ខ្មែរប៉ុស្ដិ៍ Close

វិធីសាស្ត្រចំនួន៦ ដើម្បីសុវត្ថិភាពកូនៗរបស់អ្នក​លើបណ្តាញអ៊ីនធឺណេត!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១ បច្ចេកវិទ្យា 215
វិធីសាស្ត្រចំនួន៦ ដើម្បីសុវត្ថិភាពកូនៗរបស់អ្នក​លើបណ្តាញអ៊ីនធឺណេត! វិធីសាស្ត្រចំនួន៦ ដើម្បីសុវត្ថិភាពកូនៗរបស់អ្នក​លើបណ្តាញអ៊ីនធឺណេត!

ដោយសារភាពសម្បូរបែបនៃបច្ចេកវិទ្យា និងសេវាអ៊ីនធឺណេត បានជម្រុញការប្រើប្រាស់ពាសពេញប្រទេស មិនថាទីប្រជុំជន ឬជនបទ។ លើសពីនេះយើងក៏សង្កេតឃើញថា កុមារតូចៗ និងយុវវ័យ កំពុងតែប្រើប្រាស់ប្រាស់ឧបករណ៍បច្ចេកវិទ្យា (ទូរស័ព្ទ កុំព្យូទ័រ ថេប្លេត។ល។) និងសេវាអ៊ីនធឺណេត យ៉ាងទូលំទូលាយផងដែរ។

ដើម្បីជាទស្សនាទានជូនដល់ពុកម៉ែបងប្អូន ក្នុងការបង្កើនសុវត្ថិភាពជូនកូនៗ ជាទីស្រឡាញ់ ពីហានិភ័យនានាលើបណ្តាញអ៊ីនធឺណេត ក្រុមការងារសូមលើកយកវិធីសាស្ត្រចំនួន៦ ដើម្បីគាំពារកូនៗ ដូចមានរៀបរាប់ជូន ខាងក្រោម៖

១- បញ្ជ្រាបចំណេះដឹងស្តីពីហានិភ័យបច្ចេកវិទ្យានានាដល់កូនៗ តាមរយៈការណែនាំ ឬដំឡើងកម្មវិធីហ្គេមល្បងប្រាជ្ញា ឬកម្មវិធីផ្តល់ចំណេះដឹង លើកជាឧទាហរណ៍អំពីមេរោគកុំព្យូទ័រ ការយាយីលើបណ្តាញអ៊ីធឺណេត និងសុជីវធម៌ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណេត ឬបណ្តាញសង្គមជាដើម។

២- គាំពារព័ត៌មានអត្តសញ្ញាណកូនៗ (ឧទាហរណ៍៖ ឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋានស្នាក់នៅ ទីតាំង ឬលេខទូរស័ព្ទ។ល។) ពីការចែករំលែក ឬបង្ហោះលើបណ្តាញអ៊ីនធឺណេត ពិសេសក្នុងបណ្តាញទំនាក់ទំនងសង្គមជាដើម។

៣- ដំឡើងកម្មវិធីកម្ចាត់មេរោគ កម្មវិធីសុវត្ថិភាព និងធ្វើបច្ចុប្បន្នភាពឧបករណ៍បច្ចេកវិទ្យា ដែលកូនៗកំពុងប្រើប្រាស់ ដើម្បីការពារពីការចម្លងមេរោគ ឬជ្រៀតចូលពីសំណាក់ឧក្រិដ្ឋជនបច្ចេកវិទ្យា។

៤- ណែនាំកូនៗ ឲ្យប្រើប្រាស់លេខសម្ងាត់ពិបាកទាយ ដើម្បីការពារគណនីកម្មវិធីអ៊ីនធឺណេតរបស់ពួកគេ។

៥- ធ្វើការត្រួតពិនិត្យសកម្មភាពលើបណ្តាញអ៊ីនធឺណេតរបស់កូនៗ ជាប្រចាំ (ឧទាហរណ៍៖ សកម្មភាពលើបណ្តាញទំនាក់ទំនងសង្គម សកម្មភាពក្នុងកុំព្យូទ័រ ឬទូរស័ព្ទ ជាដើម)។

៦- ធ្វើការលើកទឹកចិត្ត និងផ្តល់ការប្រឹក្សាដល់កូនៗ នៅពេលដែលពួកគាត់ជួបបញ្ហាផ្សេងៗ លើបណ្តាញអ៊ីនធឺណេត។

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ

អត្ថបទទាក់ទង