អង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា បញ្ជាក់ថា ដំរីខាវ៉ាន់ មិនមែនសម្រាប់បង្កាត់ពូជនោះទេ
អង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា (CWS) ដែលជាអង្គការទទួលខុសត្រូវក្នុងការងារថែរក្សាដំរីខាវ៉ាន់ បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ដំរីខាវ៉ាន់ ដែលត្រូវបានយកមករស់នៅក្នុងប្រទេសកម្ពុជា គឺមិនសម្រាប់ប្រើបង្កាត់ពូជដំរីនោះទេ។
ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាម ដែលថាដំរីខាវ៉ាន់នឹងត្រូវបានប្រើសម្រាប់បង្កាត់ពូជនោះ អង្គការ CWS បានបញ្ជាក់ថា៖ “ពិតជារឿងគួរឱ្យសោកស្តាយ ជាមួយពាក្យចចាមអារាម និងព័ត៌មានមិនត្រឹមត្រូវមួយចំនួនទាក់ទងនឹងដំណើរជីវិតរបស់ខាវ៉ាន់ ដែលកំពុងរស់នៅក្រោមការមើលថែរបស់អង្គការយើងខ្ញុំ។ គេផ្សព្វផ្សាយថាខាវ៉ាន់ នឹងត្រូវបានប្រើដើម្បីបង្កាត់ពូជដោយចេតនាជាមួយដំរីដទៃទៀត។ វាមិនពិតនោះទេ ព្រោះថានោះមិនមែនជាគោលការណ៍របស់អង្គការយើងខ្ញុំទេ។ ពួកយើងមិនចាប់អារម្មណ៍ក្នុងការបង្កាត់ពូជសត្វនោះទេ ប៉ុន្តែផ្ទុយទៅវិញគឺដើម្បីជួយសង្គ្រោះពួកគេឱ្យរួចផុតពីទុក្ខវេទនា និងផ្តល់ផ្ទះ សម្រាប់ពួកគេ ដើម្បីរីករាយនឹងការរស់នៅក្នុងធម្មជាតិដោយគ្មានការភ័យខ្លាច និងគ្រោះថ្នាក់។ សម្រាប់ដំរីខាវ៉ាន់ យើងមានកិត្តិយសដែលបានចូលរួមក្នុងការជួយសង្គ្រោះវា និងអាចផ្តល់នូវផ្ទះពិតមួយសម្រាប់វា ព្រោះថា ខាវ៉ាន់បានឆ្លងកាត់សោកនាដកម្ម និងទុក្ខសោកជាច្រើនឆ្នាំមកហើយនៅក្នុងជីវិតរបស់វា។ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីនាំមកនូវភាពរីករាយមកឱ្យខាវ៉ាន់វិញ”។
អង្គការ CWS បានបញ្ជាក់ពីគោលបំណងសំខាន់របស់ខ្លួន គឺដើម្បីអភិរក្សសត្វព្រៃ ការពារជំរកសត្វព្រៃ និងធនធានធម្មជាតិ ហើយរីករាយនឹងការសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីចូលរួមក្នុងការធ្វើឱ្យមានភាពល្អប្រសើរ ក្នុងការថែរក្សាកត្តាទាំងនេះនៅក្នុងប្រទេសកម្ពុជា។ ដោយឡែកអង្គការក៏បានគាំទ្រសហគមន៍មូលដ្ឋាន តាមរយៈវិធីសាស្ត្រ និងគម្រោងជាច្រើន ដូចជាការសាងសង់សាលារៀនសម្រាប់កុមារក្នុងតំបន់ និងមន្ទីរពេទ្យសម្រាប់សហគមន៍។
អង្គកា រCWS ក៏បានបញ្ជាក់ផងដែរថា អង្គការខ្លួនមិនទទួលបានមូលនិធិណាមួយពីស្ថាប័នរដ្ឋាភិបាលណាមួយឡើយ ដោយអង្គការទទួលការគាំទ្រស្ទើរតែទាំងស្រុងពីមូលនិធិសង្គ្រោះសត្វដំរីនៃប្រទេសថៃប៉ុណ្ណោះ ហើយការងាររបស់អង្គការគឺធ្វើតាមច្បាប់ផ្ទាល់ខ្លួន ដោយមិនមានក្រុមខាងក្រៅណា អាចកេងចំណេញ ពីសត្វព្រៃក្រោមការទទួលខុសត្រូវរបស់ CWS បានឡើយ។ ប៉ុន្តែខាវ៉ាន់ ត្រូវប្រើពេលវេលាយូរបន្ថែមទៀត ដើម្បីឱ្យវារឹងមាំឡើងវិញ ហើយអង្គការ CWS ជឿជាក់ថា ខាវ៉ាន់នឹងលែងត្រូវបានកេងប្រវ័ញ្ចដោយនរណាម្នាក់តាមរបៀបណាក៏ដោយ ខាវ៉ាន់នឹងមានសុវត្ថិភាព និងមានសេរីភាព នៅកន្លែងដែលវាកំពុងរស់នៅពេលនេះ។
គួររម្លឹកថា ខាវ៉ាន់ត្រូវបានស្គាល់ជាទូទៅថា ជាដំរីឯកោបំផុតនៅក្នុងពិភពលោក ហើយដែលត្រូវបានជួយសង្គ្រោះ និងយកមករស់នៅក្នុងព្រៃធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមការសាទរពីគ្រប់មជ្ឈដ្ឋាន។ ការរស់នៅបន្សាំក្រោមការគ្រប់គ្រងរបស់អង្គការគឺរហូតដល់ពេលដែលខាវ៉ាន់អាចសម្របខ្លួននឹងបរិស្ថានជុំវិញសិន ហើយនឹងត្រូវបានព្រលែងឱ្យរស់នៅក្នុងព្រៃធម្មជាតិ នៃដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្នុងទំហំផ្ទៃដីប្រមាណ ៤ ៣៥០ហិកតា។
គួរបញ្ជាក់ផងដែរថា មានដំរីញីចំនួន ០៣ក្បាល ដែលមានឈ្មោះថា Dipoh Arun Reah និង Sarai Mia ត្រូវបានដាក់ឱ្យរស់នៅសម្រាប់ការប្រាស្រ័យទាក់ទងជាមួយនឹងខាវ៉ាន់ ព្រោះថាដំរីចូលចិត្តរស់នៅជាហ្វូង ប៉ុន្តែមិនមែនសម្រាប់បង្កាត់ពូជដំរីនោះទេ។
តាមការប៉ាន់ស្មានដ៏ជាក់លាក់ ដំរីអាស៊ី នៅព្រះរាជាណាចក្រកម្ពុជា មានចន្លោះពី ៤០០ ទៅ ៦០០ក្បាល ដែលកំពុងមានវត្តមាននៅតំបន់អភិរក្សនានា ជាពិសេសគឺនៅតំបន់ជួរភ្នំក្រវ៉ាញ និងនៅភាគឦសាន (ខេត្តមណ្ឌលគិរី និងរតនគិរី)៕