ខ្មែរប៉ុស្ដិ៍ Close

អនុប្រធានទី១ អាជ្ញាធរមីនអំពាវនាវដល់ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍និងគ្រប់ភាគីពាក់ព័ន្ធត្រូវបន្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិស័យសកម្មភាពមីន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 30
អនុប្រធានទី១ អាជ្ញាធរមីនអំពាវនាវដល់ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍និងគ្រប់ភាគីពាក់ព័ន្ធត្រូវបន្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិស័យសកម្មភាពមីន អនុប្រធានទី១ អាជ្ញាធរមីនអំពាវនាវដល់ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍និងគ្រប់ភាគីពាក់ព័ន្ធត្រូវបន្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិស័យសកម្មភាពមីន

លោក ទេសរដ្ឋមន្រ្ដី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានអំពាវនាវឱ្យប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធសកម្មភាពមីន ចាំបាច់ត្រូវបន្តរួបរួមគ្នា និងប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិស័យសកម្មភាពមីន ដើម្បីធានាឱ្យបានសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ការអំពាវនាវនេះ ធ្វើឡើងក្នុងពិធីបើកក្នុងសិក្ខាសាលា ស្តីពីការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការ អភិវឌ្ឍប្រកបដោយបរិយាប័ន្ននៅក្នុងប្រទេសដែលរងផលប៉ះពាល់ដោយគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នៅខេត្តសៀមរាប ដែលគាំទ្រដោយស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា សហការជាមួយមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC)។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់លោក ទេសរដ្ឋមន្រ្ដី លី ធុជ។

លោក ទេសរដ្ឋមន្រ្ដី លី ធុជ បានថ្លែងថា សកម្មភាពមីន ពិតជាមានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមមនុស្សធម៌ជាបន្ទាន់ ដែលបណ្តាលមកពីវត្តមាននៃគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះដទៃទៀតក្នុងសម័យសង្រ្គាម ព្រមទាំងបានធ្វើឱ្យបណ្តាប្រទេសដែលនៅតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងហ្វីលីពីន ត្រូវការការគាំទ្របន្ទាន់ពីបណ្តាប្រទេសដែលមិនរងផលប៉ះពាល់ និងប្រទេសម្ចាស់ជំនួយ ហើយគ្រប់ភាគីពាក់ព័ន្ធ ចាំបាច់ត្រូវរួបរួមគ្នា និងប្តេជ្ញាបន្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពសកម្មភាពមីន។

លោកទេសរដ្ឋមន្រ្ដីបានបន្ដថា ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ សកម្មភាពមីន និងសហគមន៍អភិវឌ្ឍន៍បានធ្វើការរួមគ្នាជាដៃគូយ៉ាងជិតស្និទ្ធ ក្នុងការរំដោះផ្ទៃដីជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព ផ្តល់នូវផលវិជ្ជមានភ្លាមៗ និងបានរួមចំណែកដល់ការស្តារឡើងវិញ និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ក្នុងរយៈពេលវែងនៅក្នុងប្រទេសដូចជា កម្ពុជា ឡាវ វៀតណាម និងថៃ។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្រ្ដីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឥណ្ឌូណេស៊ី តាមរយៈស្ថានទូតឥណ្ឌូណេស៊ីប្រចាំនៅទីក្រុងភ្នំពេញ ចំពោះការគាំទ្រដ៏សប្បុរសរៀបចំព្រឹត្តិការណ៍នេះបានទាន់ពេលវេលាដោយសហការរៀបចំជាមួយមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់វិស័យសកម្មភាពមីន (ARMAC)។ លោកទេសរដ្ឋមន្រ្ដីសង្ឃឹមថា សិក្ខាសាលានេះនឹងផ្តល់នូវទិសដៅត្រឹមត្រូវឆ្ពោះទៅរកការបង្កើនប្រសិទ្ធភាពសកម្មភាពមីន ក្នុងការជួយសម្រេចបាននូវចក្ខុវិស័យ របៀបវារៈឆ្នាំ២០៣០ នៃការធានាថា “គ្មាននរណាម្នាក់នៅសេសសល់_No one is left behind” ក្លាយជាការពិត ដែលរាល់លទ្ធផលនៃការពិភាក្សា នឹងត្រូវបានប្រែក្លាយទៅ ជា សកម្មភាពប្រកបដោយអត្ថន័យនៅថ្នាក់ជាតិ និងថ្នាក់តំបន់។

លោកទេសរដ្ឋមន្រ្ដីក៏សូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងឥណ្ឌូណេស៊ី ក្នុងការចូលរួមគាំទ្រដល់ការអភិវឌ្ឍ និងការធានាបាននូវស្ថិរភាពនយោបាយ។ ទន្ទឹមនេះ លោកទេសរដ្ឋមន្រ្ដីក៏បានលើកឡើងអំពី ARMAC ដែលត្រូវបានបង្កើតឡើងរយៈពេល ៩ ឆ្នាំមកហើយ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ ហើយក្រោយមកមេដឹកនាំអាស៊ានបានទទួលយកសំណើនេះជាបន្តបន្ទាប់។

លោកទេសរដ្ឋមន្រ្ដីបានគូសបញ្ជាក់ដែរថា ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ចាប់តាំងពីប្រតិបត្តិការរបស់ខ្លួននៅឆ្នាំ២០១៧ ARMAC បានក្លាយជាមជ្ឈមណ្ឌលដ៏គួរឱ្យទុកចិត្ត និងបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍ មិនត្រឹមតែលើការងារសហគមន៍សន្តិសុខនយោបាយអាស៊ាន២០២៥ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការអភិវឌ្ឍភាពជាដៃគូ សម្របសម្រួលការចែករំលែកចំណេះដឹង និងការគាំទ្រគំនិតផ្តួចផ្តើមខាងត្បូង-ខាងត្បូងនៅក្នុងតំបន់ ផងដែរ។

លោកទេសរដ្ឋមន្រ្ដី លី ធុជ បានថ្លែងបញ្ជាក់បន្ថែមថា “រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តរឹងមាំ និងស្ថិតស្ថេររបស់ខ្លួនក្នុងការកម្ចាត់គ្រាប់មីនដែលត្រូវបានស្គាល់ឱ្យអស់នៅត្រឹមឆ្នាំ ២០២៥ ព្រមទាំងបានចាត់ទុកវិស័យបោសសម្អាតមីន ចូលរួមគាំពារដល់សុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព”៕