ខ្មែរប៉ុស្ដិ៍ Close

ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជុំទី៣ ត្រូវបានបញ្ចប់ !

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 58

(FN): លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានអោយដឹង នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះថា ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជុំទី៣ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៦-០៨ ខែតុលា ឆ្នាំ២០២០បានបញ្ចប់ហើយ។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា លទ្ធផលសំខាន់ៗនៃការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជម្មសេរីកម្ពុជា-កូរ៉េ ជុំទី៣នេះ បានផ្ដោតទៅលើ៖

  • (១) ការបើកច្រកទីផ្សារ និង
  • (២) អត្ថបទកិច្ចព្រមព្រៀងទាំងមូល ដែលគ្របដណ្ដប់លើជំពូក ស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្មផ្នែកទំនិញ, វិធានប្រភពដើមទំនិញ, វិធានជាក់លាក់សម្រាប់ផលិតផល, បែបបទគយ និងកិច្ចសម្រួលពាណិជ្ជកម្ម និងបញ្ហាច្បាប់ និងស្ថាប័ន។

លោករដ្ឋលេខាធិការបានបញ្ជាក់ទៀតថា ការចរចាលើជំពូកនីមួយៗ បានទទួលលទ្ធផលផ្សេងៗគ្នា ពោលគឺបានឯកភាពគ្នាចំនួន៧១ មាត្រា លើមាត្រាសរុបចំនួន ១៣៥ មាត្រា, ក្នុងនោះជំពូក ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិធានជាក់លាក់សម្រាប់ផលិតផល ត្រូវបានបញ្ចប់ទាំងស្រុង។

ភាគីទាំងពីរ នឹងបន្តចរចាលើជំពូកដែលនៅមិនទាន់ឯកភាពគ្នា ដើម្បីឲ្យអត្ថបទកិច្ចព្រមព្រៀងទាំងមូលបានបញ្ចប់ទាំងស្រុង នៅដំណាច់ឆ្នាំ២០២០ តាមការគ្រោងទុក។

សូមបញ្ជាក់ថា រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េ បានប្រកាសបើកការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ហើយក្រុមការងារនៃប្រទេសទាំងពីរ បានបញ្ចប់ការចរចាចំនួន ៣ ជុំមកហើយ។ ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ មានសន្ទះរីកចម្រើនគួរឲ្យកត់សំគាល់ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។

ក្រុមការងារនៃប្រទេសទាំង២ បានកំណត់យករយៈពេល១ខែម្តង សម្រាប់ធ្វើការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ដោយជុំទី៤ នឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះ៕

អត្ថបទទាក់ទង