បន្លែសុវត្ថិភាពក្នុងខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រ និងមានតម្រូវការទីផ្សារខ្ពស់
មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ខេត្តមណ្ឌលគិរី ត្រូវបានគេកត់សម្គាល់ថាមានលក្ខណៈភូមិសាស្រ្តអំណោយផលខាងវិស័យកសិកម្ម ដោយសារមានអាកាសធាតុត្រជាក់ ដីមានជីវជាតិយ៉ាងល្អសម្រាប់ដាំដុះដំណាំស្ទើរគ្រប់ប្រភេទ។
ដោយសារកត្តាអំណោយផលពីធម្មជាតិនេះហើយ បានធ្វើឱ្យបន្លែសរីរាង្គដែលកសិករបានដាំនៅខេត្តមណ្ឌលគិរី លូតលាស់ល្អ ព្រមទាំងមានរស់ជាតិឆ្ងាញ់ប្លែកធ្វើឱ្យមានការបញ្ជាទិញយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់មានក្រុមហ៊ុនមកចុះកុងត្រាជាមួយកសិករ ដើម្បីនាំយកមករាជធានីភ្នំពេញ។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានប្រាប់ឱ្យដឹងថា ការដាំបន្លែធម្មជាតិរបស់កសិករក្នុងខេត្តមណ្ឌលគិរី មានការកើនឡើង យ៉ាងច្រើន បន្ទាប់ពីមន្ទីរបានបង្កើតឱ្យមានបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពចំនួន២ នៅក្នុងក្រុងសែនមនោរម្យ និងស្រុកកោះញែក ដែលមានកសិករជាច្រើនគ្រួសារជាសមាជិក។ លោកបន្តថាបច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន២ បានចុះកិច្ចសន្យាបញ្ជាទិញបន្លែសុវត្តិភាពនៅក្នុងខេត្តមណ្ឌលគិរី ដោយទី១ ក្រុមហ៊ុនសហគ្រាសភូមិកសិកម្មធម្មជាតិ និងទី២ ក្រុមហ៊ុនមាសបៃតង។
លោកប្រធានមន្ទីរ បញ្ជាក់ថា ការចុះកិច្ចសន្យាបញ្ជាទិញកសិផលពីកសិករនេះ គឺបានធ្វើឱ្យកសិករទទួលបានផលចំណេញច្រើន ដោយរក្សាបានតម្លៃក្នុងការចរចារ ដាំដុះទៅតាមតម្រូវការរបស់អ្នកបញ្ជាទិញ ដែលធ្វើឱ្យកសិករផលិតមិនសល់ចោលខ្វះទីផ្សារដូចពេលមុនៗឡើយ។
លោក លឿង វ៉ាន់ថន ជាកសិករដាំបន្លែ នៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ បានឱ្យដឹងផងដែរថា បច្នុប្បន្ន លោកមានផ្ទៃដីដាំបន្លែទំហំ៦ហិកតា ដែលអាចទទួលបានទិន្នផល៥០០គីឡូក្រាម ទៅ១តោនជារៀងរាល់ថ្ងៃ តាមការបញ្ជាទិញ ដើម្បីផ្គត់ផ្គង់ក្នុងទីផ្សារនៅខេត្តមណ្ឌលគិរីខ្លះ និងនាំចេញទៅភ្នំពេញខ្លះ។ លោកបន្តថា បន្ទាប់ពីទទួលបានជោគជ័យ លោកនឹងពង្រីកផ្ទៃដីដាំដុះបន្លែបន្ថែមឱ្យគ្រប់ចំនួន១០ហិកតា ដើម្បីបំពេញទៅតាមតម្រូវការរបស់ក្រុមហ៊ុន និងផ្សារទំនើបនានា ដែលបានចុះកុងត្រាទទួលទិញបន្លែពីចម្ការរបស់លោក។
លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា នៅខេត្តមណ្ឌលគិរី វិស័យសាកវប្បកម្មកំពុងមានការទាក់ទាញប្រកបដោយសក្តានុពលផ្នែកសេដ្ឋកិច្ច សម្រាប់ទីផ្សារក្នុង និងក្រៅតំបន់ ជាពិសេស ទីផ្សាររាជធានីភ្នំពេញ មានស្ពៃក្តោប ស្ពៃបូកគោ ដំឡូងបារាំង ខ្ទឹមបារាំង និងការ៉ុត។ ក្នុងនោះ ផ្ទៃដីដាំបន្លែជាទូទៅរបស់កសិករ មានទំហំចាប់ពីកន្លះហិកតា ទៅ៣ហិកតា ហើយចម្ការបន្លែធំជាងគេនៅក្នុងខេត្ត គឺមានទំហំចាប់ពី៦ហិកតាឡើងទៅ៕