ខ្មែរប៉ុស្ដិ៍ Close

ការចាក់វ៉ាក់សាំងនៅតំបន់ក្រហម សម្រេចបាន ៨០ភាគរយហើយ ខណៈក្រុមការងារបន្តសម្រុកចាក់ជូនកម្មករ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 46
ការចាក់វ៉ាក់សាំងនៅតំបន់ក្រហម សម្រេចបាន ៨០ភាគរយហើយ ខណៈក្រុមការងារបន្តសម្រុកចាក់ជូនកម្មករ ការចាក់វ៉ាក់សាំងនៅតំបន់ក្រហម សម្រេចបាន ៨០ភាគរយហើយ ខណៈក្រុមការងារបន្តសម្រុកចាក់ជូនកម្មករ

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម បានប្រាប់ឲ្យដឹងថា ការចាក់វ៉ាក់សាំងដូសទី១ នៅក្នុងតំបន់ក្រហមក្នុងរាជធានីភ្នំពេញ សម្រេចបានប្រមាណ ៨០ភាគរយហើយ ហើយការចាក់ដូសទី២ អាចនឹងចាប់ផ្តើមតាមការគ្រោងទុកក្នុងអំឡុងថ្ងៃទី១៥ ខែឧសភា ខាងមុខនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញបទបញ្ជាឱ្យក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បើកយុទ្ធនាការចាក់វ៉ាក់សាំងនៅតំបន់ក្រហម ក្នុងខណ្ឌចំនួន៦ រួមមាន៖ ខណ្ឌកំបូល ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌទួលគោក និងឫស្សីកែវ កាលពីថ្ងៃទី០១ ខែឧសភា កន្លងទៅនេះ។ ដំណើរការចាក់វ៉ាក់សាំងនៅក្នុងតំបន់ក្រហម ដែលប្រតិបត្តិដោយកងទ័ព ត្រូវបានគេកត់សម្គាល់ឃើញថា មានល្បឿនលឿន ដោយអាចចាក់បានក្នុងរង្វង់ ៥ម៉ឺននាក់ជារៀងរាល់ថ្ងៃ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា ខណ្ឌមួយចំនួនដូចជាកំបូល និងដង្កោ ត្រូវបានចាក់រួចរាល់ហើយ នៅសល់តែបន្តិចបន្តួចទៀតប៉ុណ្ណោះ។ ដោយឡែកនៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ មានសង្កាត់មួយចំនួន ដែលជាតំបន់ប្រមូលផ្តុំរោងចក្រ និងកន្លែងប្រមូលផ្តុំការរស់នៅរបស់កម្មករ កម្មការិនីនោះ មិនទាន់រួចរាល់នៅឡើយ។

បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សង្កាត់ដែលមានការប្រមូលផ្តុំរោងចក្រ និងកម្មករ កម្មការិនីនោះ មានដូចជាសង្កាត់ស្ទឹងមានជ័យ១, សង្កាត់ស្ទឹងមានជ័យទី២ នៃខណ្ឌមានជ័យ និងសង្កាត់ចោមចៅទី១ និងចោមចៅទី២ នៃខណ្ឌពោធិ៍សែនជ័យ។ ដើម្បីចាក់ជូនកម្មករ កម្មការិនីនៅក្នុងសង្កាត់ទាំង៤នេះ ឱ្យបានទាន់ពេលវេលានោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសម្រេចចល័តក្រុមការងារចាក់វ៉ាក់សាំងចំនួន ១២អង្គភាពពីតំបន់ដទៃដែលចាក់រួច មកផ្គុំគ្នាចាក់នៅតំបន់នេះ។ លោកបន្តថា នៅតំបន់ទាំងនេះ មានរោងចក្រធំៗចំនួន៥ ហើយមានកម្មករ កម្មការិនីរហូតដល់ទៅ ៩៥,០០០នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ដែរថា ដើម្បីសម្រួលដល់ដំណើរការចាក់នៅក្នុងតំបន់ទាំងនេះ ក្រុមការងារចាក់វ៉ាក់សាំង ក៏បានរៀបចំទីតាំងចាក់ឱ្យកាន់តែកៀនប្រជាពលរដ្ឋ ដោយមិនចង់ឱ្យពួកគាត់ធ្វើដំណើរឆ្ងាយ ដែលអាចប្រឈមការរីករាលដាលជំងឺកូវីដ-១៩។

លោកបានអះអាងថា ការចាក់ដូសទី២ នឹងអាចដំណើរការទៅតាមការគ្រោងទុកនៅថ្ងៃទី១៥ ខែឧសភា ខាងមុខនេះ។ បើទោះបីជាដំណើរការចាក់ដូសទី២ តែដូសទី១ សម្រាប់អ្នកមិនទាន់ចាក់ ក៏នឹងបន្តចាក់ផងដែរ។

«ក្រុមការងារយើងបានខិតខំអនុវត្តខ្ជាប់ខ្ជួន និងធ្វើឱ្យបានលឿនតាមបទបញ្ជា និងតាមផែនការដែលដាក់ចេញដោយសម្តេចតេជោ និងការចង្អុលបង្ហាញផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់។ ដូច្នេះនៅថ្ងៃទី១៥ ឬទី១៦ ឧសភា យើងនឹងអាចចាក់ដូសទី២ជូនប្រជាពលរដ្ឋ»។ នេះជាការបញ្ជាក់បន្ថែមរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។

យោងតាមទិន្ន័យដែលបានគ្រោងប្រជាពលរដ្ឋដែលនឹងត្រូវចាក់វ៉ាក់សាំងនៅតំបន់ក្រហមក្នុងខណ្ឌទាំង៦ មានចំនួន មានចំនួនសរុប ៧៩៨,៤៦១នាក់។ តែបើតាមលោក ឥត សារ៉ាត់ បច្ចុប្បន្នចំនួនជាក់ស្តែងកើនឡើងរហូតដល់ទៅជិត ១០ម៉ឺននាក់។

ការចាក់វ៉ាក់សាំងរយៈពេល១២ថ្ងៃនៅតំបន់ក្រហមនេះ មានប្រជាពលរដ្ឋជាង ៥០ម៉ឺននាក់ បានចាក់វ៉ាក់សាំងដូសទី១រួចរាល់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបង្ហាញការពេញចិត្តខ្លាំងចំពោះប្រតិបត្តិការការងាររបស់កងទ័ពលើការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហមនេះ ដោយសារការចាក់បានលឿន និងមានរបៀបរៀបរយល្អ។ សម្តេចតេជោ ក៏បានប្រកាសដែរថា នឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមនេះរហូតទាល់តែអស់។

ការទទួលបានវ៉ាក់សាំង គឺជាការទទួលបានជំនួយសុខភាពមួយដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំង ក៏ដូចជាទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ ប្រជាពលរដ្ឋដែលទទួលបានវ៉ាក់សាំង បានសម្តែងការពេញចិត្ត និងរីករាយផងដែរ។ ពួកគេក៏បានអរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យពួកគេចាក់វ៉ាក់សាំង។ ពួកគេ ក៏បានអរគុណក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ដែលបានយកចិត្តទុកដាក់ខ្ពស់លើការងារចាក់វ៉ាក់សាំងនេះ៕

អត្ថបទទាក់ទង