ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោណែនាំឱ្យក្រសួងសុខាភិបាលរៀបចំផែនការបន្តចាក់វ៉ាក់សាំងកូវីដ-១៩ដល់ក្រុមមុខសញ្ញាអាទិភាព

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 36
សម្តេចតេជោណែនាំឱ្យក្រសួងសុខាភិបាលរៀបចំផែនការបន្តចាក់វ៉ាក់សាំងកូវីដ-១៩ដល់ក្រុមមុខសញ្ញាអាទិភាព សម្តេចតេជោណែនាំឱ្យក្រសួងសុខាភិបាលរៀបចំផែនការបន្តចាក់វ៉ាក់សាំងកូវីដ-១៩ដល់ក្រុមមុខសញ្ញាអាទិភាព

ប្រមុខរាជរដ្ឋាភិបាលណែនាំឱ្យក្រសួងសុខាភិបាលរៀបចំផែនការបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់មុខសញ្ញាដែលត្រូវទទួលជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងតាមរយៈសារសំឡេងមួយកាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ថា ក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ ត្រូវរៀបចំបញ្ជីឈ្មោះ រោងចក្រនៅតំបន់ណាដែលចាក់មុន និងរោងចក្រណាដែលត្រូវចាក់តាមក្រោយ ។បន្ថែមពីនេះទៀត ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវទទួលខុសត្រូវលើមុខសញ្ញាពាក់ព័ន្ធ ជាមួយនឹងកម្មករ កម្មការិនី នៅតាមរោងចក្រ និងកម្មករ កម្មការិនីសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ ដោយគប្បីត្រូវបានទទួលការយកចិត្តទុកដាក់ ដូចអ្នកដែលប្រមូលសំរាមនៅតាមទីក្រុងភ្នំពេញដែរ ។

សម្តេចតេជោបន្តថា ចំពោះក្រសួងអប់រំ យុវជន និងកីឡា ត្រូវរៀបចំឱ្យគ្រូបង្រៀននៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកោះកុង និងខេត្តព្រះសីហនុ ទទួលបានអាទិភាពចាក់វ៉ាក់សំាងកូវីដ-១៩ជាបន្ទាន់ ប៉ុន្តែត្រូវបញ្ជាក់ឱ្យច្បាស់អំពីអ្នកដែលត្រូវទទួលគឺក្រសួងអប់រំត្រូវទទួលគ្រប់គ្រងទៅគ្រូបង្រៀននិងទទួលខុសត្រូវទៅលើ សិស្ស និស្សិតផងដែរ ។

សម្តេចតេជោបានបន្ថែមថា ចំពោះរាជធានី ខេត្ត ត្រូវសហការជាមួយនឹងមូលដ្ឋាន ជាពិសេសផ្សារ អ្នកលក់ដូរ ក៏ដូចជា ផ្នែកតាក់ស៊ី កង់បី និងអ្នកដែលមានអាទិភាព ។ ចំណែកលោកជំទាវ ឱ វណ្ណឌីន ត្រូវច្បាមយកនូវកិច្ចការដែលកំពុងដំណើរការចាក់វ៉ាក់សាំង ដោយត្រូវជំរុញ ឱ្យក្រុមគ្រូពេទ្យទាំងអស់ ទាំងប្តីឬប្រពន្ធ ទទួលបានវ៉ាក់សំាងការពារជំងឺកូវីដ-១៩ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តទៀតថា ចំពោះផ្នែកពន្ធដារ គយ ផ្នែកអគ្គិសនី រដ្ឋករទឹក កម្មករ អ្នកប្រមូលសំរាម ផ្នែកសហជីព បេឡាជាតិសន្តិសុខសង្គម ផ្នែកដោះមីន បានដាក់បញ្ជូលទៅក្នុងផែនការចាក់វ៉ាក់សាំងនេះរួចរាល់ហើយ ។

«វ៉ាក់សាំងដែលនៅសល់ ឆ្ពោះនិងបន្តទៅកន្លែងណាទៀត ហើយនៅពេលដែលវ៉ាក់សាំងនិងមកដល់នាពេលខាងមុខ ដែលក្នុងចំនួនអាចនឹងមកដល់ចំនួន១លាន៥សែនដូស ហើយនឹងអាចលើសពីនេះថែមទៀតនោះ ក៏ត្រូវរៀបចំផែនការឱ្យបានច្បាស់ តម្រង់ទៅទិសណា ហើយកម្លាំងពេទ្យដែលត្រូវចាក់ ត្រូវបណ្តុះបណ្តាលយ៉ាងណា ទីកន្លែងរបៀបណា ត្រូវរៀបចំផែនការមេជាក់លាក់ ដើម្បីដំណើរការឱ្យបានល្អ ។ ខ្ញុំស្នើសុំឯកឧត្តម ម៉ម ប៊ុនហេង លោកជំទាវ ឱ វណ្ណឌីន ធ្វើការភ្លាមទៅលើរឿងនេះ ហើយខ្ញុំសង្ឃឹមថាកិច្ចការងារនេះនឹងដំណើរការបានល្អ ជាមួយនឹងការទទួលខុសត្រូវរបស់គ្រប់ស្ថាប័ន ដែលមានបុគ្គលិករបស់ខ្លួនផង និងមានផ្នែកក្រោមការទទួលខុសត្រូវរបស់ខ្លួនផង ដូចជាក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងស្ថាប័នដទៃទៀតដែលមានផែនក្រោមការទទួលខុសត្រូវរបស់ខ្លួន » ៕

អត្ថបទទាក់ទង