ខ្មែរប៉ុស្ដិ៍ Close

ព្រះមហាក្សត្រ ផ្ញើព្រះរាជសារជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្តែងព្រះទ័យរីករាយចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្ត «តំណក់ប្រេងលើកដំបូង» របស់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 40
ព្រះមហាក្សត្រ ផ្ញើព្រះរាជសារជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្តែងព្រះទ័យរីករាយចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្ត «តំណក់ប្រេងលើកដំបូង» របស់កម្ពុជា ព្រះមហាក្សត្រ ផ្ញើព្រះរាជសារជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្តែងព្រះទ័យរីករាយចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្ត «តំណក់ប្រេងលើកដំបូង» របស់កម្ពុជា

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ញើព្រះរាជសារជូន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្តែងព្រះទ័យរីករាយ និងអបអរចំពោះ សមិទ្ធផលជាប្រវត្តិសាស្រ្ត «តំណក់ប្រេងលើកដំបូង» របស់កម្ពុជា ដែលកម្ពុជាទទួលបានចំថ្ងៃខួប២២ឆ្នាំ នៃការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ។

ក្នុងព្រះរាជសារ ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលថា៖ «ខ្ញុំមានសេចក្ដីសោមនស្សរីករាយ សូមចូលរួមអបអរសាទរសមិទ្ធផលបើកទំព័រប្រវត្តិសាស្ត្រថ្មី ដែលព្រះរាជាណាចក្រកម្ពុជា ទទួលបានតំណក់ប្រេងលើកដំបូង ស្របពេលថ្ងៃខួបអនុស្សាវរីយ៍លើកទី២២ នៃការអនុវត្តដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសន្តិភាព ពេញបរិបូរណ៍ និងឯកភាពជាតិដ៏ពេញលេញ»។

ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង ទ្រង់បានចាត់ទុកថា ការទទួលបានតំណក់ប្រេងលើកដំបូងនេះ ជាការចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រថ្មី សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យឧស្សាហកម្មប្រេងកាត ដែលជាសក្តានុពលមួយ នាំឱ្យព្រះរាជាណាចក្រកម្ពុជាកាន់តែរីកចម្រើន និងជឿនលឿនជាបន្តទៀត។

ព្រះអង្គបានកោតសរសើរដ៏កក់ក្តៅចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិ ប្រកបដោយគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៏ដ៏ឆ្នើម ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិ រីកចម្រើនលើគ្រប់វិស័យ។

ព្រះអង្គបានថ្វាយព្រះពរ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង ក្រុមគ្រួសារ ឱ្យទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ ។

សូមបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ បានប្រកាសថា កម្ពុជាបានចាប់ផ្តើមទទួលតំណក់ប្រេងលើកដំបូងរបស់ខ្លួនហើយ ស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ។ ការដែលកំណត់យកថ្ងៃទី២៩ ខែធ្ន ឆ្នាំ២០២០ ចំថ្ងៃខួបលើកទី២២ ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ដោយសារតែបើមិនការបញ្ចប់សង្គ្រាម នាំមកនូវការឯកភាពជាតិទេនោះ គឺគ្មានទេនូវព្រឹត្តិការណ៍តំណក់ប្រេងលើកដំបូង លើកទឹកដីអង្គររបស់យើង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ទម្រាំទទួលសមិទ្ធផល នៃដំណក់ប្រេងលើកដំបូងនៅពេលនេះ កម្ពុជាបានរង់ចាំរយៈពេល៣០ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ១៩៩០មកម្ល៉េះ ដែលក្រុមហ៊ុនឈ្នះការដេញថ្លៃ រុកប្រេងនៅប្លុក A ជាក្រុមហ៊ុនមួយរបស់អង់គ្លេស ប៉ុន្តែក្រុមហ៊ុនរុករកមិនឃើញក៏ដូចខ្លួនចេញ។

លោកនាយករដ្ឋមន្រ្តីបន្តថា បន្ទាប់ពីក្រុមហ៊ុនរបស់អង់គ្លេសដកខ្លួនចេញ ក្រុមហ៊ុនថ្មី គឺក្រុមហ៊ុន Chevron របស់អាមេរិក និងក្រុមហ៊ុនដែលជាដៃគូផ្សេងទៀត ក៏ចូលរុកបន្តក៏បានរកឃើញកំណប់ប្រេងក្នុងដែនសមុទ្រកម្ពុជា និងបន្តបន្ទាប់មកទៀតធ្លាក់ដល់ក្រុមហ៊ុន KrisEnergy នៅពេលនេះ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ៗថា តំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារ ដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ៕

ខាងក្រោមនេះជាព្រះរាជសាររបស់ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង៖

អត្ថបទទាក់ទង