ខ្មែរប៉ុស្ដិ៍ Close

ផ្នែកខាងលិចនៃប្រាសាទត្រពាំងផុងត្រូវបានជួសជុលរួចរាល់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 56
ផ្នែកខាងលិចនៃប្រាសាទត្រពាំងផុងត្រូវបានជួសជុលរួចរាល់ ផ្នែកខាងលិចនៃប្រាសាទត្រពាំងផុងត្រូវបានជួសជុលរួចរាល់

ប្រាសាទត្រពាំងផុង ជាប្រាសាទទោល សាងសង់អំពីឥដ្ឋ ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប្រាសាទនេះត្រូវបានសាងសង់ឡើង នៅពាក់កណ្តាលសតវត្សរ៍ទី៩ ដោយព្រះបាទជ័យវរ្ម័នទី៣។ ដោយសារកត្តា អាកាសធាតុ អាយុកាល និងកត្តាមនុស្ស ធ្វើឱ្យប្រាសាទនេះ មានសភាពទ្រុឌទ្រោមជាខ្លាំង។

លោក សារាយ គឹមហួល បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួសនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារបានចាប់ផ្តើមការងារជួសជុល ប្រាសាទត្រពាំងផុងផ្នែកខាងលិចកាលពីដើមឆ្នាំ២០២១មក ដោយគ្រោងនឹងចំណាយពេលវេលាចំនួន១ឆ្នាំ។ ប៉ុន្តែរហូតមកដល់ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ចប់ការជួសជុលដោយជោគជ័យ។

លោកបន្តថា ទោះបីការងារជួសជុលត្រូវបានបញ្ចប់ តែក៏មានក្រុមការងារផ្នែកអភិរក្ស ធ្វើការយាមល្បាត និងថែទាំប្រាសាទ ជាប្រចាំ ហើយក៏មានគម្រោងជួសជុលប្រាសាទនេះនៅផ្នែកផ្សេងៗទៀត។

សូមជម្រាបផងដែរថា ប្រាសាទត្រពាំងផុង មានទំហំខឿន ៧ម៉ែត្របួនជ្រុង កម្ពស់១៦ម៉ែត្រ ជាប្រាសាទទោល ធ្វើអំពីឥដ្ឋ។ ប្រាសាទនេះ ធ្លាប់មានប្រវត្តិជួសជុល និងធ្វើកំណាយស្រាវជ្រាវម្តងរួចមកហើយ កាលពីអំឡុង១៩៣៦ ដោយសាលាបារាំងចុងបូពា៍ប្រទេស៕

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ក្រុមការងារជួសជុលប្រាសាទត្រពាំងផុង

អត្ថបទទាក់ទង