ខ្មែរប៉ុស្ដិ៍ Close

TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ បើការបិទខ្ទប់រយៈពេល១៤ថ្ងៃ ការឆ្លងជំងឺមិនស្រកស្រុតនោះទេ សម្តេចនឹងពន្យារពេលបិទខ្ទប់បន្តទៀត (Video inside)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 48
TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ បើការបិទខ្ទប់រយៈពេល១៤ថ្ងៃ ការឆ្លងជំងឺមិនស្រកស្រុតនោះទេ សម្តេចនឹងពន្យារពេលបិទខ្ទប់បន្តទៀត (Video inside) TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ បើការបិទខ្ទប់រយៈពេល១៤ថ្ងៃ ការឆ្លងជំងឺមិនស្រកស្រុតនោះទេ សម្តេចនឹងពន្យារពេលបិទខ្ទប់បន្តទៀត (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានដាក់ចេញបទបញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ច ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតក្នុងការអនុវត្តន៍វិធានការបិទខ្ទប់ ដោយមិនត្រូវឱ្យប្រជាពលរដ្ឋបន្តធ្វើចរាចរប្រសេច ប្រសាចទៀតនោះទេ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា បើការបិទខ្ទប់រយៈពេល ១៤ថ្ងៃក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មិនមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការចម្លងជំងឺទេនោះ សម្តេចនឹងបន្តពន្យារពេលបិទខ្ទប់រហូតដល់ ២៨ថ្ងៃ ឬយូរយ៉ាងនេះ។

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការកត់សម្គាល់ថា ក្នុងរយៈពេលនៃការបិទខ្ទប់រាជធានី និងក្រុងតាខ្មៅរយៈពេលពីរថ្ងៃកន្លងទៅនេះ នៅតែមានមនុស្សធ្វើចរាចរប្រសេចប្រសាច់ និងមានការកកស្ទះនៅតាមគោលដៅត្រួតពិនិត្យនីមួយៗ។ សម្តេចតេជោ បានចោទសួរថា តើពួកគេធ្វើដំណើរទៅណា?

សម្តេចតេជោ បានបញ្ជាក់ក្នុងសារសំឡេងនេះ ពេលវេលានេះមិនថា អ្នកធំ អ្នកតូច អ្នកមាន អ្នកក្រ នៅផ្ទះណា គឺនៅផ្ទះនោះ នៅភូមិណា គឺនៅភូមិនោះ គឺសម្តៅទប់ស្កាត់កុំឱ្យមានការចម្លងពីផ្ទះមួយទៅផ្ទះមួយ ពីភូមិមួយ ទៅភូមិមួយ ពីកន្លែងមួយទៅទីកន្លែងមួយ។

សម្តេចតេជោ បានថ្លែងបញ្ជាយ៉ាងដូច្នេះ «សូមឱ្យអាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុត ហើយខេត្តដែលបានប្រកាសដាក់តំបន់នេះ តំបន់នោះ ទៅជាតំបន់បិទខ្ទប់ ក៏ត្រូវតែពង្រឹងការអនុវត្តច្បាប់ដោយគ្មានការលើកលែង បើមិនដូច្នោះទេនឹងប្រឈមបញ្ហាគ្រប់គ្រងដែលមិនអាចត្រួតត្រាបាន ហើយត្រូវអូសបន្លាយនៃការអនុវត្តន៍ការបិទខ្ទប់មិនមែន១៤ថ្ងៃទេ អាចឈានទៅដល់២៨ថ្ងៃ ឬអាចឈានទៅលើសពីនេះ ដូចប្រទេសមួយចំនួនបាននិងកំពុងធ្វើការអូសបន្លាយបិទប្រទេស ឬបិទរដ្ឋធានីជាដើម»។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា «កម្ពុជា បានត្រៀមខ្លួនក្នុងការអូសបន្លាយបន្តទៅទៀត ក្នុងករណីប្រសិទ្ធមានកម្រិតទាប យើងគ្មានជម្រើសក្រៅពីការបិទខ្ទប់នោះទេ នោះហើយដែលនាំដល់ហានិភ័យ។ សូមកុំឱ្យមនុស្សម្នាក់ ពីរនាក់ បួន ដប់នាក់ បំផ្លាញមនុស្សរាប់រយ រាប់លាននាក់»។

ក្នុងសារសំឡេងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យពិនិត្យមើលផងដែរ កុំឱ្យមានការប្រើលេស ដែលជាករណីអនុគ្រោះសម្រាប់ការធ្វើដំណើរ ដើម្បីធ្វើចរាចរក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ សម្តេចតេជោ ក៏បានស្នើឱ្យពិនិត្យផងដែរ ចំពោះការលួចដឹកជញ្ជូនមនុស្សសម្រាប់ការធ្វើដំណើរចេញពីរាជធានីភ្នំពេញ តាមរយៈរថយន្តដឹកទំនិញ រថយន្តអ្នកនេះ អ្នកនោះ ឬរថយន្តពេទ្យជាដើម។

ជាថ្មីម្តងទៀត សម្តេចតេជោ បានទទូចដល់ប្រជាពលរដ្ឋគ្រប់រូបរួមគ្នា ក្នុងការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ និងជម្នះការលំបាករបស់ជាតិនាពេលនេះ។ សម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះ «សូមបងប្អូនខិតខំធ្វើឱ្យប្រទេសជាតិរបស់យើងវិលត្រឡប់ទៅក្នុងស្ថានភាពដើមវិញ។ បើមិនដូច្នេះទេ បញ្ហានៅតែបន្តកើតឡើង ដែលនោះគឺជារឿងលំបាកសម្រាប់ប្រទេសជាតិយើងទាំងមូល»។

សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកផងដែរថា ដល់សមត្ថកិច្ចឈរជើងនៅតាមគោលដៅនីមួយៗ ឱ្យប្រយ័ត្នប្រយែងការឆ្លងជំងឺ ជាពិសេសត្រូវអនុវត្តវិធានរក្សាគម្លាត។

នៅយប់ថ្ងៃទី១៤ ខែមេសា រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដោយហាមមិនឱ្យប្រជាពលរដ្ឋចេញពីផ្ទះ ឬកន្លែងស្នាក់នៅនោះឡើយ និងផ្អាកដំណើរការអាជីវកម្មជាច្រើន។ តែត្រូវបានលើកលែងក្នុងសម្រាប់ការធ្វើដំណើរចាំបាច់ ដោយមានការបញ្ជាក់ច្បាស់លាស់ និងអាជីវកម្មចាំបាច់ទាក់ទងស្បៀងអាហារ ក៏ត្រូវបានអនុញ្ញាតផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបិទខ្ទប់នេះ មិនបានធ្វើដើម្បីសម្លាប់ប្រជាពលរដ្ឋនោះទេ ហើយអាជ្ញាធរ ក៏បានត្រៀមជួយដល់ប្រជាពលរដ្ឋក្រីក្រខ្លាំងផងដែរ។ សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «យើងមិនខ្ទប់ ដើម្បីសម្លាប់ប្រជាពលរដ្ឋនោះទេ ហើយអាជ្ញាធរក្រុង ក៏បានត្រៀមដើម្បីរៀបចំធ្វើសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋដែលក្រីក្របំផុត»។

យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា ការធ្វើដំណើរដែលត្រូវបានអនុញ្ញាតនោះរួមមាន៖

* ការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្មក្នុងភូមិសាស្ត្រដែលត្រូវបានៃទខ្ទប់ ដែលមិនមានការហាមឃាត់ដូចបានកំណត់ក្នុងប្រការ៣ និងដោយមានភ្ជាប់ឯកសារបញ្ជាក់អំពីការងារ មុខរបរ ឬអាជីវកម្ម ដែលចេញដោយទីកន្លែងអាជីវកម្មពាក់ព័ន្ធ ឬអាជ្ញាធរដែនដីដែលមាន ទីតាំងនៅជិតបំផុត

* ការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ ប្រចាំថ្ងៃដែលអនុញ្ញាតឱ្យបើកដំណើរការដោយអាជ្ញាធរមានសមត្ថកិច្ច។ ការធ្វើដំណើរក្នុងគោលបំណង នេះ អាចធ្វើឡើងដោយសមាជិកយ៉ាងច្រើន ២ (ពីរ) នាក់ ក្នុងមួយលំនៅឋានឬទីសំណាក់ មិនឱ្យ លើសពី ៣(បី) ដង ក្នុងមួយសប្តាហ៍ និងនៅទីតាំងដែលជិតបំផុតក្នុងរង្វង់ភូមិសាស្រ្តក្រុង ឬខណ្ឌ ដែលខ្លួនរស់នៅ ដោយត្រូវយកតាមខ្លួននូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបណ្ណសម្គាល់ខ្លួន

* ការធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីកន្លែងព្យាបាល ឬឱសថស្ថាន ដោយមូលហេតុ សុខភាពបន្ទាន់ នៅក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់។ ការធ្វើដំណើរដោយមូលហេតុសុខភាព បន្ទាន់នេះ ចេញក្រៅឬចូលក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ អាចធ្វើទៅបានដោយមានការ អនុញ្ញាតពីអាជ្ញាធរដែលអនុវត្តវិធានការបិទខ្ទប់ ដោយកំណត់ចំនួនមនុស្សមិនឱ្យលើសពី ៤ (បួន) នាក់សម្រាប់ករណីនីមួយៗ ប៉ុន្តែត្រូវអនុវត្តដាច់ខាតនូវកាតព្វកិច្ចទាក់ទងនឹងវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ជាពិសេសការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព

* ការធ្វើដំណើរដើម្បីទៅបង្ហាញខ្លួនឱ្យមន្ត្រីសុខាភិបាលធ្វើការយកវត្ថុសំណាកទៅវិភាគរកមេរោគ កូវីដ-១៩ និងដើម្បីទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមកាលកំណត់ និងនៅក្នុង ឬ ចេញក្រៅរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់

* ការធ្វើដំណើរដើម្បីចូលរួមក្នុងសកម្មភាពដែលបម្រើប្រយោជន៍សាធារណៈ ឬគោលបំណងចាំបាច់ ផ្សេងទៀត តាមការស្នើសុំ ឬតាមការកំណត់របស់អាជ្ញាធរសាធារណៈការងារ

* ការធ្វើសកម្មភាពកីឡាជាលក្ខណៈបុគ្គលក្នុងរង្វង់ភូមិសាស្ត្រភូមិដែលខ្លួនរស់នៅ ដោយចៀសវាងការ ជួបជុំមនុស្សលើសពី ២ (ពីរ) នាក់

* ការធ្វើដំណើររបស់មន្ត្រីការទូត មន្ត្រីបុគ្គលិកនៃស្ថានតំណាងបរទេស ទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការហិរញ្ញវត្ថុអន្តរជាតិ អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលបរទេស ដោយមានភ្ជាប់ ជាមួយនូវឯកសារបញ្ជាក់អំពីអត្តសញ្ញាណនិងការងារ

* ការធ្វើដំណើររបស់អ្នកសារព័ត៌មាន ដោយមានភ្ជាប់ជាមួយនូវឯកសារបញ្ជាក់អំពីអត្តសញ្ញាណនិង

* ការធ្វើដំណើរចេញ-ចូលតំបន់បិទខ្ទប់តាមផ្លូវអាកាស ដោយត្រូវគោរពតាមបទប្បញ្ញត្តិ និងវិធានការ សុវត្ថិភាពផ្នែកសុខាភិបាលជាធរមាន និង ការធ្វើដំណើរដោយមូលហេតុចាំបាច់និងបន្ទាន់ផ្សេងទៀត ដោយមានការអនុញ្ញាតជាមុនពីអាជ្ញាធរ មានសមត្ថកិច្ចដែលអនុវត្តវិធានការបិទខ្ទប់។

រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្តិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្រៅ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ដោយឡែកអាជីវកម្ម ដែលត្រូវបានអនុញ្ញាតក្នុងកំលុងពេលនេះរួមមាន៖

* សកម្មភាពការងាររបស់ស្ថាប័នសាធារណៈ និងកងកម្លាំងប្រដាប់អាវុធ ប៉ុន្តែប្រធានស្ថាប័នសាមី ត្រូវកាត់បន្ថយចំនួនអ្នកធ្វើការឱ្យមកនៅត្រឹមកម្រិតអប្បបរមា ដើម្បីធានានិរន្តរភាពការងាររបស់ស្ថាប័ន។ ប្រធានស្ថាប័នអាចសម្រេចផ្អាកការងារដែលមិនចាំបាច់ជាបណ្តោះអាសន្នតាមការជាក់ស្តែង

* រោងចក្រ សហគ្រាស សិប្បកម្ម ឬទីកន្លែងផលិតម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ដោយរួម ទាំងទីសត្តឃាត ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ។

* សកម្មភាពការងារដែលពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ តាមការកំណត់របស់ស្ថាប័ននីមួយៗ ជាអាទិ៍ សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី, ទឹកស្អាត, សេវាប្រមូល និងដឹកជញ្ជូនសំរាម» សំណល់រឹង ជាដើម

* រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលដំណើរការតាមរយៈប្រព័ន្ធអនឡាញ

* ការផ្គត់ផ្គង់ទំនិញដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ជាអាទិ៍ ហាងលក់ទំនិញ ផ្សារលក់ដុំ ផ្សារឬ ទីតាំងលក់ដូរគ្រឿងឧបភោគបរិភោគដែលមាន សណ្តាប់ធ្នាប់ ផ្សារម៉ាត និងភោជនីយដ្ឋាន-អាហារ ដ្ឋានដែលលក់ជាអាហារវេចខ្ចប់, ស្ថានីយប្រេងឥន្ធនៈ ហ្គាស ឬទីតាំងផ្គត់ផ្គង់ទំនិញដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃផ្សេងទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច

* ការផ្គត់ផ្គង់សេវាដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ជាអាទី សេវាសង្គ្រោះបន្ទាន់, សេវាសុខាភិបាល និងឱសថស្ថាន, សេវាប្រៃសណីយ៍-ទូរគមនាគមន៍, សេវាធនាគារ និងហិរញ្ញវត្ថុ និងសេវាដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ប៉ុន្តែត្រូវកាត់បន្ថយចំនួនបុគ្គលិកបម្រើការឱ្យមកនៅត្រឹមកម្រិតអប្បបរមា

* សេវាកម្មសណ្ឋាគារ និងផ្ទះសំណាក់

* សេវាកម្មដឹកជញ្ជូនទំនិញចាំបាច់ដើម្បីបម្រើឱ្យភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់

* សេវាកម្មដឹកជញ្ជូនទំនិញទូទៅចេញ-ចូល ឬឆ្លងកាត់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ដើម្បីបម្រើឱ្យ វិស័យសង្គម សេដ្ឋកិច្ចនៃប្រទេស និង

* សកម្មភាពការងារ មុខរបរ ឬអាជីវកម្មចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមាន សមត្ថកិច្ច។

រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលត្រូវបានអនុញ្ញាតដូចបានរៀបរាប់ខាងលើ បុគ្គលគ្រប់ រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមានការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំង ត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើប្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ ការឆ្លង វាលដាលនៃជំងឺកូវី៨-១៩។

សូមបញ្ជាក់ដែរថា សម្រាប់ការធ្វើដំណើរដែលត្រូវបានអនុញ្ញាត មិនត្រូវធ្វើឡើង នៅចន្លោះពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺឡើយ។ លើកលែងចំពោះការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ មូលហេតុចាំបាច់និងបន្ទាន់ក្នុងគ្រួសារ, ការដឹកជញ្ជូនទំនិញ, ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍ សាធារណៈ, ការធ្វើដំណើរទៅនិងមកពីទីកន្លែងបំពេញការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន ឬទីតាំងអាជីវកម្ម ដែលត្រូវបានលើកលែងឱ្យបើកដំណើរការ ដូចមានចែងក្នុងកថាខណ្ឌខាងក្រោមនេះ និងករណីចាំបាច់ដទៃ ទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕

អត្ថបទទាក់ទង