ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារកម្មសិទ្ធិបញ្ញារបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 52
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារកម្មសិទ្ធិបញ្ញារបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារកម្មសិទ្ធិបញ្ញារបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា

ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា លើកទី៨ ស្តីពីលទ្ធផលការងារកម្មសិទ្ធិបញ្ញា និងផែនការសកម្មភាពការងារឆ្នាំ២០១៨ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារកម្មសិទ្ធិបញ្ញា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា។

លោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍បន្តថា ក្នុងឆ្នាំ២០១៧កន្លងទៅនេះ មានលទ្ធផលសំខាន់ៗមួយចំនួនគួរជាទីមោទនៈ ដូចជា ការចូលជាសមាជិកនៃច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងលីស្បោន អំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ការកសាងច្បាប់ ការពង្រីកកិច្ចការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមប្រព័ន្ធអេឡិចត្រូនិក កិច្ចសហប្រតិបត្តិការអន្តរជាតិ គម្រោងកម្មសិទ្ធិបញ្ញា ការលើកកម្ពស់ការយល់ដឹងផ្នែកកម្មសិទ្ធិបញ្ញា ការកសាងសមត្ថភាពរបស់មន្ត្រីជំនាញ និងមន្រី្តអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ការបង្ក្រាបបទល្មើសកម្មសិទ្ធិបញ្ញា ក៏ដូចជាការផ្តល់សេវាសាធារណៈផ្នែកកម្មសិទ្ធិបញ្ញា។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបន្តទៀតថា អង្គភាពអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា បានបង្រ្កាប និងទប់ស្កាត់បទល្មើសកម្មសិទ្ធិបញ្ញាយ៉ាងសកម្ម ដើម្បីការពារសិទិ្ធស្របច្បាប់ និងសុខភាពសាធារណៈ។ ម្យ៉ាងវិញទៀត ដើម្បីឲ្យកិច្ចការកម្មសិទ្ធិបញ្ញា និងការអនុវត្តច្បាប់ឲ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត លិខិតបទដ្ឋានគតិយុត្តជាច្រើន ក៏ត្រូវបានអនុម័តផងដែរ។ លើសពីនេះទៅទៀត សេចក្តីព្រាងច្បាប់ និងបទប្បញ្ញត្តិកម្មសិទ្ធិបញ្ញាជាច្រើនទៀត បាននិងកំពុងបន្តរៀបចំពិនិត្យ និងពិភាក្សាផងដែរ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តជូនគណៈកម្មាធិការ និងសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាទាំងអស់ ឲ្យបន្តកិច្ចខិតខំបំពេញការងារតាមការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីចូលរួមចំណែកក្នុងការកសាងប្រព័ន្ធកម្មសិទិ្ធបញ្ញាឲ្យបានរឹងមាំ ការគ្រប់គ្រង ការបង្កើនការយល់ដឹង ការកសាងម៉ាកយីហោ ការបង្កើតថ្មី ការធ្វើអាជីវកម្ម ការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ដែលជាឧបករណ៍គន្លឹះដ៏សំខាន់ក្នុងការជំរុញឲ្យសេដ្ឋកិច្ចជាតិយើងមានភាពរីកចំរើនជឿនលឿនទៅមុខ៕

អត្ថបទទាក់ទង