ខ្មែរប៉ុស្ដិ៍ Close

អឺរ៉ុបកំពុងដើរចូលទៅក្នុងសង្គ្រាមលោកជាថ្មីដោយមិនដឹងខ្លួន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 27
អឺរ៉ុបកំពុងដើរចូលទៅក្នុងសង្គ្រាមលោកជាថ្មីដោយមិនដឹងខ្លួន អឺរ៉ុបកំពុងដើរចូលទៅក្នុងសង្គ្រាមលោកជាថ្មីដោយមិនដឹងខ្លួន

ជាង ១០០ ឆ្នាំក្រោយសង្គ្រាមលោកលើកទី១ បណ្តាមេដឹកនាំអឺរ៉ុបកំពុងដើរឆ្ពោះទៅកាន់សង្គ្រាមទ្រង់ទ្រាយធំជាថ្មីម្តងទៀតដោយមិនដឹងខ្លួន។ នៅឆ្នាំ ១៩១៤ បណ្តារដ្ឋាភិបាលអឺរ៉ុបជឿថា «សង្គ្រាមនឹងមានរយៈ ពេលត្រឹមតែ ៣ សប្តាហ៍ប៉ុណ្ណោះ» ក៏ប៉ុន្តែជាក់ស្តែង វាបានអូសបន្លាយរហូតដល់ ៤ ឆ្នាំ និងបានបណ្តាលឱ្យមនុស្សជាង ២០ លាននាក់ស្លាប់បាត់បង់ជីវិត។ សង្គ្រាមនៅអ៊ុយក្រែនបាននិងកំពុងលាតត្រដាងឱ្យឃើញនូវស្ថានភាពដូចគ្នានេះ។

មនុស្សភាគច្រើនយល់ថា «ជនឈ្លានពានគួរតែត្រូវបានបង្ក្រាប និងត្រូវទទួល រងនូវការបរាជ័យ»។ នៅពេលនោះ ប្រទេសដែលចាញ់សង្គ្រាមគឺអាល្លឺម៉ង់ ហើយសម្លេងប្រឆាំងមួយចំនួន ដូចជាពីសំណាក់លោក John Maynard Keynes បានលើកឡើងថា «ការបាក់មុខរបស់អាល្លឺម៉ង់នឹងបង្កជាគ្រោះមហន្តរាយ»។

ការព្រមានទាំងនេះ មិនត្រូវបានគេអើពើនោះទេ ហើយនៅ ២០ ឆ្នាំក្រោយមក តំបន់អឺរ៉ុបបានវិលធ្លាក់ទៅក្នុងសង្គ្រាមដែលបានអូសបន្លាយពេល ៦ ឆ្នាំ និងបានសម្លាប់មនុស្សអស់ ៧០ លាននាក់។ ប្រវត្តិសាស្ត្រទំនងជានឹងមិនកើតឡើងជាថ្មីវិញទេ ហើយវាក៏មិនបានបង្រៀនយើងច្រើនដែរ ក៏ប៉ុន្តែវាបានបង្ហាញឱ្យឃើញនូវភាពស្រដៀងគ្នា និងភាពខុសគ្នាមួយចំនួន។

អឺរ៉ុបទទួលបានសន្តិភាពគួរសមកាល ពីរាប់រយឆ្នាំមុន។ សមាជក្រុងវីយ៉ែន (Congress of Vienna – 1814-15) បានពាំនាំទាំងអ្នកឈ្នះនិងអ្នកចាញ់ ពីសង្គ្រាម Napoleon មករួមគ្នាបង្កើតឱ្យមានសន្តិភាពដ៏យូរអង្វែងមួយ។

ប្រធានរបស់សមាជ លោក Klemens von Metternich បានបញ្ជាក់យ៉ាងច្បាស់ថា «អ្នកចាញ់ (បារាំង) ត្រូវបាត់បង់ទឹកដីដោយសារទង្វើរបស់ខ្លួន ហើយត្រូវចុះសន្ធិសញ្ញាជាមួយប្រទេសអូទ្រីស, អង់គ្លេស, Prussia និងរុស្ស៊ី ដើម្បីធានាឱ្យបាននូវសន្តិភាពប្រកបដោយសេចក្តីថ្លៃថ្នូរ»។

ខណៈពេលដែលសង្គ្រាម Napoleon បានកើតឡើងនៅក្នុងចំណោមមហាអំណាចអឺរ៉ុប សង្គ្រាមបច្ចុប្បន្នបានកើតឡើងរវាងមហាអំណាចអឺរ៉ុបមួយ (រុស្ស៊ី) និងមហាអំណាចមិនមែនអឺរ៉ុបមួយ (អាមេរិក)។ វាគឺជាសង្គ្រាមដោយប្រើកូនអុក (Proxy War) ដោយក្នុងនោះ ភាគីទាំង២ បាននិងកំពុងប្រើប្រាស់ប្រទេសអ៊ុយក្រែនជាទីលានប្រយុទ្ធដើម្បីសម្រេចឱ្យបាននូវគោលដៅភូមិសាស្ត្រយុទ្ធសាស្ត្ររបស់ពួកគេ។

រុស្ស៊ីកំពុងធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ដោយសារតែវាមានលក្ខណៈជាសង្គ្រាមជាមួយអង្គការ NATO ដោយមានអាមេរិកជាអ្នកបញ្ជានៅពីក្រោយ។ អង្គការ NATO បានក្លាយជាសេវាបម្រើផលប្រយោជន៍ភូមិសាស្ត្រយុទ្ធសាស្ត្ររបស់អាមេរិក ហើយរុស្ស៊ីបាននិងកំពុងព្យាយាមការពារសន្តិសុខរបស់ខ្លួន បន្ទាប់ពីការប្រើប្រាស់មធ្យោបាយដោយសន្តិវិធីបានរងនូវការបរាជ័យ។

ចាប់តាំងពីការបិទបញ្ចប់សង្គ្រាមត្រជាក់លើកទី១ មក សហរដ្ឋអាមេរិកបានខិតខំព្យាយាមផ្តួលរុស្ស៊ីបន្ថែមទៀត ខណៈដែលជាក់ស្តែង ការផ្តួលនោះបាននាំមកនូវផលប៉ះពាល់ច្រើនសម្រាប់សហរដ្ឋអាមេរិក។ សម្រាប់អង្គការ NATO គោលដៅនៃសង្គ្រាមនៅអ៊ុយក្រែនគឺ «ការបំបាក់រុស្ស៊ីឱ្យដល់ទីបំផុត» ដែលអាចឈានទៅដល់ការផ្លាស់ប្តូររបបដឹកនាំនៅរុស្ស៊ី។

រយៈពេលនៃសង្គ្រាមនៅពេលនេះ នឹងអាស្រ័យលើបញ្ហាថាតើ «គោលដៅមួយនេះនឹងអាចសម្រេចបាននៅពេលណា»។

តើរុស្ស៊ីអាចបញ្ចប់សង្គ្រាមនេះបានដោយរបៀបណា នៅពេលដែលនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បាននិយាយហើយថា ទណ្ឌកម្មលើរុស្ស៊ីនឹងនៅតែបន្តដាក់ បើទោះបីជារុស្ស៊ីនឹងប្រកាន់ជំហរបែបណាក៏ដោយនោះ?

តើទណ្ឌកម្មអាចបណ្តេញប្រធានាធិបតីរុស្ស៊ី Vladimir Putin ចេញពីអំណាច ដែរឬទេ (ដូចករណី Napoleon នៅឆ្នាំ ១៨១៥) ហើយតើវាគឺជាការពិតដែរទេដែលថា បណ្តាប្រទេស NATO ចង់ផ្តួលរំលំរុស្ស៊ីដើម្បីរារាំងការពង្រីកខ្លួនរបស់ចិន?

ការផ្លាស់ប្តូររបបក៏បានកើតមានផងដែរនៅពេលអាល្លឺម៉ង់ទទួលបរាជ័យនៅក្នុងឆ្នាំ ១៩១៨ ។ ក៏ប៉ុន្តែវាបាននាំមកនូវវត្តមានរបស់ Adolf Hitler បូករួមនឹងសង្គ្រាមកាន់តែមហន្តរាយជាងមុន។ ភាពអស្ចារ្យផ្នែកនយោបាយរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky គឺលោកត្រូវបានគេចាត់ទុកជា «អ្នកស្នេហាជាតិដ៏អង់អាចដែលនៅបន្តការពារប្រទេសពីការឈ្លានពានរហូតដល់ដំណក់ឈាមចុងក្រោយ» ឬជា «អ្នកស្នេហាជាតិដ៏អង់អាចដែលកំពុងប្រឈមមុខនឹងការស្លាប់របស់ជនស៊ីវិលស្លូតត្រង់ជាច្រើន បូករួមនឹងកម្លាំងយោធាដ៏ទន់ខ្សោយ ក៏ប៉ុន្តែបានទទួលការគាំទ្រយ៉ាងមុតមាំពីបណ្តាសម្ព័ន្ធមិត្តដើម្បីធ្វើការចរចារកសន្តិភាព»។

នៅក្នុងអំឡុងសង្គ្រាមលោកទាំង២លើកនៅសតវត្សរ៍ទី២០ អឺរ៉ុបបានប្រកាសខ្លួនជា «ចំណុចស្នូលនៃ ពិភពលោក»។ ហេតុដូច្នេះហើយទើបបានជាយើងហៅ សង្គ្រាមទាំង២នោះថាជា «សង្គ្រាមលោក»។ ទាហានអឺរ៉ុបប្រមាណ ៤០ លាននាក់ តាមពិតគឺជាជនជាតិអាហ្វ្រិកនិងអាស៊ី ហើយការស្លាប់របស់មនុស្សជាច្រើនពាន់នាក់ដែលមិនមែនជាជនជាតិអឺរ៉ុបគឺជាផល ដែលពលរដ្ឋរបស់ប្រទេសក្រោមអាណានិគមត្រូវទទួលរង តាមរយៈការបូជាជីវិតនៅក្នុងសង្គ្រាមមួយដែលគ្មានអ្វីពាក់ព័ន្ធជាមួយនឹងពួកគេទាល់តែសោះ។

ឥឡូវនេះ អឺរ៉ុបគឺជាជ្រុងដ៏តូចមួយរបស់ពិភពលោក ហើយសង្គ្រាមនៅអ៊ុយក្រែននឹងត្រូវបានគេចាត់ទុកជាសង្គ្រាមកាន់តែតូច។ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ អឺរ៉ុបគឺគ្រាន់តែជាចំណែកតូចមួយនៅភាគខាងលិចរបស់តំបន់អឺរ៉ាស៊ី ដែលជាផ្ទៃដីដ៏ធំមួយ ដែលលាតសន្ធឹងពីប្រទេសចិនរហូតដល់ឧបទ្វីប Iberian និងដែលពោរពេញទៅដោយការផ្លាស់ប្តូរចំណេះដឹង, ផលិតផល, នវានុវត្តវិទ្យាសាស្ត្រ និងវប្បធម៌។

សង្គ្រាមនៅអ៊ុយក្រែន ប្រសិនបើបន្តអូសបន្លាយពេលកាន់តែយូរ នឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់មហាអំណាចប្រវត្តិសាស្ត្រមួយរបស់អឺរ៉ុប (រុស្ស៊ី) ហើយថែមទាំងអាចធ្វើឱ្យរុស្ស៊ីកាន់តែឯកោពីពិភពលោកទាំងមូលទៀតផងជាពិសេសពីប្រទេសចិន។

ពិភពលោកមានទំហំធំជាងអ្វីដែលយើងបានឃើញពីជ្រុងអឺរ៉ុប ឬអាមេរិកខាងជើង។ តាមរយៈការមើលពីជ្រុងទាំងនេះជនជាតិអឺរ៉ុបមិនដែល មានភាពរឹងមាំ ឬជិតស្និទ្ធជាមួយបណ្តាដៃគូធំៗរបស់ពួកគេនោះទេ។ ខណៈដែល ពិភពលោកទាំងមូលកំពុងត្រូវបានដឹកនាំដោយវិធានច្បាប់ស្តីពី «សណ្តាប់ធ្នាប់សេរី» នៅទីបំផុត «ពួកគេមានភាពរឹងមាំជាងមុនក្នុងការបោះជំហានទៅមុខ ហើយអាចនឹងឈ្លានពានលើប្រទេសចិននៅក្នុងពេលឆាប់ៗ បន្ទាប់ពី ពួកគេបានបំផ្លាញដៃគូដ៏ធំរបស់ចិនគឺរុស្ស៊ី»។

ប្រសិនបើយើងក្រឡេកមើលពីជ្រុងរបស់ប្រទេសដែល មិនមែនអឺរ៉ុបវិញអឺរ៉ុបនិងអាមេរិក កំពុងតែមានអំនួតលើខ្លួនឯងជ្រុល ដោយក្នុងនោះ ពួកគេអាចយកឈ្នះលើសង្គ្រាមមួយបាន ក៏ប៉ុន្តែនៅពេលនេះពួកគេបាននិងកំពុងដើរឆ្ពោះទៅរកការចាញ់យ៉ាងពិតប្រាកដនៅក្នុងសង្គ្រាមប្រវត្តិសាស្ត្រ។

«បណ្តារដ្ឋជាសមាជិកអង្គការសហប្រជាជាតិជាច្រើនដែលបោះឆ្នោតអនុប្បវាទលើការឈ្លានពានដោយខុសច្បាប់លើប្រទេសអ៊ុយក្រែន បានសម្រេចធ្វើបែប នេះ ដោយផ្អែកលើបទពិសោធន៍របស់ពួកគេដែលធ្លាប់ទទួលរងនូវការឈ្លានពានបែបនេះ ក៏ប៉ុន្តែមិនមែនពីសំណាក់រុស្ស៊ីទេ តែវាគឺជាការឈ្លានពានពីសំណាក់អាមេរិក, អង់គ្លេស, បារាំង ឬអ៊ីស្រាអ៊ែល»។

ប្រទេសជាងពាក់កណ្តាលនៃ ពិភពលោកបាន សម្រេចចិត្តមិនចូលរួមនៅក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី។ ការសម្រេចចិត្តបែប នេះមិនបានបង្ហាញអំពីភាពល្ងង់ខ្លៅរបស់ពួកគេនោះទេ ក៏ប៉ុន្តែវាបានបង្ហាញអំពីការការពារទុកជាមុន។ តើពួកគេអាចទុកចិត្តបណ្តាប្រទេសដែល បង្កើតប្រព័ន្ធ SWIFT បានដោយរបៀបណា នៅពេលដែលបណ្តា ប្រទេសទាំងនោះបានសម្រេចដកប្រទេសមួយចេញពីប្រព័ន្ធនេះក្រោមហេតុផល នយោបាយ?

តើពួកគេអាចទុកចិត្តបណ្តាប្រទេស ដែលបានប្រើអំណាចតាមអំពើចិត្តដើម្បីរឹបអូសទុនបម្រុងរបស់ប្រទេសអធិបតេយ្យ ដូចជារបស់ប្រទេសអាហ្វហ្គានីស្ថាន, វេណេស៊ុយអេឡា និងនៅពេលនេះរបស់រុស្ស៊ីបានដោយ របៀបណា?

តើពួកគេអាចទុកចិត្តបណ្តាប្រទេសដែលតាំងខ្លួនជាអ្នកលើក តម្កើងសេរីភាពក្នុងការបញ្ចេញមតិក៏ប៉ុន្តែបែរជាមករឹតត្បឹតការសម្តែងមតិរបស់អ្នកដទៃបានដោយរបៀបណា?

តើពួកគេអាចទុកចិត្តបណ្តាប្រទេស ដែលលើកតម្កើងប្រជាធិបតេយ្យ ក៏ប៉ុន្តែបែរជាទៅរៀបចំរដ្ឋប្រហារ នៅពេលដែលលទ្ធផលបោះ ឆ្នោតមិនបានបម្រើផលប្រយោជន៍របស់ពួកគេបានដោយរបៀបណា?

តើពួកគេអាចទុកចិត្តបណ្តាប្រទេសដែល បានចាត់ទុកលោក Nicolas Maduro ជាមេដឹកនាំផ្តាច់ការ ក៏ប៉ុន្តែបែរជាព្រមធ្វើជាដៃគូពាណិជ្ជកម្មជាមួយលោកបានដោយរបៀបណា?

នៅពេលនេះ ពិភពលោកលែងជាកន្លែងដ៏សុខសាន្តទៀតហើយ៕ Asia Times