ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «នៅលើលោកនេះ គ្មានអ្នកណាមានសិទ្ធិបង្ខំថៅកែឲ្យយកខ្លួនធ្វើការទេ»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 47
លិខិតមិត្តអ្នកអាន៖ «នៅលើលោកនេះ គ្មានអ្នកណាមានសិទ្ធិបង្ខំថៅកែឲ្យយកខ្លួនធ្វើការទេ» លិខិតមិត្តអ្នកអាន៖ «នៅលើលោកនេះ គ្មានអ្នកណាមានសិទ្ធិបង្ខំថៅកែឲ្យយកខ្លួនធ្វើការទេ»

សកម្មភាពរបស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដែលទាមទារឲ្យថៅកែទទួលយកពួកគេឲ្យចូលធ្វើការវិញ បានធ្វើឲ្យសាធារណៈមតិជាច្រើនសម្តែងការហួសចិត្តជាពន់ពេក ដ្បិតនៅក្នុងពិភពលោកយើងនេះ គ្មានបុគ្គលិកណាមានសិទ្ធិធ្វើបែបនេះនោះឡើយ។ ជាធម្មតា នៅក្នុងនីតិវិធីនៃការជ្រើសរើសបុគ្គលិក ថៅកែឬនិយោជកត្រូវប្រកាសឲ្យអ្នកចង់បានការងារធ្វើដាក់ពាក្យសុំ និងផ្ញើប្រវត្តិរូបសង្ខេប (CV) ឲ្យក្រុមហ៊ុនដើម្បីពិនិត្យមើលមុននឹងសម្រេចធ្វើសម្ភាសន៍ដើម្បីជ្រើសរើស។

នៅពេលជជែកត្រូវគ្នាអំពីការងារ ការទទួលខុសត្រូវ និងប្រាក់ខែរួចរាល់ ភាគីបុគ្គលិកនិងនិយោជកត្រូវចុះកិច្ចសន្យាការងារដែលក្នុងនោះ ភាគីនិយោជិតមានសិទ្ធិលាឈប់ដោយគ្រាន់តែជូនដំណឹងជាមុនទៅក្រុមហ៊ុនក្នុងថេរៈវេលាមួយដែលមានកំណត់ក្នុងកិច្ចសន្យា។ ចំណែកឯភាគីនិយោជកវិញ ក៏មានសិទ្ធិបញ្ឈប់បុគ្គលិកវីញដែរក្នុងករណីដែលគេយល់ ឃើញថា បុគ្គលិករូបនោះមិនបាន បំពេញការងារដែលបានសន្យា ឬក៏ក្នុងករណីដែលក្រុមហ៊ុនត្រូវការកាត់បន្ថយបុគ្គលិកដោយប្រការណាមួយ។

ក្នុងករណីនេះ ភាគីនិយោជកមានកាតព្វកិច្ចផ្តល់អត្ថប្រយោជន៍នានាដល់បុគ្គលិកទៅតាមច្បាប់ការងារដែលបានកំណត់។ នេះគឺជានីតិវិធីការងារដែលគ្រប់ប្រទេសទាំងអស់នៅក្នុងពិភពលោកលោកតែងតែអនុវត្ត។ ចំពោះករណីអតីតបុគ្គលិកណាហ្គាវើល ក៏ដូចគ្នាដែរ ។

ភាគីទាំងសងខាងពោលគឺទាំងបុគ្គលិកនិងនិយោជកសុទ្ធតែមានសិទ្ធិលាឈប់ពីការងារ ឬបញ្ឈប់បុគ្គលិកពីការងារដោយអនុវត្តតាមកិច្ចសន្យានិងច្បាប់ការងារ។ ភាគីនិយោជិតមានសិទ្ធិទាមទារអត្ថប្រយោជន៍ផ្សេងៗក្នុងករណី ដែលថៅកែមិនផ្តល់ឲ្យទៅតាមច្បាប់ការងារ។ ប៉ុន្តែករណីអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលជារឿងដ៍ចម្លែកអស្ចារ្យ នៅត្រង់ថា បុគ្គលិកដែលត្រូវបានគេបញ្ឈប់ពីការងារ ដោយសារផលប៉ះពាល់នៃជម្ងឺរាតត្បាតសាកលកូវិដ-១៩មកលើអាជីកម្មរបស់ក្រុមហ៊ុនណាហ្គាវើល បែរជាធ្វើបាតុកម្មតវ៉ាឲ្យនិយោជកទទួលយកខ្លួនចូលធ្វើការវិញ ទោះបីជានិយោជកបានដោះស្រាយតាមច្បាប់ការងារដើម្បីផ្តល់អត្ថប្រយោជន៍ជូនខ្លួនហើយក៏ដោយ។ ការទាមទារបែបនេះគឺពិតជាខុសច្បាប់ខុសទំនង និងជាអំពើដោយទំនើងចិត្ត។

តើមេដឹកនាំសហជីពដែលដឹកនាំការទាមទារបែបនេះ សំអាងលើអ្វី? តើអង្គការសង្គម ស៊ីវិលទាំងឡាយដែលគាំទ្រការទាមទារបែបនេះមានយកច្បាប់ការងារមកមើលទេ? ហេតុអ្វីបានជាពួកគេនាំគ្នាការពារអំពើខុសច្បាប់ និងខុសទំនងបែបនេះ? ចំណែកឯបុគ្គលិកដែលចំណាយពេលជាច្រើនខែដើម្បីទាមទារខុសច្បាប់និងខុសទំនងនេះបានអ្វីមកវិញ? ហេតុអ្វីពួកគេមិនទទួល យកសំណងហើយទៅរកការងារថ្មីធ្វើ? សំណួរទាំងអស់នេះបញ្ជាក់ឲ្យឃើញថា ការទាមទារ នេះទំនងជាមានរបៀបវារៈអ្វីនៅពីក្រោយខ្នង ហើយភស្តុតាងដែលបានបែកធ្លាយជាបន្តបន្ទាប់តាមប្រព័ន្ធផ្សព្វផ្សាយសង្គមក៍ពិតជាអាចបញ្ជាក់បានថាមានអ្នកនៅពីក្រោយខ្នង ជាពិសេស ពួកបរទេសអមិត្តជាមួយរដ្ឋាភិបាលក្រុងភ្នំពេញដែលកន្លងមកបានវិិនិយោគមកលើបណ្តាមេក្លោងដឹកនាំបាតុកម្មខុសច្បាប់នេះ «ចាំការពារនិងកាងដែរដើម្បីបំរើគោលដៅ នយោបាយរបស់ពួកគេ»។

ច្បាប់ក៏មិនត្រូវ ភាពសមទំនងក៏គ្មាន ប៉ុន្តែសកម្មភាពនៅតែបន្តធ្វើ ហើយការគាំទ្រពីសំណាក់សង្គមស៊ីវិលមាននិន្នាការនយោបាយប្រឆាំងមួយក្តាប់តូច ក៏នៅតែបន្តធ្វើ។ ចំណែកអ្នកអនុវត្តច្បាប់ និងអ្នកដែលខិតខំសម្របសម្រួលបែរជាត្រូវគេចោទប្រកាន់ថា បានបំពានសិទ្ធិបុគ្គលិក ឬលម្អៀងទៅរកថៅកែទៅវិញ។ តើនេះឬជាសេរីភាព របស់សហជីព និងសង្គមស៊ីវិល នៅកម្ពុជា?

នៅពេលដែលអ្នកទាំងអស់នោះប្រព្រឹត្តបំពានច្បាប់ដោយជ្រកក្រោមស្លាកសិទ្ធសេរីភាពក្នុងការតវ៉ា តើច្បាប់ការងារបង្កើតមកធ្វើអ្វី? ចុះក្រុមប្រឹក្សាអាជ្ញាកណ្តាល ឬតុលាការ មានប្រយោជន៍អ្វី បើអ្នកបំពានច្បាប់មិនស្តាប់តាម?

រឿងនេះទុកឲ្យមហាជនជាអ្នកវាយតម្លៃទៅចុះ និងទុកឲ្យស្ថាប័នមានសមត្ថកិច្ចចាត់ការទៅចុះ ។ប៉ុន្តែ សម្រាប់អ្នកតាមដានបញ្ហា សង្គម ក៏ដូចជាសាធារណៈមតិ គេពិតជាយល់ច្បាស់ណាស់ថា នៅក្នុងសិទ្ធិការងារ បុគ្គលិកគ្រប់រូបមានសិទ្ធិជ្រើសរើសការងារដែលខ្លួនចង់ធ្វើ ហើយមានសិទ្ធិលាឈប់ពីការងារដែលខ្លួនយល់ថា មិនបានផ្តល់ប្រយោជន៍គ្រប់គ្រាន់ដល់ខ្លួន។ ចំណែកភាគីនិយោជកវិញក៏មានសិទ្ធិជ្រើសរើសបុគ្គលិកមកបំរើការងារជាថ្នូរនឹងប្រាក់ខែដែរ។ថៅកែក៏មានសិទ្ធិបញ្ឈប់បុគ្គលិក ដែរនៅពេលដែលគេយល់ ឃើញថា បុគ្គលិករូបនោះគ្មានសមត្ថភាពឬមិនបំពេញការងារដូចកិច្ចសន្យា ឬក្នុងករណីដែលក្រុមហ៊ុនជួបវិបត្តិដែលតម្រូវឲ្យកាត់បន្ថយបុគ្គលិក។

សូមចងចាំថា នៅលើលោកនេះ គ្មានថៅកែណាមានសិទ្ធិបង្ខំបុគ្គលិកឲ្យធ្វើការដែលគេមិនចង់ធ្វើនោះឡើយ។ ចំណែកឯបុគ្គលិកវិញ ក៏គ្មានសិទ្ធិឯណាទៅ បង្ខំថៅកែឲ្យទទួលយកខ្លួនមកធ្វើការដែរ បើសិនជាថៅកែមិនពេញចិត្តពីព្រោះជាការងារដែលថៅកែត្រូវបង់ប្រាក់ខែ។ នេះគឺជា ភាពឡូហ្សិក និងក្រឹត្យក្រមនៅក្នុងពិភពការងារដែលគ្រប់ប្រទេសទាំងអស់តែងតែអនុវត្ត ហើយដែលបុគ្គលិក សហជីព នៃក្រុមហ៊ុនណាហ្គាវើលក៏ដូចជាអង្គការសង្គមស៊ីវិលទាំងឡាយត្រូវបើកភ្នែកមើល។ សកម្មភាពខុសច្បាប់ ខុសទំនង ខុសក្រឹត្យក្រមការងារ ដោយគ្រាន់តែសំអាងលើពាក្យថា សេរីភាពក្នុងការតវ៉ា មិនបានផ្តល់ប្រយោជន៍ ឬតម្លៃដល់សង្គម និងដល់ខ្លួនឯងឡើយ។

យើងតាំងខ្លួនជាអ្នកកាពារសិទ្ធិការងារ តែបែរជាធ្វើអំពើខុសច្បាប់ និងក្រឹត្យក្រមការងារទៅវិញ តើមានន័យយ៉ាងដូចម្តេច? ហេតុអ្វីមិននាំគ្នាធ្វើសកម្មភាពគោរពច្បាប់និងខគោរពក្រឹត្យក្រមការងារក៏ដូចជាភាពសមទំនងដើម្បីជាគំរូដល់បុគ្គលិកផ្សេងទៀត តែបែរជាមកធ្វើសកម្មភាពខុសឆ្គងបែបនេះទៅវិញ?

ដោយ : សាស្ត្រាចារ្យសាកលវិទ្យាល័យកំពង់ចាម

អត្ថបទទាក់ទង