំងពេលនេះ គឺជាទីអវសាន្តនៃជីវិតនយោបាយរបស់ សម រង្ស៊ី ហើយ។ វាំងននបានរូតបិទផ្លូវចំពោះទណ្ឌិតរូបនេះជារៀងរហូតដោយគ្មានថ្ងៃអាចវិលចូលឆាកនយោបាយវិញបានឡើយ ហើយក៏គ្មាននរណានឹកគិតដល់ជនក្បត់ជាតិរូបនេះទៀតដែរ មិនថាក្នុងឆាកនយោបាយជាតិ ឬសហគមន៍អន្តរជាតិឡើយជាពិសេស បន្ទាប់ពីតុលាការបារាំងបានបករបាំងមុខបុគ្គលរូបនេះនាពេលនេះ៕

ដោយ: អ្នកនយោបាយតុកាហ្វេ

 

អត្ថបទទាក់ទង