ជម្រើសកម្ពុជា៖ គោរពសិទ្ធិប្រជាពលរដ្ឋខ្មែរជាង១៥លាននាក់ មិនមែនក្រុមជនក្បត់ជាតិ១១៨នាក់នោះទេ
(ភ្នំពេញ)៖ ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ! ទោះបីជាក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ដឹកនាំ ដោយមេចលនាឧទ្ទាមខុសច្បាប់ សម រង្ស៊ី រួមនឹងក្រុមកូនស្រី កឹម សុខា បានធ្វើយុទ្ធនាការដោយខ្លួនឯងផង និងចំណាយលុយរហូតដល់២៥ម៉ឺនដុល្លារអាមេរិក ជួលក្រុមហ៊ុនអាមេរិកផងក្នុងយុទ្ធនាការបំផ្លាញកម្ពុជា ក៏មិនទទួលបានលទ្ធផលឡើយគឺ ខ្មោចបក្សសង្គ្រោះជាតិក៏មិនអាចប្រស់ឱ្យរស់បាន និងអ្នកនយោបាយដែលត្រូវបានដកសិទ្ធិទាំង១១៨នាក់ក៏មិនអាច ស្តារនីតិសម្បទាបានឡើយ ដើម្បីចូលរួមទាន់ពេលវេលា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ខាងមុខ។
មិនអាចប្រស់ឱ្យរស់ព្រោះទង្វើក្បត់ជាតិរបស់ក្រុមមន្ត្រីបក្សនេះមានសភាពធ្ងន់ធ្ងរ ហើយពួកគេក៏កំពុងតែដើរ នៅលើផ្លូវខុសជាន់លើខុស មិនអាចនឹងអត់ឱន និងស្រោចស្រង់បានឡើយ។ យុទ្ធនាការបំផ្លាញកម្ពុជា និងប្រឆាំងនឹងផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរដែលក្រុមនេះបានធ្វើត្រូវបានវាយបំបាក់ តាមរយៈការប្រកាសគាំទ្រ និងផ្តល់ជំនួយដល់ការរៀបចំការបោះឆ្នោតពីសហគមន៍អន្តរជាតិ ការប្រកាសចូលរួមនៅក្នុងការសង្កេតការណ៍បោះឆ្នោតរបស់សហគមន៍អន្តរជាតិ និងការចូលរួមប្រកួតប្រជែងពីសំណាក់គណបក្សនយោបាយជាច្រើននិងការប្រកាសតាំងចិត្ត ត្រៀមខ្លួនទៅបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខដើម្បីអនាគតពួកគាត់និងប្រទេសជាតិ និងក៏ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជា កំពុងមានឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៀតដែរ។ នេះគឺជាការបរាជ័យទាំងស្រុងរបស់ក្រុមអ្នកនយោបាយប្រឆាំងដែលមានឈ្មោះជាជនបំផ្លិចបំផ្លាញជាតិ និងតែងតែធ្វើសកម្មភាពនយោបាយគ្រប់រូបភាពដើមទាញទម្លាក់កម្ពុជា ចូលក្នុងជ្រោះភ្នក់ភ្លើងសង្គ្រាម។ ហេតុអ្វីបាន ជាយុទ្ធនាការបំផ្លាញជាតិរបស់ក្រុមអ្នកនយោបាយប្រឆាំងត្រូវបានបរាជ័យ?
ទី១៖ សហគមន៍អន្តរជាតិស្អប់ខ្ពើមទង្វើក្បត់ជាតិ និងបំផ្លាញជាតិឯងដូចដែលក្រុមប្រឆាំងកំពុងធ្វើ៖ រយៈពេលជិត៤០ឆ្នាំនៃដំណើរនយោបាយកម្ពុជាក្រោយរបបខ្មែរក្រហម ត្រូវបានផ្តួលរំលំប្រទេសដ៏កម្សត់នេះត្រូវទទួលរងនូវការឈ្នានីស និងការបំផ្លាញពីក្រុមអ្នកនយោបាយខ្មែរមួយចំនួន រួមនឹងចៅហ្វាយនាយបរទេស របស់គេដែលមិនចង់ ឃើញកម្ពុជាមានសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើន។ យុទ្ធនាការនេះនៅតែបន្តដោយក្រុមអ្នកនយោបាយប្រឆាំង ក្នុងចេតនាបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា និងផ្តួលគូប្រកួតនយោបាយរបស់ខ្លួនតាមគ្រប់រូបភាពក្រោយពីបរាជ័យម្តងហើយ ម្តងទៀតតាមរយៈការបោះឆ្នោត។ ប៉ុន្តែអ្វីដែលក្រុមប្រឆាំងតែងតែដើរញុះញង់បរទេសមួយចំនួន ឱ្យដាក់សម្ពាធលើកម្ពុជាទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ព្រមទាំងដើញុះញង់ឱ្យបរទេសឈប់ផ្តល់ជំនួយ ឈប់វិនិយោគ និងឈប់ទិញទំនិញពីកម្ពុជាទៀតផង។
មិនតែប៉ុណ្ណោះ ពួកគេបានឱនក្បាលចំពោះមុខបរទេស និងលុតជង្គង់យកអធិបតេយ្យជាតិខ្មែរ បូរណភាពដែនដីយកទៅដាក់ក្រោមបាតជើងបរទេស និងបម្រើមហិច្ឆតាបរទេស ដើម្បីបំពេញបំណងអំណាចរបស់ខ្លួន និងក្រុមខ្លួនដោយគ្មានភាពអៀនខ្មាសឡើយ។ ប៉ុន្តែឆ្កែចចកសម្ងំក្នុងស្បែកចៀមនេះត្រូវបានគេបកស្បែកជាបន្តបន្ទាប់ ហើយសហគមន៍អន្តរជាតិ បានដឹងកាន់តែច្បាស់ថាអ្នករងគ្រោះពិតប្រាកដគឺរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលរងគ្រោះពីយុទ្ធនាការបំផ្លាញរបស់ក្រុមអ្នកនយោបាយប្រឆាំង។
រហូតមកទល់ពេលនេះ មានតែក្រុមអ្នកនយោបាយបក្សប្រឆាំងក្នុងប្រទេសមួយចំនួនប៉ុណ្ណោះ ដែលបន្តការគាំទ្របុព្វហេតុបំផ្លាញជាតិនិងប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់ក្រុមអ្នក នយោបាយប្រឆាំងក្រៅច្បាប់នេះ។ ចំណែកមេដឹកនាំប្រទេសភាគច្រើនគឺបានយល់ច្បាស់ពីគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសមួយស្របតាម ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ ម្យ៉ាងទៀត ថ្នាក់ដឹកនាំទាំងនេះ មិនអាចគាំទ្រក្រុមអ្នកនយោបាយបំផ្លាញជាតិឯងនេះបានទេ ប្រសិនបើគាំទ្រ គឺហាក់ដូចជាផ្តល់បទពិសោធ និងមេរៀនអាក្រក់សម្រាប់រូបភាពនយោបាយជាតិរបស់ខ្លួន។ ក្រុមអ្នកនយោបាយទាំង នោះអាចនឹងធ្វើដូចគ្នា ដូចនឹងក្រុមអ្នកនយោបាយបក្សប្រឆាំងក្រៅច្បាប់នៅកម្ពុជាផងដែរ។ ដូច្នេះដើម្បីចៀសវាងការ លើកទឹកចិត្តដល់ទង្វើក្បត់ជាតិនេះ ប្រទេសមួយចំនួនមិនស្វាគមន៍ក្រុមអ្នកក្បត់ជាតិ និងបំផ្លាញជាតិដូចក្រុម សម រង្ស៊ី និងក្រុម កឹម សុខា ឡើយ។ មូលហេតុនេះហើយបានជាយុទ្ធនាការបំផ្លាញជាតិរបស់ក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់មិនទទួលបានផ្លែផ្កា គឺបានត្រឹមតែវល់ៗនៅក្នុងក្រុមរបស់ខ្លួន និងដោះស្រាយជម្លោះផ្ទៃក្នុងខ្លួនមិនចេញផង។ ប្រសិនបើមានការសន្យាធ្វើនេះធ្វើនោះក៏គ្រាន់តែជាសម្តីការទូត និងខ្លះធ្វើដើម្បីអាច ទាញយកផលចំណេញនយោបាយ និងសំឡេងឆ្នោតពីក្រុមប្រឆាំងរស់នៅក្រៅស្រុកតែប៉ុណ្ណោះ។
ទី២៖ គោរពសិទ្ធិមនុស្សជាង១៥លាននាក់ មិនមែនក្រុមមនុស្សក្បត់ជាតិ ១១៨នាក់ទេ៖ ក្រោយពីតុលាការកំពូលសកម្រេចរំលាយបក្សសង្គ្រោះជាតិ ដែលត្រូវបានរកឃើញថា រំលោភច្បាប់ស្តីពីបក្សនយោបាយដោយបានឃុបឃិតជាមួយបរទេស និងស្តាប់បញ្ជាបរទេស សមាជិកជាន់ខ្ពស់នៃគណបក្សនេះចំនួន ១១៨ នាក់ ត្រូវបានដកសិទ្ធិមិនឱ្យធ្វើនយោបាយរយៈពេល ៥ ឆ្នាំ ក្រុមអ្នកនយោបាយបំផ្លាញជាតិទាំងនេះបានខិតខំបំពងសំឡេងថាខ្លួនជាជនរងគ្រោះនៃការលុបបំបាត់សំឡេងប្រឆាំង។ ប៉ុន្តែពួកគេបានព្យាយាមលាក់បាំងនូវទង្វើក្បត់ជាតិ និងការល្លើ សច្បាប់របស់ពួកគេ។ ចំណែកក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិក្នុងនោះដោយទាំងអ្នករាយការណ៍ពិសសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី រ៉ូណា ស្មីត រួមនឹងសង្គមស៊ីវិលផ្សេងទៀតបានប្រថាប់ត្រាថាក្រុមប្រឆាំងគឺជាជនរងគ្រោះនិងជាអ្នកស្នេហាជាតិពិតៗ ដោយមិនបាននិយាយអ្វីបន្តិចសោះ ពីការបំពានច្បាប់ និងទង្វើបំផ្លាញជាតិរបស់ក្រុមនេះ។ ប៉ុន្តែពេលវេលាបានបង្ហាញ ហើយពេលនេះបានឃើញច្បាស់ថាសហគមន៍អន្តរជាតិបានគោរពសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរជាង ១៥ លាននាក់ មិនមែនក្រុមជនក្បត់ជាតិ ១១៨ នាក់ និងចលនាខុសច្បាប់របស់ទណ្ឌិត សម រង្ស៊ី ឡើយ។ សហគមន៍អន្តរជាតិ ពិតជាយល់ច្បាស់ពីភាពចាំបាច់ដែលត្រូវឆ្លើយតបនឹងការអនុវត្តសិទ្ធិរបស់ក្រុមមនុស្សភាគច្រើនជាងក្រុមមនុស្សភាគតិចដែលពោរពេញដោយភាពល្មើសច្បាប់ និង យកប្រជាជនខ្លួនមកធ្វើជាចំណាប់ខ្មាំង។ ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាង ១៥ លាននាក់ត្រូវបានគោរព ហើយ សិទ្ធិរបស់ប្រជាពលរដ្ឋទាំងនេះត្រូវបានលើកតម្កើង។
ក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ពិតជាអស់លក្ខណ៍ ដែលមិនអាចនឹងបន្តផែនការបំផ្លាញជាតិរបស់ខ្លួនបានហើយ ពួកគេកាន់តែធ្ងន់កឡើងៗចំពោះទង្វើប្រឆាំង នឹងច្បាប់របស់ពួកគេ នៅក្នុង នោះមានផែនការរំខាន បង្ខូច និងបំផ្លាញការបោះឆ្នោតជាដើម។ សហគមន៍អន្តរជាតិពិតជាលែងចាញ់ បោកក្រុមអ្នកនយោបាយអង្ករកំប៉ុងដូចជាក្រុម សម រង្ស៊ី និងកឹម សុខា ទៀតហើយ ព្រោះពួកគេបានដឹងពីការពិតជាក់ ស្តែងរបស់កម្ពុជា ពោលគឺកម្ពុជាពិតដែលពោរពេញដោយសុខសន្តិភាព ការអភិវឌ្ឍនិងការគោរពសិទ្ធិមនុស្សនិងសេរី ភាពសព្វបែបយ៉ាងមានហូរហៀរ មិនដូចកម្ពុជានៅលើបបូរមាត់របស់បក្សប្រឆាំង និងទំព័រសារព័ត៌មានបរទេសមួយចំនួននោះទេ។ សហគមន៍អន្តរជាតិក៏នឹងមិនបន្តជឿលើការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយបរទេសដែរព្រោះថាពួក គេត្រូវបានជួលក្នុងតម្លៃមួយដ៏ខ្ពស់ដើម្បីសរសេរព័ត៌មានអាក្រក់ពីកម្ពុជា។ ហេតុនេះហើយបានជាយុទ្ធនាការបំផ្លាញជាតិ របស់ក្រុមប្រឆាំងកាន់តែខ្សោយទៅៗ និងលែងមានការគាំទ្រ លើកលែងតែក្រុមអ្នកនយោបាយប្រឆាំងប៉ុន្មានដំបរស្វាប៉ុណ្ណោះ។
ដូច្នេះ ច្បាស់ណាស់ថា មិនមែនដោយសារតែមនុស្សប៉ុន្មាននាក់ សហគមន៍អន្តរជាតិលះបង់មនុស្សរាប់លាន នាក់នោះទេ! សហគមន៍អន្តរជាតិក៏នឹងបន្តធ្វើការងារជាមួយ រាជរដ្ឋាភិបាលស្របច្បាប់ មិនមែនជាមួយអ្នកនយោបាយក្បត់ជាតិនិងប្រឆាំងផលប្រយោជន៍ប្រជាជនកម្ពុជាឡើយ ហើយក៏មិនស្វាគមន៍និងមិនធ្វើការជាមួយ មេចលនាឧទ្ទាមខុសច្បាប់ដែរ។ សំឡេងរបស់មនុស្ស ១៥ លាននាក់គឺមានទម្ងន់ជាងមនុស្ស ១១៨ នាក់ ហើយជាតំណាងសំឡេងរបស់រដ្ឋអធិបតេយ្យមួយ ដែលប្រជាជាតិផ្សេងទៀតត្រូវតែគោរព។ ក្រុមមនុស្ស ១១៨ នាក់ និងខ្មោចបក្សសង្គ្រោះជាតិមិនមានតម្លៃសម្រាប់កម្ពុជាឡើយ។
ពួកគេបានបំផ្លាញកម្ពុជាក្រាស់ក្រែលណាស់ទៅហើយ ប៉ុន្តែកម្ពុជានៅតែឈររឹងមាំក្នុងស្មារតីជាតិនិយម ស្នេហាជាតិ ហើយមានការគាំទ្រពីប្រជាពលរដ្ឋខ្មែរក្នុងបុព្វហេតុ សន្តិភាព និងការអភិវឌ្ឍ។ កន្លងទៅនេះ បរទេសឬប្រជាជនកម្ពុជាមួយចំនួនតូចអាចស្រែកថាអយុត្តិធម៌ដែលគណបក្សប្រឆាំងត្រូវបានរំលាយដោយច្បាប់ និងថាគណបក្សប្រឆាំង គឺជាជនរងគ្រោះ ប៉ុន្តែពេលនេះពួកគេពិតជាយល់ច្បាស់ថា សំណើចក្អាកក្អាយរបស់ប្រជាពលរដ្ឋខ្មែរនៅពេលនេះ ប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍនៅពេលនេះ គឺត្រូវបានរក្សាបានដោយសារតែការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាទៅលើអង្គការចាត់តាំង នយោបាយរបស់បដិវត្តន៍ពណ៌ដែលអនុវត្តដោយគណបក្សសង្គ្រោះជាតិ ព្រមទាំងបានពិន័យដោយដកសិទ្ធិមិនឱ្យក្រុម អ្នកនយោបាយក្បត់ជាតិ ១១៨ នាក់ធ្វើនយោបាយនៅកម្ពុជាទៀត។
ប្រសិនបើគ្មានការកម្ទេចអង្គការចាត់តាំងបដិវត្តន៍ពណ៌នេះទេ នោះប្រទេសកម្ពុជានឹងមានវាសនាមិនខុសពីប្រទេសស៊ីរី ឬលីប៊ីឡើយ ហើយការកម្ទេចនេះគឺដើម្បីការ ពារសិទ្ធិរបស់មនុស្សជាង១៥លាននាក់ដែលជាម្ចាស់ប្រទេសកម្ពុជា។ ដូច្នេះតម្លៃរបស់កម្ពុជាគឺការគោរពសិទ្ធិរបស់ មនុស្ស១៥លាននាក់ និងមិនអាចដោយសារតែខ្មោចបក្សសង្គ្រោះជាតិ អ្នកនយោបាយអស់សិទ្ធិ និងទណ្ឌិតរត់គេចពី សំណាញ់ច្បាប់ កម្ពុជាសុខចិត្តឱ្យលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅ កម្ពុជាដែលកំពុងតែមានសុខភាពល្អ និងរស់រវើកតាំងពីឆ្នាំ ១៩៩៣ មកក្លាយជាចំណាប់ខ្មាំងរបស់ក្រុមក្បត់ជាតិឡើយ។ ដំណើរការលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជានឹងបោះជំហានទៅមុខជានិច្ច ហើយប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតជិត ១០ លាននាក់ត្រៀមខ្លួនទៅ បោះឆ្នោតដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមានសព្វថ្ងៃ៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨