ខ្មែរប៉ុស្ដិ៍ Close

ទួលបុរាណដ្ឋានមួយកន្លែងនៅស្រុកអង្គរធំ ខេត្ដសៀមរាប រងការខូចខាតដោយសារប្រជាពលរដ្ឋឈូសឆាយដីដាំដំណាំ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 29
ទួលបុរាណដ្ឋានមួយកន្លែងនៅស្រុកអង្គរធំ ខេត្ដសៀមរាប រងការខូចខាតដោយសារប្រជាពលរដ្ឋឈូសឆាយដីដាំដំណាំ ទួលបុរាណដ្ឋានមួយកន្លែងនៅស្រុកអង្គរធំ ខេត្ដសៀមរាប រងការខូចខាតដោយសារប្រជាពលរដ្ឋឈូសឆាយដីដាំដំណាំ

នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១​នេះ អា​ជាធរ​ជាតិ​អប្សរា និង​អាជ្ញាធរ​ស្រុក​អង្គរធំ បាន​សហការគ្នា​ចុះ​ពិនិត្យ​ស្ថានភាព​ទីទួល​បុរាណ​ដ្ឋា​ន​មួយកន្លែង មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​លៀប ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្ដ​សៀមរាប ដើម្បី​រៀបចំ​ផែនការ​អភិរក្ស​ទួលប្រាសាទ​នេះ​ឡើងវិញ ក្រោយពី​ទួល​បុរាណ​មួយកន្លែង​នេះ ត្រូវបាន​រង​ការ​ឈូសឆាយ​បំផ្លាញ​យក​ដី​ដាំ​ដំណាំ ពី​សំណាក់​ពលរដ្ឋ​នៅ​តំបន់​នោះ​។​

​បើតាម​លោក សំ សារ៉េត អនុប្រធាន​ការិយាល័យ​អភិរក្ស​ប្រាសាទបុរាណ នៃ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍​ឱ្យដឹងថា ទួលប្រាសាទ​បុរាណ​នេះ មាន​បណ្ដោយ​ប្រមាណ​៥០​ម៉ែត្រ និង​ទទឹង​៥០​ម៉ែត្រ ត្រូវបាន​ប្រជាកសិករ​យក​គ្រឿងចក្រ​ឈួ​ស​ឆាយ​ធ្វើជា​កម្មសិទ្ធិ និង​ដាំដំឡូង បណ្ដាលអោយ​រង​ការខូចខាត​យ៉ាងដំណំ​។ ទួល​បុរាណ​នេះ មានឈ្មោះ​ទួលប្រាសាទ​មហាថេរ ឬ​អ្នកស្រុក​នៅ​ទីនោះ​ហៅថា ទួល​យាយ​ណុ​ក ដែលមាន​ចំ​ង៉ា​យ​ប្រមាណ​ជិត​២០​គីឡូម៉ែត្រ ពី​ទីរួមស្រុក​អង្គរធំ​។ ប្រាសាទ​នេះ​ធ្វើ​ពី​ឥដ្ឋ​ហើយ​នៅលើ​ទួល​នោះ​ពិនិត្យឃើញ​នៅ​សេស​សល់ប​ល័​ង្គ​យោនី ២​ផ្ទាំង ហើយនឹង​រូបចម្លាក់​ក្រពុំ​ឈូក​ធ្វើ​ពី​ថ្ម​ភួ​ក​ពីរ​ដុំ ប៉ុន្ដែ​ក្រុមការងារ​មិនទាន់​កំណត់​ពី​កាល​វេលា នៃ​ការកសាង​ប្រាសាទ​នេះ​នៅឡើយ​ទេ ដោយសារ​ទួល​នោះ​បាត់បង់​រចនាសម្ព័ន្ធ​អស់​ទៅហើយ​។ ចំពោះ​ការឈូសឆាយដី​នៅលើ​ទួល​ប្រាសាទបុរាណ​នេះ បណ្ដាលអោយ​ខូច​រចនាសម្ព័ន្ធ​នៅក្នុង​ដី​យ៉ាងច្រើន ក្នុងនោះ​បើតាម​ផ្លូវច្បាប់​អ្នក​ដែល​ធ្វើអោយ​ខូចខាត​ដល់ទី​ទួល​បុរាណ​ដ្ឋា​ន ឬ​ប្រាសាទបុរាណ​នឹងត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​។

​ជាមួយ​នោះ​លោក សំ សារ៉េត ក៏បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប សូម​ចូលរួម​ថែរក្សា​សម្បត្ដិ​វប្បធម៌​ជាតិ​របស់ខ្លួន​អោយបាន​គង់វង្ស ដើម្បី​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​ពី​ស្នាដៃ​ខ្មែរ​នា​សម័យ​ដើម កុំអោយ​ដូចជា​ពាក្យស្លោក​ថា វប្បធម៌​រលំ ជាតិ​រលាយ វប្បធម៌​ពន្នរាយ ជាតិ​ថ្កើងថ្កាន​។ លោក​បន្ថែមថា បច្ចុប្បន្ននេះ មាន​ក្រុមការងារ​ផ្នែក​កំណត់​បុរាណ​ដ្ឋា​ន​បាន​នឹង​កំពុង​ចុះ​ស្រាវជ្រាវ និង​ស្វែងរក​ប្រាសាទបុរាណ​គ្រប់​ទីកន្លែង នៅក្នុង​ខេត្ដ​សៀមរាប ដើម្បី​កំណត់​អត្ដ​សញ្ញាណ​ទីទួល​ប្រាសាទបុរាណ​ទាំងនោះ​ដាក់​នៅក្នុង​បញ្ជី​សារពើ​ភណ្ឌ​អោយបាន​ត្រឹមត្រូវ​។​

​បើតាម​ការបញ្ជាក់​ពី​លោក អេង សំបាន អភិបាលរង​ស្រុក​អង្គរធំ បាន​ឲ្យ​ដឹង​ដែរ​ថា ពលរដ្ឋ​ដែល​បាន​ឈូសឆាយ​ទីទួល​បុរាណ​ធ្វើ​កសិកម្ម​នោះ មានឈ្មោះ កុ​ត គល់ នៅ​ឃុំ​ពាក់​ស្នែង ហើយ​អាជ្ញាធរ​នឹង​អោយ​បុគ្គល​រូបនោះ ធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់​ការ​ឈូសឆាយ​ព្រមទាំង​អោយ​ដក​ដំណាំ​ចេញពី​លើ​ទីទួល​បុរាណ​នោះ​ចេញ​វិញ ដើម្បី​ទុក​នៅ​ទ្រង់ទ្រាយ​ដើម​វិញ​។ ក្នុងនោះ​អាជ្ញាធរ​ស្រុក​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ជា​បន្ដទៀត ដើម្បី​ការពារ​ថែរក្សា​បេ​តិក​ភ​ន្ឌ​របស់​ជាតិ ដូចជា​ទីទួល​ប្រាសាទបុរាណ ជាពិសេស​បន្ដ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អោយបាន​យល់ដឹង​ពី​តំបន់​ឧទ្យាន​អង្គរ ក៏ដូចជា​បេតិកភណ្ឌ​ជាតិ​ផងដែរ​៕

អត្ថបទទាក់ទង