ខ្មែរប៉ុស្ដិ៍ Close

មកស្វែងយល់ពីប្រវត្តិនៃពិធីបោះបាយបិណ្ឌ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 50

បាយបិណ្ឌគេដឹងទូទៅថារៀបចំបោះឱ្យប្រេត។ តើយើងស្គាល់រូបប្រេតតាំងពីពេលណា? នៅពេលបច្ចុប្បន្ននេះ យើងស្គាល់ប្រេត នៅតាមរូបគំនូរក្នុងទីវត្តអារាម និងតាមជញ្ជាំងនៃព្រះវិហារព្រះពុទ្ធសាសនាប៉ុណ្ណោះ។ ប៉ុន្តែអ្នកស្រាវជ្រាវវប្បធម៌ខ្មែរនៅអាជ្ញាធរជាតិអប្សរា លោក គ្រូអាំង ជូលាន បានប្រទះឃើញរូបភាពប្រេត នៅលើចម្លាក់មួយនៅប្រាសាទតានៃក្នុងតំបន់អង្គរ ហើយប្រហែលមានតែមួយគត់ដែលចាស់ជាងគេក្នុងសិល្បៈខ្មែរ។ អ្នកបុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានលើកបង្ហាញឱ្យឃើញថា យោងតាមគម្ពីរព្រះពុទ្ធសាសនាមហាយាន Kanradavyuha ដែលបានសរសេរនៅក្នុងតំបន់កាស្មៀនៃប្រទេសឥណ្ឌា តាំងពីអំឡុងសតវត្សរ៍ទី៥នៃគ្រីស្តរាជ និយាយពីរឿងរ៉ាវរបស់ព្រះអវលោកិតេសូរ ដែលព្រះបាទជ័យវរ្ម័នទី៧ បានយកមកប្រតិបត្តិក្នុងរជ្ជកាលរបស់ព្រះអង្គរនៅចុងសតវត្សរ៍ទី១២ មានបង្ហាញរឿងព្រះអវលោកិតេសូរសង្គ្រោះប្រេត។

តាំងតែពីជាង៩០០ឆ្នាំមុន អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ ទំនងជាប្រតិបត្តិគម្ពីរព្រះពុទ្ធសាសនាមហាយាន Karandavyaha តាំងពីអំឡុងចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣នៃគ្រីស្តសករាជ សម្រាប់ស្រោចស្រង់អ្នកស្លាប់ក្នុងចម្បាំងបង្ហូរឈាមដ៏ធំមួយ ដើម្បីរំដោះរាជធានីអង្គរចេញពីទ័ពចម្ប៉ា។ ដោយសារតែចម្បាំងនោះ ធ្វើឱ្យរាស្ត្រជាច្រើនបានស្លាប់ រួមទាំងព្រះញាតិវង្សផង រងទុក្ខវេទនា និរាសព្រាត់ប្រាស់គ្រួសារ ព្រមទាំងកងទ័ពរបស់ព្រះអង្គរជាច្រើនបានពលីជីវិត។ ព្រះអង្គមានព្រះទ័យជឿថា ព្រះញាតិវង្ស មន្រ្តី រាស្ត្រប្រជា និងកងទ័ពខ្លះ បានសុគត និងស្លាប់ទាំងនោះ មិនដឹងវិញ្ញាណក្ខ័ន្ធទៅដល់ទីណា ឬខ្លះដែលអាចនឹងទៅកើតជាប្រេត ទទួលរងទុក្ខទោសនៅឯឋានប្រេត។ មានតែព្រះអវលោកិតេសូរទេ តាមទំនៀមក្នុងគម្ពីរ Karandavyuha មានអំណាច និងលទ្ធភាពជួយសង្គ្រោះពួកប្រេតទាំងនោះឱ្យរួចផុតពីទុក្ខទោស និងឱ្យវិលមកកើតជាមនុស្សវិញបាន។

រឿងរ៉ាវ និងភស្ដុតាងអំពីប្រេតនេះ បានឆ្លាក់រូបទុកនៅលើហោជាងថ្ម នៃខ្លោងទ្វារខាងកើតរបស់ប្រាសាទតានៃក្នុងទឹកដីខេត្តសៀមរាបបន្សល់ទុកមកដល់បច្ចុប្បន្ន។ លើសពីនេះទៀត នៅក្នុងជំនឿរបស់ព្រាហ្មណ៍សាសនា ដើម្បីសង្គ្រោះពួកប្រេតទាំងឡាយឱ្យអាចវិលមកកើតជាមនុស្សវិញបាននោះ មានកិច្ចពិធីមួយ គឺបោះបាយបិណ្ឌដែលបុព្វបុរសខ្មែរតែងតែធ្វើរហូតក្លាយទៅជាប្រពៃណីរបស់ខ្លួនមកដល់បច្ចុប្បន្ន។ លោក អ៊ឹម សុខរិទ្ធី បានឱ្យដឹងថា តាមសិលាចារិកថ្នល់បាយរាណ៍ លេខសំគាល់ K279 គឺនិយាយអំពីពិធីបុណ្យមួយតាមព្រហ្មញ្ញសាសនា ដែលភាសាសំស្រ្កឹតហៅថា «ស្រាទ្ធា» គឺជាពិធីបោះបាយបិណ្ឌ ដើម្បីជួយស្រោចស្រង់ដល់ព្រលឹងអ្នកស្លាប់ដែលបានទៅកើតជាប្រេតហើយនោះ ឱ្យអាចវិលត្រឡប់មកកើតជាមនុស្សវិញ។

ការបោះបាយបិណ្ឌ មិនមែនក្នុងន័យបោះដើម្បីឱ្យពពួកប្រេត ដែលកំពុងស្រេកឃ្លានទាំងនោះ បានទទួលទានចំអែតក្រពះទេ។ គឺបាយដែលគេពូតចេញពីអង្ករដំណើបដែលស្អិតចំនួន១៩ពំនូត ជាតំណាងឱ្យរូបកាយដែលអាចឱ្យព្រលឹងរបស់អ្នកស្លាប់ ដែលកើតទៅជាប្រេត អាចមកចាប់យករូបកាយបាន ហើយក៏អាចវិលមកកើតជាមនុស្សវិញបាន។ តាមទំនៀមខ្មែរជឿថាមនុស្សគ្រប់រូប គឺមានធាតុពីរសំខាន់គឺ៖ ទី១នាម(ព្រលឹង) ទី២គឺរូប(រាងកាយ)។ នៅពេលដែលមនុស្សស្លាប់ទៅនៅសល់តែនាមគឺព្រលឹង ចំណែកឯរូបវិញ គឺបានរលាយបាត់ទៅហើយ។ ដោយសារហេតុផលនេះគេជឿថាដើម្បី ឱ្យអ្នកស្លាប់អាចវិលមកកើតជាមនុស្សវិញបាន គឺទាល់តែធ្វើឱ្យនាមនិងរូបបានភ្ជាប់គ្នាឡើងវិញ។ ដូច្នេះហើយបានជាបុព្វបុរសខ្មែរ ប្រារព្វធ្វើពិធីបោះបាយបិណ្ឌ នៅក្នុងពេលភ្ជុំបិណ្ឌនេះឡើង។

តើពិធីបោះបាយបិណ្ឌ ធ្វើបានតែនៅពេលភ្ជុំបិណ្ឌឬនៅពេលណាខ្លះទៀត? តាមអ្នកស្រាវជ្រាវសិលាចារិកសម័យបុរាណ បានរកឃើញថាពិធីបោះបាយបិណ្ឌ ដើម្បីជួយស្រោចស្រង់ ព្រលឹងអ្នកស្លាប់ ដែលបានទៅកើតជាប្រេត ឱ្យអាចវិលត្រឡប់មកកើតជាមនុស្សវិញនោះ មិនមែនអាចធ្វើបានតែក្នុងពេលបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះទេ។ ពិធីនេះគឺអាចធ្វើបាន៤ដងក្នុង១ឆ្នាំ គឺនៅពេលបុណ្យភ្ជុំបិណ្ឌ នៅពេលព្រឹត្តិការណ៍យប់ និងថ្ងៃស្មើគ្នា(សមរាត្រី)កើតឡើង២ដងក្នុង១ឆ្នាំ នៅពេលមានព្រឹត្តិការណ៍យប់វែងជាងថ្ងៃកើតឡើងម្ដងក្នុង១ឆ្នាំ និងនៅពេលដែលមានព្រឹត្តិការណ៍ថ្ងៃវែងជាងយប់កើតឡើងម្ដងក្នុង១ឆ្នាំ។

នៅស្រុកឥណ្ឌា តាមជំនឿព្រហ្មញ្ញសាសនា ការបោះបាយបិណ្ឌដើម្បីជួយស្រោចស្រង់ ព្រលឹងអ្នកស្លាប់ ដែលបានទៅកើតជាប្រេត ឱ្យអាចវិលត្រឡប់មកកើតជាមនុស្សវិញនោះ គឺគេធ្វើឡើងទៅតាមគ្រួសារតូចៗប៉ុណ្ណោះ។ ប៉ុន្តែទំនៀមនេះ ត្រូវបានព្រះមហាក្សត្រខ្មែរសម័យបុរាណ យកមកធ្វើជាទម្រង់ពិធីធំ និងទូលំទូលាយរបស់ខ្មែរ សម្រាប់ញាតិសន្តានច្រើនជំនាន់ សាច់សារលោហិត មនុស្សចាស់ ក្មេងៗ អ្នកពុំមានទីពំនាក់ ជាពិសេសគឺដឹងគុណដល់អ្នកសេ្នហាជាតិទាំងឡាយដែលបានស្លាប់ដោយសារការធ្វើចម្បាំងការពារទឹកដី ប្រទេសជាតិ ក៏ទទួលបានការឧទ្ទិសនេះផង ហើយបន្តបន្ទាប់មកទៀត កិច្ចពិធីនេះបានក្លាយទៅជាពិធីបុណ្យធំដុំរហូតដល់ក្លាយជាបុណ្យជាតិ និងប្រពៃណីដ៏ធំជាងគេតែម្ដង៕

អត្ថបទ៖ យី សុថា
រូបភាព៖ យី សុថា, អ៊ូ គង្គា, ហ៊ុ រិទ្ធី, រដ្ឋ ផល្លីន

អត្ថបទទាក់ទង