ខ្មែរប៉ុស្ដិ៍ Close

ព្រឹទ្ធសភា ឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្តីពីពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា និងវៀតណាម

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 41
ព្រឹទ្ធសភា ឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្តីពីពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា និងវៀតណាម ព្រឹទ្ធសភា ឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្តីពីពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា និងវៀតណាម

ភ្នំពេញ៖ព្រឹទ្ធសភាកម្ពុជា បានឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្តីពីពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាង កម្ពុជា និង វៀតណាម ដើម្បីបើកផ្លូវឱ្យរាជរដ្ឋាភិបាលយកច្បាប់នេះ ទៅកំណត់ព្រំដែនរវាងប្រទេសទាំងពីរឱ្យបាន ច្បាស់លាស់ ។ ក្រោយបញ្ចប់កិច្ចប្រជុំព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤នាថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តម ម៉ម ប៊ុននាង សមាជិកអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ ថា អង្គប្រជុំព្រឹទ្ធសភាបានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះបន្ទាប់ពីឆ្លងកាត់ការពិនិត្យ និងឱ្យយោបល់ក្នុងចំណោម សមាជិកចំនួន៥២រូប។

ឯកឧត្ដមបានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ គឺជាឯកសារគ្រឹះរឹងមាំក្នុងការការពារបូរណភាពទឹកដីកម្ពុជា ដោយកំណត់ ខ្សែព្រំដែនមិនកែប្រែរឹងមាំយូរអង្វែង សម្រាប់កូនខ្មែរជំនាន់ក្រោយនិងបង្កើនទំនាក់ទំនងអ្នកជិតខាងល្អ ថែរក្សាបាននូវព្រំដែន សន្ដិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍរវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្ដីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានមាន ប្រសាសន៍ថា ការរៀបចំច្បាប់នេះគឺជាជោគជ័យនៃការអនុវត្តជាក់ស្ដែងនូវនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងទទួលខុសត្រូវចំពោះប្រវត្តិសាស្រ្ដ ប្រទេសជាតិកម្ពុជា ស្របតាមមាត្រា៥២ ជំពូកទី៤ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថាព្រឹទ្ធសភា នៅថ្ងៃដដែលនេះ ក៏បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន៤ទៀត មានដូចជា៖សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ ។ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាង រដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ អនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយរវាង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា និង សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន៕​

អត្ថបទទាក់ទង